ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាថៃល្បីមកច្រៀងលក់សំបុត្រនៅកម្ពុជា រំពឹងកក្រើកកោះពេជ្រ

មកទល់ពេលនេះគេកត់សម្គាល់ថាក្រុមការងាររបស់ទូរទស្សន៍PNN និងអ្នករៀបចំការប្រគំតន្ត្រីរបស់កំពូលតារាសម្តែងដ៏ល្បីរបស់ថៃ គឺលោក ជេមស៍ជីរ៉ាយុ James Jirayu កាន់តែដុតដៃដុតជើងក្នុងគម្រោងផ្សព្វផ្សាយ និងលក់សំបុត្រដើម្បីបំផុសព្រឹត្តិការណ៍ខ្លាំងឡើង ក្នុងពេលការប្រគំតន្ត្រីខិតជិតដល់។ ការប្រគំតន្ត្រីលក់សំបុត្រជាលើកដំបូងរបស់តារាថៃនេះ ប្រកាសធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ខាងមុខ ដោយមានការរំពឹងខ្លាំងថាពិតជាកក្រើកកោះពេជ្ររបស់កម្ពុជានាថ្ងៃនោះ។

យោងតាមការប្រកាស ដំណើរមកដល់របស់តារាសម្តែងថៃលោក James Jirayu គឺជាលើកទី២ បន្ទាប់ពីខាងPNN ក៏បានអញ្ជើញលោកអោយមកដល់កម្ពុជាម្ដងហើយ ក្នុងយុទ្ធនាកការផ្សព្វផ្សាយភាពយន្តដែលលោកសម្ដែងនៅPNN។ ដំណើរលើកនេះ ស្ថិតក្នុងយុទ្ធនាការប្រគំតន្រ្តីមួយដែលមានឈ្មោះថា James Ji 2017 ASEAN Tour Fan Meeting Phnom Penh នៅសាលមហោស្រពកោះពេជ្រ។ ក្រោយបញ្ចប់គម្រោងនេះ លោកនឹងចេញទៅជួបអ្នកគាំទ្របែបនេះនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ានបន្តទៀត ទើបដំណើរចុះមកជួបអ្នកគាំទ្ររបស់លោក ត្រូវបានអ្នកគាំទ្ររំជើបរំជួល។ នៅលើហ្វេសប៊ុក ឃើញមានការជជែកពីការព្រឹត្តិការណ៍មកដល់របស់លោកយ៉ាងច្រើនក្នុងប៉ុន្មានថ្ងៃដែលការប្រគំតន្ត្រីកាន់តែខិតជិតដល់។ បើទោះជាតម្លៃត្រូវគេប្រកាសថាមានតម្លៃចាប់ពី៧ រហូតដល់១០ដុល្លារ ក៏ទីតាំងលក់សំបុត្រដែលត្រូវឃើញនៅសណ្ឋាគារភ្នំពេញជិតមន្ទីរពេទ្យកាល់ម៉ែត្រ និង អគារ LYP Group នៅបណ្ដោយផ្លូវម៉ៅ សេទុង ត្រូវគេឃើញមានអ្នកចោមរោមកក់សំបុត្រតាំងពីថ្ងៃទី៨ កុម្ភៈ។ វេទិកានេះមានការបញ្ជាក់ថានឹងរៀបចំសាលប្រគំតន្ត្រីកោះពេជ្រ អោយមានលក្ខណៈអស្ចារ្យ ដើម្បីរំលេចវត្តមានមកដល់ និងការសម្ដែងច្រៀងរាំរបស់លោកអោយមានភាពទាក់ទាញនៅថ្ងៃទី២៥ កុម្ភៈ។ អ៊ីចឹងហើយទើបវត្តមានរបស់លោកជាលើកទី២នេះ ត្រូវគេរំពឹងថានឹងផ្អើលកោះពេជ្រ ដោយសារតែលោកក៏ត្រូវបងប្អូនខ្មែរស្គាល់កាន់តែច្បាស់តាមរយៈរឿង«សុភាពបុរសភុតធិផាត់»ដែលកំពុងបញ្ចាំងនៅទូរទស្សន៍ភីអិនអិនស្រាប់។

ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបន្តអញ្ជើញតារាល្បីៗរបស់ TV3 និង TVB មកសម្តែងនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅកាន់ប្រិយមិត្ត និងអ្នកគាំទ្ររាប់លាននាក់៕

មតិយោបល់