ព័ត៌មានសុខភាព

រឿងគួរឲ្យខ្មាស់៧ចំណុច របស់ស្ត្រីមានផ្ទៃពោះ

នៅពេលមានផ្ទៃពោះ ស្ត្រីតែងតែកើតមានអាការៈមិនស្រួលខ្លួន ឬចង់ក្អួតចង្អោរ ជារៀងរាល់ព្រឹក។ ប៉ុន្តែ ក្នុងអំឡុងពេលនេះនៅមានរឿងគួរឲ្យខ្មាស់អៀនជាច្រើនទៀត ដែលស្ត្រីមានផ្ទៃពោះត្រូវជួបប្រទះ តែពួកគេមិនចង់ឲ្យអ្នកណាដឹងឡើយ។

១.កើតមុន
នៅពេលមានផ្ទៃពោះ ស្ត្រីនឹងកើតមុនកាន់តែច្រើនឡើង ដោយសារតែមិនអាចគ្រប់គ្រងអ័រម៉ូននៅក្នុងខ្លួនបាន។ ប៉ុន្តែ អ្នកមិនត្រូវធ្វើការព្យាបាលផ្តេសផ្តាសនោះទេ ដើម្បីសុវត្ថិភាពគួរតែពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញផ្នែករោគស្ត្រី ដើម្បីរកវិធីដោះស្រាយ។

២.លេចនោមពេលកណ្តាស
ការកណ្តាស់ ឬក្អក ប្លោកនោមនឹងទទួលរងនូវសម្ពាធកាន់តែខ្លាំង ដែលអាចធ្វើឲ្យស្ត្រីវមានផ្ទៃពោះលេចនោមភ្លាមៗដែរ។

៣.ជើងធំជាងមុន
ទំហំជើងរបស់ស្ត្រីមានផ្ទៃពោះ អាចមានការប្រែប្រួលធំជាងមុន ដោយសារតែការឡើងទម្ងន់ ហើយជើងត្រូវរងសម្ពាធកាន់តែធ្ងន់។ បញ្ហាជើងធំ និងហើមជើងរបស់ស្ត្រីនឹងត្រលប់មកសភាពដើមវិញ បន្ទាប់ពីសម្រាលកូនរួច។ ប៉ុន្តែប្រសិនបើបំរែបំរួលមានលក្ខណៈធ្ងន់ធ្ងរ ជើងរបស់អ្នកអាចនៅតែមានទំហំធំដដែល។

៤.ចេះតែភើ
ដោយសារតែទារកនៅក្នុងផ្ទៃកំពុងលូតលាស់ ទើបទារកត្រូវការជ្រៀតយកកន្លែងទំនេរកាន់តែច្រើនឡើងនៅក្នុងពោះ ហេតុនេះខ្យល់ជាច្រើនត្រូវបញ្ចេញមកក្រៅ។ ប៉ុន្តែមានវិធី ២យ៉ាងអាចបំបាត់អាការៈមួយនេះបាន គឺព្យាយាមញ៉ាំអាហារតិចតួចតែឲ្យបានញឹកញាប់ ឬសុំថ្នាំបំបាត់ជាតិហ្គាសពីវេជ្ជបណ្ឌិត។

៥.ចេញកន្ទួលក្រហមលើចុងសុដន់
នៅពេលដែលរាងកាយកំពុងតែបង្កកំណើតទារកក្នុងផ្ទៃ ចុងសុដន់របស់ស្ត្រីនឹងរីកធំឡើងត្រៀមសម្រាប់បំបៅដោះ។ ស្របពេលដែលចុងសុដន់កាន់តែរីកធំឡើងៗ ហើយប៉ះកកិតជាមួយនឹងអាវទ្រនាប់ទៀតនោះ វានឹងបណ្តាលឲ្យចេញជាកន្ទួលក្រហមកើតឡើង។ ដូច្នេះ សូមរក្សាសំណើមចុងសុដន់របស់អ្នកជានិច្ច និងចៀសវាងពាក់អាវដែលធ្វើឲ្យរោលកន្ទួល។

៦.ហៀរទឹកដោះប្រលាក់អាវ
ដោយសារតែសុដន់ត្រូវផលិតទឹកដោះត្រៀមសម្រាប់ចិញ្ចឹមទារកដែលកើតមក ទើបណ្តោលឲ្យមានបញ្ហាហៀរទឹកដោះកើតឡើង។ ប្រសិនបើមានបញ្ហានេះកើតឡើង អ្នកត្រូវប្រើក្រដាសជូតមាត់ទ្រាប់ពីលើក្បាលសុដន់ ដើម្បីឲ្យវាស្រូបយកទឹកដោះដែលហៀរចេញមក។

៧.បត់ជើងធំពេលសម្រាលកូន
នេះគឺជារឿងដ៏គួរឲ្យអាម៉ាសមួយទៀត ដែលស្ត្រីភាគច្រើនត្រូវឆ្លងកាត់នៅពេលដែលសម្រាលកូន។ ជាពិសេស នៅពេលដែលអ្នកប្រឹងបង្កើតកូន លាមកក៏បញ្ចេញមកតាមដែរ៕

មតិយោបល់