ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង មាស សៀវប៉ាយ គ្រោះថ្នាក់ចរាចរណ៍សន្លប់ស្ដូកស្ដឹង

កាលពីវេលាម៉ោងប្រមាណជា៣យប់ ត្រូវនឹងព្រឹកថ្ងៃទី១២ កុម្ភ: ឆ្នាំ២០២០ តារាសម្ដែងលោក មាស សៀវប៉ាយ ត្រូវបានគេបង្ហោះថា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយមានការប៉ះទង្គិចគ្នាជាមួយម៉ូតូនឹងម៉ូតូ ហើយសន្លប់មិនដឹងខ្លួនតាំងពីពេលគ្រោះថ្នាក់ភ្លាម។ មកទល់ម៉ោងនេះ លោកត្រូវបានអ្នកឃើញតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សុី ដោយទើបតែមានសាច់ញាតិមកជួយកំដរនៅក្រោយមកដល់មន្ទីរពេទ្យ។

អ្នកលើកទូរស័ព្ទដែលអះអាងថាជាបងស្រី បានឆ្លើយបញ្ជាក់ថា លោក មាស សៀវប៉ាយ ស្ថិតក្នុងសភាពសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ដោយលោកមានការប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរ ដោយមានខ្ទាំក្បាល និងមានឈាមកក។ បងស្រីរបស់លោកបញ្ជាក់ថា នៅមិនទាន់ដឹងថា លោកគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងណានៅឡើយ ខណ:ដែលលោក ត្រូវបានគេដឹងថា ក្រៅពីសម្ដែង គឺធ្វើជាអ្នករត់តុ និងទទួលភ្ញៀវ នៅក្នុងក្លិប QK ស្ថិតនៅម្ដុំក្ដាន់ពីរ ដោយសារតែការសម្ដែងទទួលបានចំណូលតិច និងមិនសូវមានទីផ្សារ។

បងស្រីរបស់លោកនិយាយថា ក្មុងពេលប៉ះគ្នាភ្លាមៗ ម៉ូតូបង្កហេតុម្ខាងទៀត ត្រូវបានគេឃាត់ទុក ប៉ុន្តែក្រោយពេលចលាចលរឿងបញ្ជូនលោក មាស សៀវប៉ាយ ទៅកាន់មន្ទីរពេទ្យ ក៏លួចរត់បាត់ ហើយម៉ូតូរបស់លោក ក៏ត្រូវបានប៉ូលិសយករក្សាទុក តែមិនទាន់ដឹងថារក្សាទុកនៅខណ្ឌណានៅឡើយទេ ក្នុងពេលគ្រួសាររបស់លោក ស្ថិតក្នុងការបារម្ភពីលោកនៅឡើយ៕

មតិយោបល់