ព័ត៌មានសិល្បៈ និងកម្សាន្ត

តបការរិះគន់ ឆ័យលី ដាឡែន និង ប្អូនស្រី រួមគ្នាបកស្រាយ

ប៉ុន្មានថ្ងៃមុន ភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅជិតស្តុបរោងកុនលុច្ស យីហោអយស្ទ័រ ត្រូវបានគេបង្ហោះរិះគន់យ៉ាងខ្លាំងថា បានបង្កអោយខូចសណ្ដាប់ធ្នាប់ទីក្រុង ដោយសារតែចាក់បង្ហៀរកាកសំណល់ និងក្លិនស្អុយឆ្អាបមកលើថ្នល់ ហើយខ្វះអនាម័យនៅលើដងផ្លូវ។ ហាងដែលត្រូវគេដឹងថា ជារបស់សាច់ញាតិតារាចម្រៀងឆ័យលី ដាឡែន នេះ ក្រោយការបង្ហោះតែប៉ុន្មាននាទី ក៏មានបណ្ដាញសារព័ត៌មានមួយចំនួនចុះផ្សាយ ដែលតម្រូវអោយអ្នកនាង និង ម្ចាស់ហាងជាប្អូនស្រី មិនអាចនៅស្ងៀម។

អ្នកនាង ឆ័យលី ដាឡែន បានច្រានចោលជុំវិញព័ត៌មាន ដែលបានអះអាងថា ហាងអយស័្ទររបស់ប្អូនស្រីបំពុលបរិស្ថាន រំខានដល់ការធ្វើដំណើរ ដោយអ្នកនាងបញ្ជាក់ថា គឺការយល់ច្រទ្បំ។ អ្នកនាង ឆ័យលី ដាឡែន និយាយថា ទីតាំងហាងប្អូនស្រីរបស់នាង បើករកសុីច្រើនឆ្នាំមកហើយ ដោយទទួលបានការរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ក្លាយជាហាងធំដុំលក់គ្រឿងសមុទ្រ។ បើសិនជានិយាយពីរឿងអនាម័យវិញ គឺកាន់តែប្រយ័ត្នបំផុត រាល់យប់គឺអោយបុគ្គលិក បោសសម្អាតវិចខ្ចប់ កម្ទេចកាកសំណល់គ្រឿងសមុទ្រផ្សេងៗ បិទបាំងត្រឹមត្រូវមានរបៀប។ អ្នកនាងថាមានរូបថតវិចខ្ចប់ទុក ហើយហាងនេះ ទំរាំរើបោសសម្អាត លាងដោយសាប៊ូដល់ម៉ោងក្បែរៗភ្លឺ ជួនកាលជួបឡានសំរាមមកប្រមូលក៏មាន។ អ្នកនាងថា រូបភាពដែលបានបង្ហោះ គឺដោយសារតែហាងគរសំរាមទុកមួយដុំអោយឡានប្រមូលមកយក ហើយឡានក៏ជ្រុះធ្លាក់សំរាម រាយប៉ាយនៅខាងមុខហាងប៉ុណ្ណោះ មិនមែនហាងមួយនេះ សុខចិត្តអោយសំរាមនៅរាយមុខហាងខ្លួនឯង ដែលជាកន្លែងរកស៊ីនោះទេ។ នាងបន្តថារូបភាព ដែលបានរិះគន់ គឺជាជ្រុងមួយ មុនពេលខាងហាងមិនទាន់សម្អាត និងជាការមួលបង្កាច់ កើតចេញពីការរកសុីកាច់កុងគ្នាច្រើនជាង។ នាងរំពឹងថា មហាជនដែលបានចែកចាយ ឬ ស៊ែរព័ត៌មានមិនពិត នឹងអាចពិចារណាហើយ អាចអស់ចម្ងល់ខ្លះហើយ ស្តីពីបញ្ហាខាងលើ។

អ្នកនាងលី ទីភស្ត័ ម្ចាស់ហាង អយស្ទ័រហោស៏ បកស្រាយដែរថា ព័ត៌មាននដែលបានបង្ហោះ គឺផ្ទុយស្រលះពីគោលការហាង ដែលបានដំណើរការ ៨ឆ្នាំកន្លងមក។ អ្នកនាងថា នោះគ្រាន់តែជាជ្រុងមួយ ក្នុងពេលឡានសំរាម ធ្វើអោយធ្លាក់សំរាមរាយប៉ាយ ស្របគ្នាដែលខាងបុគ្គលិកហាង ក៏មិនទាន់មកសំអាត តែប៉ុណ្ណោះ។ អ្នកនាងថា ថ្ងៃនោះឡានសំរាមមកយកនៅម៉ោង ៩ព្រឹក ដោយជាធម្មតាឡានសំរាម មកយកនៅម៉ោង២យប់ជារៀងរាល់ថ្ងៃ ឃើញសំរាមនៅគរខុសប្រក្រតី និងធ្លាក់រាយ នៅពេលមកសម្អាតមិនទាន់។ ចំពោះទឹកស្អុយ ដែលកំពប់នៅមុខហាង អ្នកនាងក៏អះអាងថា ដោយសារឡានសំរាមបង្ហូរទឹកស្អុយចូលក្នុងលូ នៅក្នុងពេលនោះដែរ ដោយសារតែនៅទីនោះមានលូធំ ដែលឡានសំរាម តែងតែបង្ហូរចូល។ ដោយឡែករូបភាពរិះគន់ទៀតសោត គឺថតតែមួយជ្រុងនៃការប្រមូលសំរាមរញ៉េរញ៉ៃ គាត់មិនថតនៅពេល យេីងចុះលាងសម្អាត និងយកធុងទុកដាក់ត្រឹមត្រូវនោះទេ នាងខ្ញុំសូមសំណូមពរជូនអ្នកសារព័តមានអំពីបញ្ហានេះ ប្រសិនបេីមានករណីដូចខាងលេី៕

មតិយោបល់