ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌី សូនីតា ស្តាយប្លង់​ Angelina Jolie កាត់ចោល

ភ្នំពេញ៖ឌី សូនីតា បានបង្ហាញនូវ​អារម្មណ៍សោកស្តាយ អន់ចិត្តតិចតួច​ នៅពេលដែល​ប្លង់ដែលខ្លួនថត​ជាច្រើន​ ត្រូវបាន​ក្រុមការងារផលិតកុន​ប្រវត្តិសាស្ត្រខ្មែរ (First They Killed My Father) ​អ្នកស្រី Angelina Jolie កាត់ចោល ។​

បើទោះបីជាយ៉ាងនេះក្តី ផ្ទុយនឹងជំហរអន់ចិត្តនេះ ឌី សូនីតា បានសម្តែងនូវ​អារម្មណ៍ សប្បាយទៅវិញ ដែលនាងអាចចូលរួមថត​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រខ្មែរ និងម្យ៉ាងវិញទៀត​អាច​ជួបអ្នកស្រី Angelina Jolie ដោយផ្ទាល់។

ឌី សូនីតា បានប្រាប់ Post Komsan ក៏ដូចជា Post News Media ឲ្យដឹងថា មុននឹងខ្ញុំទៅទស្សនាខ្សែភាពយន្តនេះ​ ក្រុមការងារបានខលសូមទោស និងប្រាប់ហេតុផលរួចរាល់ហើយ​ តែ​ខ្ញុំនៅតែមានមោទនភាព ទោះបីជាកាត់ប្លង់របស់ខ្ញុំស្ទើរតែទាំង​អស់ក៏ដោយ តែសប្បាយទៅវិញ មានចំណែកក្នុងការថត​រឿង​ប្រវត្តិសាស្ត្រខ្មែរ​ ។​

គេឃើញថា​ក្នុងខ្សែភាពយន្ត First They Killed My Father នេះ​ កញ្ញា ឌី សូនីតា បានបង្ហាញវត្តមានតែមួយប្លង់តែប៉ុណ្ណោះ ក្នុងចំណោម ជាង ១០ ប្លង់ទាំង​តូច​ទាំងធំ​ ដែលនាងបានអះអាងប្រាប់​។​

យ៉ាងណាមិញ ឌី សូនីតា បន្តថា រឿងកាត់ប្លង់ចោលនេះ អន់ចិត្តគឺអន់ចិត្តហើយ មិនថា​គេមិនថាយើង តែ​អ្នកខ្លះវិញ ថតច្រើនខែ ជាងខ្ញុំទៅទៀត សូម្បីតែមួយប្លង់មិនចេញផង ចឹងហើយ​ទោះចេញមួយប្លង់ ក៏ខ្ញុំអាច​ទទួលយកបានដែរ​។
បញ្ជាក់ផងដែរថា​ ឌី សូនីតា បានហ៊ាន សមគ្រប់យ៉ាង រហូតដល់កាត់សក់​ខ្លី ធ្វើយ៉ាងណា​ឲ្យសមនឹងសាច់រឿង តាម​អ្វីដែល ផលិតករកុនខាងលើ ចង់បាន៕

មតិយោបល់