ព័ត៌មានសិល្បៈ និងកម្សាន្ត

ទាហានរាំបទ«ហុយ!ហុយ!»កក្រើក៏កក្រើក រិះគន់ក៏រិះគន់

ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាវីដេអូរាំបទ«ហុយ!ហុយ»របស់ទាហានមួយក្រុម ក្នុងវេទិកាប្រគំតន្ត្រីធំមួយនៅកោះពេជ្រ ត្រូវគេឃើញមានការចែកចាយយ៉ាងខ្លាំងនៅលើបណ្ដាញហ្វេសប៊ុក។ ទន្ទឹមនឹងការសរសើរ ក៏ផ្ទុះសំឡេងរិះគន់យ៉ាងចាស់ដៃផងដែរ ទើបធ្វើអោយវីដេអូមួយបទនេះកាន់តែកក្រើក។

វីដេអូដែលបង្ហាញពីក្បាច់រាំយ៉ាងរស់រវើក ហើយស្រុះគ្នារបស់កងទាហាននេះ បានជួយអោយបទ«ហុយ!ហុយ»របស់ពេជ្រ សោភា ទទួលការចាប់អារម្មណ៍ទ្វេរដងជាមួយនឹងក្បាច់រាំយ៉ាងរស់រវើក។ អ្នកចែកចាយវីដេអូសុទ្ធតែសរសើរថា សម្មភាពរាំរែកមួយនេះធ្វើអោយបទពេជ្រ សោភា កាន់តែផ្ទុះខ្លាំង ជាពិសេសនៅពេលកងទាហានជ្រើសយកមករាំជាសាធារណៈ ដែលត្រូវគេកត់សម្គាល់ថា ជាចង្វាក់ពេញនិយមទី២បន្ទាប់ពីបទ «រាំញីកែងជើង»ដែលត្រូវគេជ្រើសរាំស្ទើរតែគ្រប់កម្មវិធីតូចធំដែលជួបជុំគ្នា។ ម្នាក់ៗបានកោតសរសើរថាបទនេះទាក់ទាញ នៅពេលមានអ្នករាំរស់រវើក ហើយស្រុះគ្នា។ ប៉ុន្តែទន្ទឹមនឹងការអោយតម្លៃដោយការចាប់អារម្មណ៍ សំឡេងរិះគន់ក៏ផ្ទុះយ៉ាងកក្រើកហ្វេសប៊ុកផងដែរ ដោយម្នាក់ៗបានរិះគន់ថាមិនគួរយកទាហានមករាំរែកលើវេទិកាតន្ត្រីជាសាធារណៈនោះទេ ក្នុងពេលដែលកងទាហានគួរតែត្រូវគេសរសើរថាមានជំនាញការពារជាតិបានល្អ តែបែរជាមកជំនាញនឹងក្បាច់រាំ ផ្ទុយស្រឡះពីទាហាននៅក្រៅប្រទេស។ ឆ្លើយតបនឹងការរិះគន់ មន្ត្រីអ្នករៀបចំវេទិកាប្រគំតន្ត្រី បានអះអាងថាដោយសារតែកម្មវិធីនាយប់នោះផ្ដោតលើព្រឹត្តិការណ៍តន្ត្រី និងកីឡារបស់កងកម្លាំងខេមរៈភូមិន្ទ ទើបតម្រូវអោយកងទាហានចូលរួម ដោយក្រៅពីបង្ហាញសមត្ថភាពប្រកួតកីឡាហើយ ក៏រៀបអោយរាំលើឆាកជុំគ្នា ដើម្បីរំលេចបទ«ហុយ!ហុយ» ដើម្បីអោយកងទាហានសប្បាយរីករាយ បន្ថែមពីកិច្ចការការពារប្រទេសជាតិ៕

https://www.youtube.com/watch?v=pNA8x–o5kE

មតិយោបល់