ព័ត៌មានជាតិ

ជនជាតិចិន ងងុយដេកបើករថយន្តបុកបង្គោលសញ្ញាចរាចរណ៍ ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿង ក្នុងស្ថានភាពងងុយdek គ្រាន់តែងោកមួយភាំង ជ្រុលចង្កូតរថយន្តទៅបុក បង្គោលប្រាប់សញ្ញាបន្ថយល្បឿនមួយដើមពេញទំហឹង ក្រឡាប់រថយន្តផ្ងារជើង ទាំងកណ្តាលអាធ្រាត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលំចំការដូង ភូមិឬស្សី១ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៣៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1588 បើកចេញពីផឹកស៊ីក្នុងបំណងត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុ ត្រង់បង្គោលអក្សរដែលសរសេរថា បន្ថយល្បឿន បុរសខាងលើបាន ងោកមួយភាំងក៏ជ្រុលចង្កូតទៅបុកបង្គោលមួយដើមខាងលើពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តង។

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ខាងលើនេះមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទូរសព្ទហៅរថយន្តស្ទូច ដើម្បីស្ទូចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯងផងដែរ៕

មតិយោបល់