ក្នុងជំនួបដោយផ្ទាល់ថ្ងៃ១៤ កុម្ភៈ ក្នុងទិវាច្រៀងរាំរបស់គ្រួសារតារាកម្ពុជា បំផុសវេទិកាបរិច្ចាគឈាម តារាចម្រៀងអ្នកនាងខាត់ សុឃីម បានអះអាងថាដោយសារអ្នកនាងលែងមានផលិតកម្មហៅច្រៀងដូចមុន ដូច្នេះអ្នកនាងត្រូវតែបង្កើតក្រុមផលិត Original Song ផ្ទាល់ខ្លួន ដោយក្រៅពីត្រៀមចេញបទថ្មីជាស្នាដៃរបស់ខ្លួន ក៏នឹងមានបង្កើតក្រុមរាំជារបស់ខ្លួននោះផង។
អ្នកនាងថាខ្លួនមិនដេកស្លាប់អោយប្រជាប្រិយភាពចុះខ្សោយបន្តិចម្ដងៗព្រោះតែគ្មានបទថ្មីនោះទេ ទើបអ្នកនាងគិតថាមានតែការផលិតបទថ្មីខ្លួនឯង ហើយត្រូវមានក្រុមរាំអោយប្លែកបន្តិច ដើម្បីកន្ត្រាក់អ្នកគាំទ្រដូចដើម។ អ្នកនាងក៏ប្រកាសចេញថតMV បទទាំងនោះក្នុងពេលឆាប់ៗនោះផង។
អ្នកនាងខាត់ សុឃីម និយាយថា បទថ្មីដែលនាងផលិតឡើងនោះបានរួចរាល់ខ្លះហើយ ដោយនៅតែថតMV មួយប្រាវទៀត នឹងអាចចេញបង្ហោះប៉ុណ្ណោះ។ អ្នកនាងបានសារភាពថាស្ងប់ស្ងាត់បទថ្មី បានធ្វើអោយអ្នកនាងរបូតការងារច្រៀងរាំតាមខេត្តលើឆាកធំៗ ដែលសុទ្ធតែជាកញ្ចប់លុយធំ អ៊ីចឹងហើយទើបអ្នកនាងត្រូវតែផលិតOriginal Song រំលេចស្នាដៃរបស់ខ្លួនឡើងវិញ។ អ្នកនាងរំពឹងបទថ្មីទទួលជោគជ័យ ដោយសារតែទី១សម្អាងថានោះជាបទស្នាដៃកូនខ្មែររបស់ខ្លួន ទី២ជាបទដែលអ្នកនាងនឹងធ្វើមានអត្ថន័យមិនស្លាប់ចោលម្ចាស់ និងទី៣សម្អាងថាអ្នកនាងនៅមានអ្នកគាំទ្រច្រើនក្នុងដៃនៅឡើយ។
អ្នកនាងខាត់ សុឃីមត្រូវឃើញប្រឹងប្រែងបង្វឹកក្រុមរាំនៅលើហ្វេសប៊ុកយ៉ាងសកម្ម ដោយអ្នកនាងប្រកាសថានោះជាក្រុមរាំដែលអ្នកនាងនឹងត្រៀមបង្អួតលើឆាក។ អ្នកនាងថាតារាល្បីមិនអាចរង់ចាំតែអ្នកគាំទ្រអោយតម្លៃមួយមុខបានទេ គឺត្រូវតែប្រឹងខ្លួនឯង ទើបអ្នកនាងសម្រេចចិត្តដកឃ្លាពីការងារមុខជំនួញ ហើយងាកមកផលិត Original Song ដើម្បីបំបែកទីផ្សារ៕
មតិយោបល់