នៅពេលដែលការចំណាយលើការទិញផ្ទះបានមកដល់ យ៉ាងហោចណាស់ លោកអ្នកត្រូវមានកញ្ចប់ថវិកា ២០ភាគរយនៃតម្លៃផ្ទះ មុននឹងលោកអ្នកធ្វើការស្នើសុំប្រាក់កម្ចីនេះ ទៅតាមការកំណត់របស់ធនាគារ។ គន្លឹះដ៏សាមញ្ញទាំងនេះ នឹងជួយដល់ការសន្សំរបស់លោកអ្នក ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសការសន្សំលើចំណាយប្រចាំថ្ងៃ៖
១. របបអាហារ
អាហារ គឺជាកត្តាចំបងដែលមនុស្សត្រូវចំណាយជាប្រចាំ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែប្រសិនបើលោកអ្នក បរិភោគលើសពីតម្រូវការនៃសរីរាង្គនោះ វាអាចហុចជាផលអវិជ្ជមានដល់សុខភាពរបស់លោកអ្នកទៅវិញទេ មិនតែប៉ុណ្ណោះលោកអ្នកត្រូវចំណាយថវិកាជាច្រើន ទៅលើចំណាយពុំចាំបាច់។ មួយវិញទៀតការចំណាយទៅ លើភេសជ្ជៈប្រចាំថ្ងៃ ដូចជាការទិញកាហ្វេនៅហាងម៉ាកល្បីៗជាប្រចាំនូវតម្លៃខ្ពស់ នឹងបង្កើនការចំណាយរបស់លោកអ្នក។ លោកអ្នកអាចកាត់បន្ថយចំណាយដោយជំនួសមកនូវការផលិតភេសជ្ជៈដោយខ្លួនឯង។
២. មធ្យាបាយធ្វើដំណើរ
ជាទូទៅលោកអ្នកត្រូវចំណាយជាប្រចាំទៅលើ ការធ្វើដំណើររវាងផ្ទះ និងកន្លែងធ្វើការ។ ដើម្បីផ្តល់ភាពងាយស្រួល លោកអ្នកអាចប្រើប្រាស់ទៅលើសេវាកម្មផ្សេងៗ ក្នុងការធ្វើដំណើរដូចជា ធ្វើដំណើរដោយ Taxi ឬមធ្យាបាយងាយស្រួលដទៃទៀត ដែលអាចចំណាយច្រើនលើ ការធ្វើដំណើរជាជាងការធ្វើការប្រើប្រាស់ យាន្តជំនិះដោយខ្លួនឯង។ ម្យ៉ាងទៀតការប្រើប្រាស់សេវាកម្មលើមធ្យាបាយធ្វើដំណើរមួយចំនួន ដែលពុំចាំបាច់ នឹងនាំឲ្យលោកអ្នកខាតបង់ថវិកា និងពេលវេលាផងដែរ។
៣. របៀបនៃការរស់នៅ
របៀបនៃការរស់នៅ (Lifestyle) គឺជាពាក្យមួយដែលសង្ខេបលើការចំណាយសរុបរបស់លោកអ្នក ដូចជា ការជក់បារី លោកអ្នកត្រូវទុកលុយជាប្រចាំសម្រាប់ការទិញបារី, ការចំណាយលើការធ្វើដំណើរកម្សាន្ត ជាញឹកញាប់, មានកម្មវិធីជប់លៀងជាប្រចាំនាពេលចុងសប្តាហ៍ជាដើម។ គម្រោងទិញផ្ទះរបស់លោកអ្នក និងមិនអាចទៅរួចនោះទេ ប្រសិនបើលោកអ្នកមិនព្យាយាមផ្លាស់ប្តូរទម្លាប់របស់លោកអ្នក៕
មតិយោបល់