ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ា សេរី បន្សល់គុណធំមួយដល់ សុគន្ធ និសា

មរណភាពរបស់ម៉ា សេរី អ្នកអត្ថាធិប្បាយកីឡា និងជាអ្នកផលិតកម្មវិធីកីឡាល្បីឈ្មោះ បានធ្វើអោយមានការរំជើបរំជើបយ៉ាងខ្លាំងក្នុងស្រទាប់មហាជន។ ជាមួយនឹងមរណភាពរបស់លោកនៅព្រឹកថ្ងៃទី៨ កុម្ភៈនេះ មានការទម្លាយថាតារាចម្រៀងល្បីល្បាញនាង សុគន្ធ និសា បានជំពាក់គុណរបស់លោកធំមួយសម្រាប់ជីវិតសិល្បៈរបស់នាង។

លោកសុខ ជំនោ អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងល្បីឈ្មោះបានថ្លែងប្រាប់ផុសញូ(Post News)ថា លោកម៉ា សេរី គឺជាអ្នកដែលជួយអោយជីវិតសិល្បៈរបស់សុគន្ធ និសា រស់ឡើងជាលើកដំបូងបំផុតកាលពីអំឡុងឆ្នាំ២០០៣ នៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ។
លោកថានៅក្នុងឆ្នាំនោះ លោកម៉ា សេរី គឺជាបុគ្គលិកប្រចាំនៅប៉ុស្ដិ៍លេខ៥ ហើយដោយប៉ុស្ដិ៍លេខ៥ត្រូវការបទចម្រៀងដើម្បីចាក់ក្នុងខ្សែភាពយន្តទើបបានសហការជាមួយផលិតកម្មរស្មីស្ទឹងសង្កែ។

លោកថាលោកម៉ា សេរីចេះថៃស្ទាត់ជំនាញ ហើយដោយខាងប៉ុស្ដិ៍លេខ៥ ត្រូវការបទបកប្រែពីថៃសម្រាប់ដាក់ក្នុងខ្សែភាពយន្ត ទើបលោកម៉ា សេរី ត្រូវបានផលិតកម្មអោយជួយតែងនិពន្ធបទចម្រៀង អោយត្រូវខ្សែភាពយន្តនោះ។
លោកបានបកប្រែបទចម្រៀងថៃ ហើយនិពន្ធតាមបែបតម្រូវនឹងជីវិតរបស់សុគន្ធ និសា យ៉ាងច្រើន ដោយបទដំបូងរបស់សុគន្ធ និសា គឺជាស្នាដៃរបស់លោកម៉ា សេរី ហើយបទនោះផ្ទុះខ្លាំងតែម្ដង។

លោកនិយាយថា«កាលហ្នឹងខ្ញុំអត់ទាន់ស្គាល់និសាទេ ហើយខាងផលិតកម្មអោយខ្ញុំទៅមើលអ្នកចម្រៀងថ្មីច្រៀង គឺនិសាច្រៀងបទលោកម៉ា សេរី បទ«អរគុណភាពក្រ»ហ្នឹង ហើយល្បីពេលចេញផ្សាយតែម្ដង១»
លោកថាសុគន្ធ និសា ត្រូវបានគេស្គាល់មុនគេជាមួយនឹងបទបើកឆាកនោះ ដោយក្រៅពីចាក់ផ្សាយក្នុងខ្សែភាពយន្តរបស់ប៉ុស្ដិ៍លេខ៥នាពេលនោះ ក៏ល្បីល្បាញនៅក្នុងវិទ្យុ៩៨ និងបណ្ដាវិទ្យុផ្សេងទៀតតែម្ដង។

លោកសុខ ជំនោ បញ្ជាក់ថាលោកម៉ា សេរី ពេញចិត្តទឹកដមសំលេងរបស់សុគន្ធ និសា ទើបក្រោយពីធ្វើបទ«អរគុណភាពក្រ»អោយនាងច្រៀងផ្ទុះហើយ ក៏និពន្ធបទអោយច្រើនទៀត ដោយបទទាំងនោះភាគច្រើនគេស្គាល់។

ក្រៅពីជួយអោយជីវិតរបស់ សុគន្ធ និសា មានការចាប់អារម្មណ៍ លោកថាលោកម៉ា សេរី ក៏និពន្ធបទអោយលោក ឈឿន ឧត្តម ជិន សេរីយ៉ា និងតារាចម្រៀងច្រើនទៀតនៅផលិតកម្មរស្មីស្ទឹងសង្កែ។ លោកថាបទរបស់ឈឿន ឧត្តម រួមមាន បទ«រនោចខែប្រាំង» «ទឹកភ្នែកជនពាល» និងបទជាច្រើនទៀត៕


ទស្សនា​បទចម្រៀង អរគុណភាពក្រ៖

មតិយោបល់