ព័ត៌មានសិល្បៈ និងកម្សាន្ត

គាំ ចន្ធី ថាចូលអប្សរា ជំនួសតំណែងលោក ហ្វៃ សំអាង

យោងតាមការទម្លាយដ៏រសើបបានអះអាងថា លោកហ្វៃ សំអាង ដែលជាប្រធាននាយកដ្ឋានផលិតកម្មវិធីដ៏មានឥទ្ធិពលប្រចាំនៅក្នុងប៉ុស្ដិ៍នោះបានដាក់ពាក្យសុំឈប់ហើយ ដោយលោកអគ្គនាយកទូរទស្សន៍អប្សរាក៏បានយល់ព្រមចំពោះសំណើរនោះ និងបានជ្រើសយកអ្នកថ្មីអោយជំនួសតំណែងលោក។ មានការទម្លាយថាលោក គាំ ចន្ធី ជាអ្នកជំនួសតំណែងនោះ ដោយកម្មវិធីមួយចំនួនរបស់លោកហ្វៃ សំអាង ក៏ត្រូវរំលាយចោល គឺរក្សាទុកតែ២ប៉ុណ្ណោះ ខណៈដែលកម្មវិធីទាំង២នោះ ក៏ត្រូវប្ដូរឈ្មោះ និងកែទម្រង់។

ប្រភពផ្លូវការបានប្រាប់ផុសញូថា លោកហ្វៃ សំអាង បានដាក់ពាក្យលាឈប់កាលពីពីរសប្ដាហ៍មុន ដោយមិនដឹងថាលោកបញ្ជាក់នៅក្នុងលិខិតសុំឈប់ថាយ៉ាងមិចនោះឡើយ។ ប្រភពនោះបញ្ជាក់ថាតួនាទីរបស់លោកត្រូវបានជំនួសដោយលោកគាំ ចន្ធី ដែលជាចាងហ្វាងផលិតកម្ម FCI ដែលធ្លាប់មានឈ្មោះបោះសំឡេងក្នុងការផលិតកម្មវិធី និងផលិតរឿងរាប់មិនអស់តាំងពីច្រើនឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន។ លោកហ្វៃ សំអាង ត្រូវបានទម្លាយថានឹងអស់តួនាទីនៅក្នុងលិខិតសុំឈប់នៅដំណាច់ខែកុម្ភៈនេះ ដោយកូនចៅដែលលោកធ្លាប់បណ្ដុះបន្តការងារជាធម្មតា ដោយគ្រាន់តែស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់លោកគាំ ចន្ធី ដែលមកជំនួសតំណែង។ ប្រភពដដែលបន្តថា ក្នុងចំណោមកម្មវិធីរបស់លោកហ្វៃ សំអាង ទាំងអស់ នឹងរក្សាទុកតែកម្មវិធី២ប៉ុណ្ណោះ គឺកម្មវិធី«អប្សរាAward» និងកម្មវិធី«ផ្កាយរះក្នុងសួន» តែត្រូវដូរឈ្មោះ និងដូរបែបបទមួយចំនួន។

លោកហ្វៃ សំអាង ប្រតិកម្មចំពោះដំណឹងនោះ ដោយលោកប្រកាសថាខ្លួនមិនមែនសុំឈប់នោះទេ តែជាការសុំច្បាប់៣ខែដើម្បីទៅលេងប្រទេសអូស្រ្តាលីមើលកូនប៉ុណ្ណោះ។ លោក ថា លោកគាំ ចន្ធី មកអប្សរាគឺជំនួសលោកម៉េង ប៊ុនឡូ ដែលសុំលាឈប់នោះទេ ចំណែកតំណែងរបស់លោកនៅ៣ខែក្រោយលោកនឹងត្រលប់ចូលវិញ។ យ៉ាងណាមិញ លោកគាំ ចន្ធី បានឆ្លើយប្រាប់ថា លោកមកអប្សរាគឺមកកាន់តំណែងលោក ហ្វៃ សំអាង ដោយខាងអគ្គនាយកទូរទស្សន៍បានប្រាប់លោកថា ក្រោយការលាឈប់របស់លោក ហ្វៃ សំអាង នៅចុងខែកុម្ភៈនេះ លោកនឹងរ៉ាប់រងនូវរាល់កម្មវិធីកម្សាន្តទាំងអស់ជំនួសលោកហ្វៃ សំអាង។ លោកនិយាយថា«អត់ទេអាងឈប់ហើយ អត់ដឹងថាឈប់ទៅណាទេ ប៉ុន្តែខាងប៉ុស្ដិ៍អោយខ្ញុំមកកាន់នឹងជំនួសគាត់ មិនមែនមួយរយៈទេ»។ លោកថាខ្លួនកំពុងរៀបចំជើងព្រួលផលិតកម្មវិធីថ្មីបន្ថែម និងផលិតរឿងភាគសម្រាប់ម៉ោងមាស ជំនួសអវត្តមានរបស់លោកហ្វៃ សំអាង នៅទូរទស្សន៍អប្សរាក្រោយការលាឈប់៕

មតិយោបល់