ភ្នំពេញ: ជនជាតិវៀតណាម ២នាក់ ត្រូវនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ទួលសង្កែ ធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង កាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចផ្ទះបែរលើទឹក ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោក ទៀង ច័ន្ទសារ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងលោក ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ទួលសង្កែ។
ជនសង្ស័យដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ ឆៃ ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរ) មានទីលំនៅផ្ទះគ្មានលេខ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ និងទី២-ឈ្មោះ សុខ ទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ (ប្រើប្រាស់) មានទីលំនៅផ្ទះលេខ៧២ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានបន្តទៀតថា ជាក់ស្តែងនៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ខាងលើនេះ ដោយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ដោយក្នុងនោះ ដកហូតគ្រឿងញៀន ៣កញ្ចប់តូចធំ, ជញ្ចីងថ្លឹងថ្នាំញៀនចំនួន មួយគ្រឿង, ថង់សម្រាប់ច្រកមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត។
ដោយនៅក្នុងប្រតិបតិ្តនេះ គឺកម្លាំងសមត្ថកិច្ចយើងទាំងអស់ បានធ្វើការបិទបញ្ចប់នៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃដដែរ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់