ព័ត៌មានសិល្បៈ និងកម្សាន្ត

មាន សូនីតា ថាគ្មានបង្អែកជួយលុយបើកហាងម៉ឺនដុល្លារ

ធៀបនឹងតារាល្បីឈ្មោះលំដាប់ប្រទេស តារាសម្ដែងនាងមាន សូនីតា ទើបតែមានហាងជាទ្រង់ទ្រាយមធ្យមមួយពាក់ព័ន្ធនឹងអាជីវកម្មកែច្នៃក្រមាជារបស់ខ្លួនប៉ុណ្ណោះ បន្ទាប់ពីនាងក្លាយជារាជនីក្រមានៅលើហ្វេសប៊ុកប្រមាណជា៣ឆ្នាំមកហើយ។ យ៉ាងណាមិញតារាស្រីរូបនេះ បានអះអាងថាហាងថានាងមិនចំណាយដល់ខ្ទង់ម៉ឺនដុល្លារប្រាកដមែន ប៉ុន្តែជាញើសឈាម ដែលមិនខ្វល់រឿងមានអ្នកណាជាបង្អែកនាំអោយនាងខូចឈ្មោះ។

ក្នុងពិធីសម្ពោធហាង«ផ្ទះស្រឡាញ់»នៅម្ដុំផ្លូវប៉ាស្ទ័រជិតហាងBrown ម្ដុំបឹងកេងកង ផ្គួបនឹងខួបកំណើតគម្រប់២៧ឆ្នាំ កាលពីយប់ថ្ងៃទី១០ កុម្ភៈ គេឃើញពិធីរបស់នាងមិនសូវធ្វើឡើងធំដុំប៉ុន្មានទេ បើទោះតារាល្បីៗដូចជាឱក សុគន្ធកញ្ញា និងតារាសម្ដែងចាន់ ស្រីរ័ត្ន ជាដើមបង្ហាញខ្លួន។ ក្នុងនោះហារបស់នាងក៏មិនធំដុំសមនឹងកេរ្តិ៍ឈ្មោះរបស់នាងនោះដែរ ខណៈដែលនាងបានសារភាពថាដើមទុនក្នុងអាជីវកម្មនោះក៏មិនដល់ម៉ឺនដុល្លារ និងត្រឹមតែរង្វង់ប៉ុន្មានពាន។

យ៉ាងណាមិញ នាងថានេះជាលុយញើសឈាម ដោយនាងប្រកាសថាមិនមានបង្អែកពីណាមកឡុកឡាក់នាំអោយនាងខូចឈ្មោះនោះផង។ មាន សូនីតា បន្តថាហាងផ្ទះស្រឡាញ់របស់នាងមានលក់គ្រប់ប្រភេទទំនិញច្នៃពីក្រមា ដូចជាសំលៀកបំពាក់ បន្តោងសោ កាបូប និងមួកជាដើម។

ក្នុងនោះក៏មានតាំងម៉ូដសំលៀកបំពាក់ពីក្រមាច្រើនឈុតសម្រាប់តម្រូវការភ្ញៀវផងដែរ។ នាងក្រមាដែលយកមកច្នៃមិនមែនកែច្នៃត្រឹមតែសំលៀកបំពាក់នារីប៉ុណ្ណោះទេ ប៉ុន្តែក៏មានឈុតបុរសផងដែរ ខណៈដែលសាច់ក្រណាត់ក្រមាក៏ត្រូវបានត្បាញដោយក្រុមសហគមន៍នៅតាកែវ ហើយមានក្រឡាប្លែកស្ទើរមើលមិនដឹងថាជាក្រមាខ្មែរ។ នាងថាហាងនេះត្រូវបានរៀបចំដោយការតាំងចិត្ត ហើយបើទោះមិនចាយទុនដល់ម៉ឹនដុល្លារ តែក៏ជាកម្លាំងញើសឈាមដែលនាងពេញចិត្ត។ ក្នុងនោះសូម្បីតែពិធីដល់២ផ្គួបគ្នាកាលពីយប់ថ្ងៃ១០ កុម្ភៈនោះ ក៏មិនរៀបចំធំដុំនោះដែរ ដោយនាងបញ្ជាក់មិនចង់ខ្ជះខ្ជាយលុយកាក់ព្រោះតែគ្មានអ្នកផ្ដល់ជំនួយ។ យ៉ាងណាមិញ គេនៅតែមិនទាន់ជឿថា នារីស្រស់ស្អាតដូចនាងមិនទាន់មានអ្នកគ្រងបេះដូងនោះទេ៕

មតិយោបល់