ព័ត៌មានសិល្បៈ និងកម្សាន្ត

មន្ត្រីNTV បំភ្លឺរឿងចម្រូងចម្រាស់ ក្នុងការប្រគំតន្ត្រីខ្មែរ-កូរ៉េ

បន្ទាប់ពីមានការទម្លាយរឿងលោក គីម ម៉ាន់ស៊ុង ជនជាតិកូរ៉េជាអ្នករៀបចំការប្រគំតន្ត្រីសប្បុរសធម៌នៅទីលានប្រជាធិបតេយ្យ ជាមួយនឹងតារាសិល្បៈខ្មែរ មន្ត្រីជាន់ខ្ពស់របស់ទូរទស្សន៍ NTV ដែលជាគូសហការបានចេញមុខទទួលស្គាល់។ យ៉ាងណាមិញ លោកបានលើកឡើងពីហេតុផលមួយចំនួនដែលនាំអោយកើតមាននូវបញ្ហានោះ។

លោក សាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍ NTV និងជាអ្នកចាប់ដៃជាមួយលោក គីម ម៉ាន់ស៊ុង ធ្វើការប្រគំតន្ត្រីតារាខ្មែរ-កូរ៉េនោះបានអះអាងថា ហេតុផលដែលនាំអោយលោកគីម និងតារាខ្មែរប្រឈមមុខដាក់គ្នាកាលពីរាត្រីថ្ងៃទី១៨ កុម្ភៈ ក្នុងពេលការប្រគំតន្ត្រីចាប់ផ្ដើមគឺបណ្ដាលមកពីលោកគីម មិនសូវយល់ពីទម្រង់ការងាររបស់តារាខ្មែរ ហើយតារាខ្មែរខ្លួនឯងក៏ចែកតួនាទីគ្នាមិនច្បាស់លាស់ ដែលនាំអោយមិនយល់គ្នា។ ម្យ៉ាងមកពីលោកគីមមានទម្លាប់និយាយខ្លាំងៗ និងធ្វើកាយវិកាដូចការស្ដីបន្ទោសនោះផង ទើបតារាមួយចំនួនដែលបានទៅជួយក្នុងពិធីមានអារម្មណ៍អន់ចិត្ត។ លោកថាលោកគីមមិនសូវយល់ពីប្រព័ន្ធការងាររបស់តារាខ្មែរ ហើយមួរម៉ៅរឿងក្រុមហ៊ុនដែលបានដាក់ពាក្យតាំងពិពរណ៌មួយចំនួនខកខានវិញផង ទើបលោកមាត់ធំមាត់តូច។ យ៉ាងណាមិញ លោកថារឿងរ៉ាវមិនខ្លាំងដល់ថ្នាក់ដោះស្រាយមិនបាននោះទេ ដោយក្រោយពេលលោកមកដល់កម្មវិធី ក៏បានជជែកជាមួយលោកគីម ហើយលោកគីម ក៏យល់ពីតារាខ្មែរហើយស្ងប់ស្ងាត់រៀងខ្លួន។ លោកអោយកំហុសលើរឿងភាសាមិនស្ដាប់គ្នា និងអាចបណ្ដាលមកពីការបកប្រែធ្វើអោយមានការភាន់ច្រលំ។ យ៉ាងណាមិញ លោកក៏បានសរសើរចំពោះលោកគីមផងដែរ ដែលបានសម្របសម្រួលអញ្ជើញតារាកូរ៉េ២ក្រុមអោយមកច្រៀងក្នុងកម្មវិធីនោះ ដែលបានរួមចំណែកធ្វើអោយព្រឹត្តិការណ៍ប្រគំតន្ត្រីមានការចាប់អារម្មណ៍។ លោកនិយាយថា«រឿងយប់មិញមានអ្នកអន់ចិត្តគាត់ច្រើន ប៉ុន្តែក្រោយពេលខ្ញុំទៅដល់គឺវាអស់អីហើយ ហើយរឿងរ៉ាវគឺបណ្ដាលមកពីនិយាយគ្នាស្ដាប់អត់បានសុទ្ធសាធ!»។ លោកថាលោកគីមជាជនជាតិកូរ៉េ ដែលរួមចំណែកជួយដល់សិល្បៈ និងកម្ពុជាច្រើន ដោយសារតែលោកធ្លាប់បានដឹកនាំតារាកូរ៉េ និងតារាខ្មែរអោយធ្វើព្រឹត្តិការណ៍ច្រៀងរាំរ៉ៃអង្គាសបែបនេះច្រើនលើករួចមកហើយ។

លោកសាម៉ន បណ្ឌិត្យ បន្តថា ការប្រគំតន្ត្រីក្នុងយប់ទី២នៅថ្ងៃទី១៩ កុម្ភៈ នេះ លោកនឹងគ្រប់គ្រងក្រោយឆាកដោយផ្ទាល់ ដោយសារតែត្រូវបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ NTV ដែលមិនអាចបណ្ដោយអោយមានបញ្ហាសតិអារម្មណ៍ចំពោះតារាសិល្បៈផ្ទុះឡើងជាថ្មីម្ដងទៀត។ ក្នុងនោះតារាចម្រៀងពេជ្រ សោភា យូរី និងតារាកូរ៉េ២ក្រុមគឺក្រុម Wisdom និងក្រុមចម្រៀងស្រីស្អាត Billion K-Pop ដោយលោកបញ្ជាក់ថាក្រៅពីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រឹត្តិការណ៍យប់នេះក៏មានមន្ត្រីជាន់ខ្ពស់ខាងអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងចរាចរផ្លូវគោកចូលរួមផងដែរ ដើម្បីផ្សព្វផ្សាយពីគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍៕

មតិយោបល់