ព័ត៌មានជាតិ

ចេញពីផឹកស៊ី បើករថយន្តបុកគូទគ្នាឯងពេញទំហឹង បណ្តាលឲ្យខូចខាត

ភ្នំពេញៈ បុរស២នាក់ ជាមិត្តភក្តិនឹងគ្នា ចេញពីផឹកស៊ីជាមួយគ្នា បានបើករថយន្ដបណ្ដើរគ្នាត្រឡប់ទៅផ្ទះវិញ ខណៈនោះស្រាប់តែអ្នកបើករថយន្ដខាងមុខ ជាន់ហ្វ្រាំងគេចជង្ហុក តែអ្នកក្រោយគេចមិនទាន់ ក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្ដទាំង២គ្រឿង ខូចខាតទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជិតខារ៉ាអូខេ ឌ្រីមវើលដ៍ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-2266 និងរថយន្ដម៉ាក RANG ROVER ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AI-5055 បើកបណ្ដើរគ្នាតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ដោយរថយន្ដម៉ាកRANG ROVER បើកខាងមុខ លុះបានមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវមានជង្ហុកនៅខាងមុខ ទើបអ្នកបើករថយន្ដRANG ROVER ជាន់ហ្វ្រាំងបង្ខំ ដើម្បីគេចជង្ហុក ក៏ត្រូវរថយន្ដហាយឡែនឌ័រ ជាន់ហ្វ្រាំងមិនទាន់ បុកពីក្រោយពេញទំហឹងតែម្ដង។

ប្រភពព័ត៌មានពីម្ចាស់រថយន្ដហាយឡែនឌ័រ បានឲ្យដឹងថា រូបគាត់និងម្ចាស់រថយន្ដRANG ROVER ជាមិត្តភក្តិនឹងគ្នា ហើយពេលមុនកើតហេតុពួកគាត់ទើបតែចេញពីហូបអាហារជុំគ្នា ពេលហូបរួចក៏នាំគ្នាបើករថយន្ដចេញ ដើម្បីទៅផ្ទះរៀងខ្លួន តែពេលមកដល់ចំណុចកើហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅ។

ក្រោយពីកើតហេតុ ត្បិតតែពួកគាត់ជាមិត្តភក្តិគ្នាក៏ដោយ តែដោយសាររថយន្ដខូចខាត គឺភាគីខាងរថយន្ដRANG ROVER ឲ្យម្ចាស់រថយន្ដហាយឡែនឌ័រ សងសំណងចំនួន៥០០ដុល្លារ ដើម្បីជួសជុលរថយន្ដហើយក៏បញ្ចប់រឿងតែម្ដង៕

មតិយោបល់