ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម Billion K-Pop របស់កូរ៉េ មកដល់កម្ពុជា

កាលពីយប់ថ្ងៃទី១៦ កុម្ភៈ ក្រុមតារាចម្រៀងកូរ៉េ Billion K-Pop បានមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងជាង១១យប់ បើទោះមិនមានវត្តមានតារា និងអ្នកគាំទ្រខ្មែរកុះករនៅព្រលានយន្តហោះ។ តារាចម្រៀងមួយក្រុមនេះ នឹងបង្ហាញខ្លួនច្រៀងរាំក្នុងកម្មវិធីសប្បុរសធម៌ដែលរៀបចំដោយជនជាតិកូរ៉េ និងផលិតករខ្មែរនៅទូរទស្សន៍ NTV ដើម្បីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៥០ភាគរយ ពីថវិកាដែលទទួលបាន។

លោក យ៉ន វុទ្ធី ពិធីក្នុងព្រឹត្តិការណ៍នោះ និងជាប្រធានក្រុមបង្ហាញម៉ូដBN បានថ្លែងប្រាប់ថាក្រុមតារាកូរ៉េ Billion K-Pop គឺជាក្រុមចម្រៀងដែលមានកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសកូរ៉េ។ ក្រុមនេះទើបតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាលើកទី១ប៉ុណ្ណោះ ដោយបន្ថែមពីលើការវត្តមានច្រៀងរាំក្នុងកម្មវិធីសប្បុរសធម៌នៅទីលានប្រជាធិបតេយ្យ ថ្ងៃ១៨ និង១៩ កុម្ភៈ ក៏ឡើងឆាកទូរទស្សន៍មួយផងដែរ មុនពេលត្រលប់ទៅវិញ។ លោកថា ក្រៅពីក្រុមកូរ៉េមួយនេះ ក្រុមចម្រៀងរបស់កូរ៉េមួយក្រុមទៀត គឺក្រុម Wisdom ក៏បានមកដល់ប្រទេសកម្ពុជាផង កាលពីយប់ថ្ងៃទី១៣ កុម្ភៈ ដើម្បីត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះដូចគ្នា។ សម្រាប់តារាចម្រៀងរបស់ប្រទេសកម្ពុជាវិញ លោកថាមានអ្នកនាងពេជ្រ សោភា មានតារាចម្រៀងយូរី មានលោក គីម ថាណាតារាចម្រៀងBN លោកនេនទុំ ឌីជេកណ្ដុរ និងតារាជាច្រើនរូបទៀត៕

មតិយោបល់