ព័ត៌មានសិល្បៈ និងកម្សាន្ត

ថោន ប្រកាសថាខ្លួនមិនប្រកាន់តារាសម្ដែងរបស់ហង្សមាស

ឆ្លើយតបនឹងការចុះផ្សាយថាផលិតកម្មថោន និងហង្សមាសមានរឿងខ្វែងគ្នាពាក់ព័ន្ធនឹងតារាសម្ដែង មន្ត្រីរបស់ផលិតកម្មថោនបានអះអាងថាផលិតកម្មមិនមានការរើសអើងចំពោះតួសម្ដែងនោះទេ បើទោះជាតារាសម្ដែងទាំងនោះ ជាតួដែលខាងផលិតកម្មហង្សមាសលើកស្ទួយនោះក៏ដោយ។ យ៉ាងណាមិញមន្ត្រីដដែលបានទទួលស្គាល់ថាតារាមួយចំនួនដែលថោនលើកស្ទួយ ពិតជាមិនសូវមានឱកាសបានសម្ដែងនៅផលិតកម្មហង្សមាស ដែលនាំទៅដល់ការលើកឡើងនោះមែន។

លោកហាក់ សុខហេង ប្រធានផ្នែកព័ត៌មានរបស់ថោនគ្រុបបានអះអាងថា ហេតុផលដែលថោនមិនសូវឃើញវត្តមានតារាសម្ដែងភាគច្រើន ដែលបានសម្ដែងអោយផលិតកម្មហង្សមាស គឺមិនមែនដោយសារខាងថោនរើសអើងមិនហៅនោះទេ ប៉ុន្តែហេតុផលសំខាន់គឺខាងតារាខ្លួនឯងមិនមកតែម្ដង។ លោកថាតារាដែលសម្ដែងអោយផលិតកម្មហង្សមាសភាគច្រើនសុទ្ធតែជាតារាល្បី ហើយលោកសប្បាយចិត្តណាស់បើបានតារាទាំងនោះមកថតអោយខ្លួន ជាពិសេសគឺកម្មវិធីថតវ៉ុលចូលឆ្នាំ។ លោកទទួលស្គាល់ថាសម្មភាពថតវ៉ុលចូលឆ្នាំនាពេលកន្លងមក មិនសូវមានវត្តមានតារាភាគច្រើនដែលឧហ្សាហ៍ចេញមុខនៅផលិតកម្មហង្សមាសនោះទេ ដោយសារតែលោកទាក់ទងតែតារាទាំងនោះមិនមក។ លោកនិយាយថា«ថោនអត់ដែលប្រកាន់រឿងតួសម្ដែងទេ យើងបានគាត់អញ្ជើញមកថតម្ដងៗសប្បាយចិត្តណាស់ តែមិនដឹងមិនគឺពួកគាត់អោយតែពេលហៅថតគាត់ថាជាប់!»។ លោកថាក្នុងចំណោមសកម្មភាពវ៉ុលចូលឆ្នាំគឺមានថ្ងៃទី១៣ កុម្ភៈ មុននេះប៉ុណ្ណោះ ដែលមានតារាល្បីៗមួយចំនួនដែលត្រូវគេឃើញថតអោយហង្សមាសជាប្រចាំចូលរួមសម្ដែងអោយ។ លោកថាហេតុផលដែលវត្តមានតារាទាំងនោះបង្ហាញខ្លួនមិនមែនដោយសារតែលោកអ៊ិន ទីតូ ហៅមកនោះទេ ប៉ុន្តែគឺ ដោយសារតែក្រុមការងារខលអញ្ជើញ ហើយចំពេលតារាទាំងនោះទទួលសម្ដែងបាន។ លោកថាខាងថោន មិនមានគោលការណ៍ប្រកាន់តួសម្ដែងនោះទេ ក្នុងនោះសូម្បីតែតារាចម្រៀងក៏មិនបានកំណត់អោយមិនឡើងហង្សមាសនោះដែរ។

លោកករុណា ពេជ្រ បានអះអាងថាផលិតកម្មហង្សមាសធ្លាប់បានដាក់សំបុត្រអញ្ជើញតារាចម្រៀងរបស់ថោនអោយឡើងទូរទស្សន៍ហង្សមាស ប៉ុន្តែមកពីតារាភាគច្រើនឯកភាពគ្នាមិនឡើង ទើបផលិតកម្មថោនសម្រេចចិត្តច្រានចោលសំណើរហង្សមាស ដើម្បីតម្រូវចិត្តតារាចម្រៀង។ លោកថាតារាៗម្នាក់ៗមិនអាចឡើងឆាក ហើយអរុណហង្សមាសដែលមានមុខជំនួញដូចថោននោះទេ ទើបតារាគ្រប់រូបសុំខាងផលិតកម្មមិនទទួលឡើងហង្សមាស។

ពាក់ព័ន្ធនឹងការបញ្ជាក់ខាងលើផលិតករហង្សមាសមិនទាន់សុំការបំភ្លឺបានទេ ប៉ុន្តែយោងតាមតារាសម្ដែង គឺតួដែលត្រូវផលិតកម្មថោនលើកស្ទួយកម្រឃើញបង្ហាញមុខក្នុងសកម្មភាពថតបទចម្រៀងរបស់ផលិតកម្មហង្សមាសបំផុត ទើបបណ្ដាលអោយមានការយល់ច្រលំកើតឡើង៕

មតិយោបល់