ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករចក្រវាទ្ប អះអាងថាខាតរឿងឡើងស្ពឹកមុខ

ខណៈផលិតករភាគច្រើនត្រូវគេកត់សម្គាល់ថាបានក្លាយជាអ្នកមានបានព្រោះតែការផលិតរឿងលក់អោយបណ្ដាទូរទស្សន៍ អ្នកស្រីថុង ស៊ីទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រ បែរជាបានប្រាប់ថា អ្នកស្រីផលិតរឿងខាតឡើងស្ពឹកមុខហើយ ប៉ុន្តែដោយសារតែការស្រឡាញ់ទើបប្រឹងតស៊ូ។ អ្នកស្រីបានប្រកាសបែបនេះក្នុងពិធីក្រុងពាលីរឿង«វេទមន្តស្នេហ៍» ដែលជារឿងឆ្លុះបញ្ចាំងពីសម័យលង្វែក កាលពីព្រឹកថ្ងៃទី២ មិនា ។

អ្នកស្រីនិយាយថាក្នុងមួយភាគស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ផ្ដល់អោយអ្នកស្រីបានច្រើនដោយអោយរហូតដល់មួយភាគ២ពាន់ដុល្លារឯណោះ ប៉ុន្តែអ្នកស្រីនៅតែខាតដោយសារតែតួក៏ឡើងថ្លៃ ហើយការផលិតផ្សេងៗនៅតែចំណាយច្រើន។ អ្នកស្រីថាបើខ្លួនមិនស្រឡាញ់សិល្បៈ គឺទុកកម្លាំង និងទុកលុយសម្រាកចាយសប្បាយជាងហ្នឹងឆ្ងាយណាស់ ប៉ុន្តែមកពីចេះតែចង់ផលិតរឿងរួមចំណែកលើកស្ទួយដល់វិស័យសិល្បៈទើបបន្តចំណាយលុយខាតស្ទើរតែគ្រប់រឿង ដើម្បីកុំអោយផលិតករបិទទ្វារ។

អ្នកស្រីមានស្នាដៃផលិតរឿងដុំ និងរឿងភាគច្រើនមកហើយ ដោយការផលិតរឿងគឺផលិតកម្មអ្នកស្រីទទួលបានកុងត្រាពិសេសជាមួយប៉ុស្ដិ៍លេខ៥ ចាប់តាំងពីក្រសួងព័ត៌មានតម្រូវអោយបណ្ដាទូរទស្សន៍ទាំងអស់ដាក់បញ្ចាំងរឿងភាគខ្មែរ ឬកម្មវិធីក្នុងស្រុកក្នុងម៉ោងមាស។ អ្នកស្រីថា ការផលិតរឿងភាគមកទល់ពេល ផលិតកម្មចក្រវាទ្បអាចនិយាយបានថានៅមិនទាន់ចំណេញទេ ដោយការផលិតកាលពីរឿងមុនៗបោះលុយផុងរហូត ហើយទើបតែរឿងចុងក្រោយមុននេះ ដែលចំណេញបានមួយរឿង៦ពាន់ដុល្លារ ដោយមិនទាន់រាប់បញ្ចូលការចំណាយក្រៅផ្លូវការនៅឡើយផង។

អ្នកស្រីថាការផលិតភាពយន្តភាគដាក់អោយទូរទស្សន៍ តម្រូវអោយមានគុណភាពកាន់តែល្អជាងមុន ហើយអ្នកស្រីក៏ចាត់ទុកថាបណ្ដាម្ចាស់ទូរទស្សន៍ ជាពិសេសគឺប៉ុស្ដិ៍លេខ៥ក៏ហ៊ានដំឡើងថ្លៃអោយច្រើនជាងមុនដែរ ប៉ុន្តែមកពីតម្រូវក្នុងរឿងដែលបានផលិតនៅតែច្រើនពិបាកកំណត់ទើបអ្វីដែលអ្នកស្រីបានធ្វើនៅតែខាត។ អ្នកស្រីថា ការផលិតភាពយន្តប្រហែលទាល់តែម្ចាស់ទូរទស្សន៍ហ៊ានទិញក្នុងតម្លៃ៣០០០ដុល្លារ ទើបអាចអាចស្គាល់ចំណេញ ហើយមិនពិបាកកេងការចំណាយ ប៉ុន្តែបើដូចស្ថានភាពបច្ចុប្បន្នបើហ៊ានតែដៃធំ គឺខាតលើសដើម។ អ្នកស្រីខ្លួនខាតស្ពឹកមុខតាំងពីចេញផលិតរឿង ប៉ុន្តែអត់ចុះចាញ់ទេ ដោយសារតែត្រូវការកេរ្តិ៍ឈ្មោះ និងទំនុកចិត្តសិន។

សម្រាប់ការផលិតរឿង«វេទមន្តស្នេហ៍»ដែលបានប្រកាសឡើងនេះ អ្នកស្រីថានឹងចំណាយរង្វង់មួយភាគត្រឹមតែ១៧០០ទៅ១៨០០ដុល្លារប៉ុណ្ណោះ ដើម្បីកុំអោយខាតច្រើន។ យ៉ាងណាមិញ អ្នកស្រីថាអាចទទួលយកបានដោយសារតែក្នុងរឿងនេះ ជាសម័យលង្វែក ដែលមិនសូវចំណាយទុនទិញសំលៀកបំពាក់ និងគ្រឿងអលង្ការអោយតួអស់ច្រើន។ រឿងនេះមានចំនួនជាង៣៤ ដោយគ្រោងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ក្រោយពេលផលិតបានចប់សព្វគ្រប់៕

https://www.youtube.com/watch?v=ajIrXJNG2Aw&t=4s

មតិយោបល់