ម៉ិកស៊ិកៈ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ រវាងកងទ័ពម៉ិកស៊ិក និងក្រុមក្មេងទំនើងប្រដាប់អាវុធ នៅព្រំដែនទីក្រុង Reynosa បានសម្លាប់មនុស្ស ១៤ នាក់ ដោយចោទប្រកាន់ថា ជាសមាជិកក្រុមអន្ធពាល និងរងរបួសទាហានម្នាក់ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា កម្លាំងទាហានសហព័ន្ធ បានសម្លាប់ក្រុមអន្ធពាល ១២ នាក់ នៅក្នុងការប៉ះទង្គិចគ្នាដំបូង ដែលសាកសពមនុស្ស ០៤នាក់ នៅលើចិញ្ចើមផ្លូវមួយ ០៦នាក់ នៅក្នុងរថយន្តមួយ និង ០២ទៀតនៅក្នុងផ្ទះ។
តាមប្រភពដដែរ បានអះអាងថា សមាជិកក្រុមអន្ធពាល ០២នាក់បន្ថែមទៀត ត្រូវបានបាញ់សម្លាប់ នៅតាមផ្លូវ Villa Esmeralda។
អភិបាលរដ្ឋ Tamaulipas លោក Francisco Cabeza de Vaca បានបញ្ជាក់នៅលើ Twitter ថា កងកម្លាំងសហព័ន្ធ បានបើកប្រតិបត្តិការនេះ នៅ Reynosa ជាទីក្រុងធំបំផុតរបស់រដ្ឋ ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវសន្តិភាព និងនីតិរដ្ឋ។ ប៉ុន្តែលោក មិនបានបញ្ជាក់ពីការស្លាប់ ឬរបួស នៅក្នុងហេតុការខាងលើទេ៕
មតិយោបល់