ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកម្ពុជាល្បីៗជិត១០០នាក់ប្រកាសធ្វើសន្និសីទអរគុណអែនជីលីណាជូលី

យោងតាមការប្រកាសលើផេក«គ្រួសារតារាកកម្ពុជា»តារាសិល្បៈ ដែលរួមមានតារាចម្រៀង តារាសម្ដែង តារាកំប្លែង និងផលិតករប្រមាណជាង៩០រូប នឹងជួបជុំគ្នាជាទ្រង់ទ្រាយនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកនារសៀលម៉ោង១ថ្ងៃទី១ មិនានេះ ដើម្បីបង្ហាញការចាប់អារម្មណ៍ និងអរគុណដល់អ្នកនាងអែនជីលីណាជូលី ដែលបានផលិតភាពយន្តកម្រិតអន្តរជាតិធំមួយ ជួយអោយតារាខ្មែររហូតដល់រាប់រយនាក់មានឱកាសបានសម្ដែងក្នុងរឿងហូលីវូដ។ វេទិកានេះ ក៏ ប្រកាសថាមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់មកពីប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងមកពីក្រសួងព័ត៌មានផងដែរ។

អ្នកនាងខាត់ សុឃីម តំណាងគ្រួសារតារាកម្ពុជា បានអះអាងថា ព្រោះតែការរំភើបនឹងការផលិតរឿងប្រភេទហូលីវូដរបស់អ្នកនាងអែនជីលីណា ទើបតារាសិល្បៈកុះករសម្រេចរួមគ្នាជួបជុំធ្វើសន្និសីទសារព័ត៌មានធំមួយ អរគុណដល់ផលិតកររូបនេះ។ អ្នកនាងថាបើគ្មានការផលិតករឿងរបស់អ្នកនាងអែនជីលីណាជូលីនោះទេ តារាសម្ដែងខ្មែរក៏មិនមានកិត្តិយសបានសម្ដែងក្នុងរឿងប្រភេទហូលីវូដ ដែលអាចធ្វើអោយពិភពលោកបានស្គាល់ពីការសម្ដែងរបស់តារាខ្មែរនោះដែរ។ អ្នកនាងថាបើទោះមិនបានសម្ដែងរឿងនោះ តែតារាគ្រប់រូបសុទ្ធតែមានកិត្តិយស ជាពិសេសបន្ទាប់ពីបានទស្សនារឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលអ្នកនាងយល់ថាតារាសម្ដែងបានល្អគ្រប់តួ ដោយសារតែមានការផលិតដោយផលិតករហូលីវូដ។ អ្នកនាងនិយាយថា«រំភើបណាស់ ដែលតារាខ្មែរបានសម្ដែងក្នុងរឿងហូលីវូដហ្នឹង អ៊ីចឹងក្នុងនាមយើងជាខ្មែរ ក្នុងនាមជាអ្នកសិល្បៈយើងជួបជុំគ្នាអរគុណគាត់ កុំអោយគេមើលថាយើងអត់មានធ្វើអីសោះ ក្រោយគេខំចំណាយលុយរាប់លាន ធ្វើអោយតារាខ្មែរយើងមានមុខមាត់លើពិភពលោកដល់ម្ល៉ឹងហើយ!»។ អ្នកនាងថាកម្មវិធីដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង១រសៀលនេះ មិនមានវត្តមានតំណាងផលិតករក្នុងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ឬតួសម្ដែងចូលរួមនោះទេ ដោយសារតែផលិតករ និងតារាមួយចំនួនធំបានទទួលពាក្យចូលរួមរួចហើយ ប៉ុន្តែផលិតកម្មដោយផ្ទាល់បានដាក់បម្រាមមិនអោយចូលរួមក្នុងជំនួបអ្នកកាសែតណាមួយ ខ្សែរឿងមួយនេះ មិនទាន់បានដាក់បញ្ចាំងលក់សំបុត្រលើឆាកអន្តរជាតិ។

យោងតាមស្ថាបនិកគ្រួសារតារាកម្ពុជាបានអះអាងថាវេទិកាដែលមានការចូលរួមពីតារាកុះកររហូតដល់ជិត១០០នាក់នេះ គ្រាន់តែការប្រកាសអរគុណដល់អ្នកនាងអែនជីលីណាជូលីប៉ុណ្ណោះ ដូច្នេះបើទោះជាគ្មានវត្តមានផលិតករ និងតួសម្ដែងក្នុងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»ចូលរួមក៏មិនមានបញ្ហា ដោយសារកម្មវិធីគ្រាន់តែចង់ជុំគ្នាអរគុណផលិតករ ដើម្បីបង្ហាញអោយអន្តរជាតិដឹងថាតារាខ្មែរ ក៏ដូចប្រជាជនខ្មែររំភើបចំពោះស្នាដៃរបស់អ្នកនាងអែនជីលីណា ដែលជួយអោយតារាខ្មែរបានឈានចូលកម្រិតពិភពលោក។

ផ្អែកតាមប្រកាសខ្សែរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជារឿងសម្ដែងដោយតារាខ្មែរ១០០ភាគរយ និងដាក់បញ្ចាំងគ្រប់រោងនៅហូលីវូដ និងនៅបណ្ដាប្រទេសធំៗចាប់ពីខែ៩តទៅ ទើបជាមោទនភាពធំមួយ ដែលសមត្ថភាពរបស់តារាខ្មែរត្រូវបានបង្ហាញលើឆាកអន្តរជាតិ ដែលនាអោយគ្រួសារតារាកម្ពុជា សម្រេចធ្វើពិធីបង្ហាញនូវការរំភើបចិត្ត៕

មតិយោបល់