ភ្នំពេញៈ ធាតុកវីលោក គង្គ ប៊ុនឈឿន នឹងតម្កល់នៅ វត្តពោធិ៍វាល ក្បែរដងស្ទឹងសង្កែ ខេត្តបាត់ដំបង ហើយរូបសំណាក់លោក អាចនឹងធ្វើឡើងនៅភ្នំសំពៅ ផងដែរ ។
បើតាមលោក មុត ថាវី ដែលត្រូវជាកូនប្រសារ បានប្រាប់ Post News នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថា រឿងនេះកាលពីម្តាយក្មេករបស់ខ្ញុំ បានទៅជួបអភិបាលខេត្ត បាត់ដំបងលើកមុន ពីបញ្ហាកន្លែងបញ្ចុះធាតុ ឬ រូបសំណាក ក៏ទទួលបានការយល់ព្រមពី អាជ្ញាធរ ឲ្យរកវត្តណាក្នុងទឹកដីខេត្ត បាត់ដំបងនេះ ដាក់ធាតុទៅ ។
លោក មុត ថារី ថា «ក្រោយការចង្អុលបង្ហាញ និងការអនុញ្ញាតិពីអភិបាលខេត្ត នោះ ម្តាយរបស់ខ្ញុំ ក៏បានសម្រេចចិត្ត យកវត្តពោធិ៍វាល ក្បែរដងស្ទឹងសង្កែ ដាក់ធាតុ លោក ឪពុកក្មេក គង្គ ប៊ុនឈឿន តែម្តងទៅ »។
លោក មុត ថារី បានបន្តថា ការជ្រើសរើសយក វត្តពោធិ៍វាល ជាទីបញ្ចុះធាតុនេះ ដោយសារវត្តនេះ ធ្លាប់ពាក់ព័ន្ធនឹងទំនុកច្រៀងរបស់លោក ហើយក៏មានអនុស្សាវរីយ៍ដិតដាម រៀនបួសនៅទីនេះ ហើយម្តាយរបស់គាត់ (គង្គ ប៊ុនឈឿន) ក៏ធ្លាប់សម្រាកវត្តនេះដែរ ។
អ្នកដឹកនាំសម្តែងខាងលើ បានបន្ថែមទៀតថា ព័ត៌មានខាងលើនេះ ជាដំណឹងដ៏ត្រេកអរ ខាងក្រុមគ្រួសាររបស់លោក ទើបតែទទួលបានពីថ្នាក់ដឹកនាំខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នេះ។ ម្យ៉ាងវិញ ទៀត អាចនឹងកសាងរូបសំណាក នៅលើភ្នំសំពៅ នាពេលខាងមុខ បន្ទាប់ពី ពិភាក្សា ជាមួយនឹង មេគុណវត្ត ពោធិ៍វាល។
សម្រាប់ការហែរធាតុ របស់ កវីគង្គ ប៊ុនឈឿន យកទៅតម្កល់ នៅវត្តខាងលើនេះ លោក មុត ថារី បានបញ្ជាក់ថា ខាងក្រុមគ្រួសារលោក មិនទាន់កំណត់ថ្ងៃទេ ប៉ុន្តែដូចអ្វីដែលបានដឹងអ៊ីចឹង ធាតុរបស់លោក នឹងតម្កល់ នៅភ្នំពេញ រយៈពេល ៣ឆ្នាំ តែបើរៀបចំ អាស្រមហើយ យើងនឹងយកទៅ ៕
មតិយោបល់