ព័ត៌មានសិល្បៈ និងកម្សាន្ត

១៤ កុម្ភៈ តារាៗ ធ្វើយុទ្ធនាការប្រមូលបានឈាម៧២០កំប្លោក

កាលពីថ្ងៃ១៤ កុម្ភៈ ដែលជាទិវានៃក្ដីស្រឡាញ់ សិល្បករសិល្បការិនីល្បីៗរបស់ «គ្រួសារតារាកម្ពុជា» យ៉ាងច្រើនកុះករ ត្រូវគេឃើញបើកយុទ្ធនាការរាំច្រៀងមិនគិតកម្រៃជួយដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ តំណាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានប្រកាសថាខ្លួនទទួលបានឈាមសរុប៧២០កំប្លោក គឺកើតឡើងជិត២ដងកាលពីឆ្នាំមុន។

លោកវេជ្ជបណ្ឌិត្យ ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមថា អោយតែដល់១៤ កុម្ភៈ មជ្ឈមណ្ឌលតែងធ្វើទិវាបរិច្ចាគឈាម ដោយរៀងរាល់ឆ្នាំក៏មានតារាសិល្បៈចូលរួមផងដែរ។ តែជាលើកទី១ ដែលមជ្ឈមណ្ឌលចាប់ដៃជាមួយសិល្បករចាស់ក្មេងរបស់គ្រួសារតារាកម្ពុជា ដោយលោកបានកត់សម្គាល់ឃើញថាវត្តមានរបស់តារាមួយក្រុមនេះ បានជួយអោយព្រឹត្តិការណ៍ ទាំងមូលទទួលការចាប់អារម្មណ៍តាំងពីមុនថ្ងៃពិធី។ លោកថា វត្តមានគ្រួសារតារាកម្ពុជា សិស្សនិស្សិត និងមហាជនយ៉ាងច្រើនកុះករ សម្រុកមកបរិច្ចាគឈាម ដោយចំនួនឈាមដែលខាងមជ្ឈមណ្ឌល ទទួលបានរហូតដល់៧២០កំប្លោក ក្នុងពេលដែលឆ្នាំមុនទទួលច្រើន នាំមុខជាងបណ្ដាឆ្នាំមុនៗ ក៏បានតែ៤០៩កំប្លោក។ នេះជាចំនួនមួយខ្ពស់ ដែលលោកប្រកាសថាហួសការរំពឹងទុក ខណៈដែលថ្ងៃ១៤ កុម្ភៈឆ្នាំនេះត្រូវចំថ្ងៃសិស្សរៀនផង ដែលធ្វើអោយលោកមិនសូវសង្ឃឹមថា បានចំនួនឈាមស្មើឆ្នាំមុន។ លោកថាចំនួនឈាមឆ្នាំនេះ ច្រើនជាងឆ្នាំមុនជាង៣០០កំប្លោក ដោយលោកប្រកាសចែកចាយអោយមានតុល្យភាព និងស្នើអោយមានការជូនដំណឹងមកកាន់មជ្ឈមណ្ឌល ប្រសិនបើមានសកម្មភាពលក់ឈាម ពីសំណាក់បុគ្គលណា ពេទ្យណា។ លោកថាតារាសិល្បៈដែលបានបង្ហាញខ្លួនច្រៀងរាំ នឹងទទួលបានអន្តរាគមន៍គ្រប់ពេលប្រសិនបើតារាទាំងនោះមានតម្រូវការឈាមចាំបាច់។ យ៉ាងណាក៏ដោយលោកថា ចំនួន៧២០កំប្លោកដែលទទួលបាន ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់នោះ គឺនៅតែខ្វះខាតនៅឡើយទេ ដោយសារតែមួយថ្ងៃៗមានអ្នករបួសប្រឈមខ្វះឈាមច្រើននាក់។

តារាសិល្បៈដែលជួយអោយព្រឹត្តិការណ៍បរិច្ចាគឈាមនាថ្ងៃនោះផ្ទុះខ្លាំង រួមមាន អ្នកនាង ខាត់ សុឃីម កញ្ញាវ៉ានីឡា តារាចម្រៀងPhleng Record អ្នកនាងប៉េងប៉ោង អ្នកនាងស៊ុន ណារីម៉ូនីកា លោករតនៈ វិសិដ្ឋ លោកនាង វ៉ាងសាន់ ពិធីករហង្សមាស កញ្ញាស្រីពៅ មុខឈើ កញ្ញា ពេជ្រ អាវីហ្សា កញ្ញាមាស សម្ផស្ស លោកលាង ឧត្តម លោកយន សុភ័ក្រ នាយវ៉ាងអង ក្រុមសៀកសូឡូ និងតារាសិល្បៈចាស់ក្មេងផ្សេងទៀតយ៉ាងច្រើនកុះករ។ តារាទាំងជាង៤០រូប ក៏ទទួលបានប័ណ្ណសរសើរ និងផលិតផលអាដេ ក្រោយបញ្ចប់រាំច្រៀងផងដែរ៕

មតិយោបល់