ក្រោយការលាតត្រដាងពីជីវិតអតីតកាលយ៉ាងកម្សត់នៅលើបណ្ដាញហ្វេសប៊ុក លោកឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម Galaxy ត្រូវបានមហាជនផ្ដោតការកត់សម្គាល់យ៉ាងខ្លាំង ដោយសារតែលោកត្រូវគេដឹងថាក្លាយជាថៅកែដីធ្លីពុះឡូតិលក់ធំដុំ និងជាថៅកែម្ចាស់ផលិតកម្មយ៉ាងជោគជ័យម្នាក់ ប៉ុន្តែនៅតែហ៊ានលាតត្រដាងអោយមហាជនស្គាល់ពីសាវតាដើម ដែលមានន័យថាលោកជាបុគ្គលជោគជ័យមិនភ្លេចកំណើតដើម។ លោកអះអាងថាខ្លួនកាន់តែក្ដុកក្ដួលនឹងអតីតកាលទាំងនោះ នៅពេលជីវិតជោគជ័យបានជួយអោយលោកមានបានខុសគ្នាស្មើមេឃ និងដី ក្រោយពីលោកផ្សងព្រេងទៅធ្វើការនៅក្នុងប្រទេសកូរ៉េត្រឹមតែប៉ុន្មានឆ្នំា។
លោកឡេង ណាវ៉ាត់ត្រា និយាយថាអ្វីដែលលោកបង្ហោះឡើងមិនមែនដើម្បីចង់កន្ត្រាក់នូវការចាប់អារម្មណ៍ជាសាធារណៈនោះទេ ប៉ុន្តែគ្រាន់តែចង់រំលឹកដល់ខ្លួនលោកថា លោកគ្រាន់តែជាក្មេងក្រីក្រម្នាក់ ដែលរស់នៅក្នុងគ្រួសារដែលមានញាតិមិត្ត និងបងប្អូន មិនសូវផ្ដល់តម្លៃ និងពោរពេញដោយការមាក់ងាយប៉ុណ្ណោះ។ លោកថាជីវិតទម្រាំជោគជ័យបានទទួលនូវមេរៀនឈឺចាប់ច្រើនណាស់ ដោយអាចនិយាយបានថាសឹងមិនចង់អោយលោកជឿភ្នែកថាអាចមានលុយមានឡាន ព្រោះតែការតស៊ូនោះផង។ ភាពក្រីក្រ និងការប្រមាថគឺជាកត្តាជំរុញអោយលោករឹងមាំ ហើយលោកនៅតែមិនភ្លេចនូវអ្វីដែលធ្លាប់ហែលឆ្លងនោះទេ ទើបលោកនៅតែដាស់តឿនខ្លួនមិនអោយភ្លេចត្រចៀកជានិច្ច ថាលោកមានកំណើតចេញពីជិវិតដែលមានអតីតកាលអាប់អួរ។ លោកថាមិនខ្មាស់គេទេនៅពេលគេដឹងថាលោកធ្លាប់ក្រ និងគ្រាន់តែជាអតីតពលករតស៊ូ ប៉ុន្តែបើលោកមិនបានរំលឹកខ្លួនឯងនោះទើបលោកយល់ថាជារឿងខុសឆ្គង។ លោកថាក្ដុកក្ដួលនៅពេលនឹកដល់អតីតកាលទាំងនោះ ប៉ុន្តែជារឿងសប្បាយចិត្តទៅវិញទេ ដោយសារតែមេរៀនទាំងនោះសុទ្ធតែជាអ្វីដែលធ្វើអោយលោកជោគជ័យ។
លោកឡេង ណាវ៉ាត់ត្រា រំលឹកថាកាលពីអតីតកាលតាមរយៈការបង្ហោះថាលោកគ្រាន់ជាក្មេងក្រីក្រប្រចាំភូមិដែលរស់នៅផ្ទះធ្វើពីចំបើងជាន់ជាមួយល្បាប់ផុកៗ និងប្រក់ដំបូលស្លឹក ហើយជាផ្ទះខ្ទមជាប់នឹងដីប៉ុណ្ណោះ ដោយចំណីអាហាកុំថាឡើយបានគ្រប់គ្រាន់សូម្បីតែអង្ករក៍ដាច់ពេលដែរ។ យ៉ាងណាមិញលោកជាក្មេងដែលរៀនឆ្លាតតាំងពីថ្នាក់ទី៦ បើទោះជាលោកមិនមានលទ្ធភាពទៅសាលាជាប់លាប់។ លោកសរសេរថា«ក្នុងបន្ទប់រៀននៅសាលាបឋមសិក្សាឃ្លាំង ខ្ញុំជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ទី៦ ដោយលោកគ្រូអាន ជាគ្រូ និងជាមនុស្សដែលខ្ញុំគោរព ម្ដាយខ្ញុំជាស្ត្រីគ្រប់លក្ខណ៍មានសុខភាពមិនសូវមាំទាំ ឪពុកខ្ញុំជាអ្នករែកដីតាមភូមិមិនចេះផឹកស្រា មិនសូវមានគេរាប់ ដែលអ្នកស្រុក និងបងប្អូនមួយចំនួនមើលងាយហើយប្រមាថលើសពីកាទទួលយកបាន ជាពិសេសមិត្តភក្តិគេនិយាយដៀមដាម និងប្រមាថឪពុករបស់ខ្ញុំជាញឹកញាប់។ មានពេលមួយឪពុកខ្ញុំមិននៅទៅរែកដីឆ្ងាយ ព្រោះមេឃភ្លៀង គឺនៅផ្ទះអត់មានអង្ករនោះទេខ្ញុំ សំលឹងទៅម៉ែ ម៉ែកំពុងហូរទឹកភ្នែក។ មួយសន្ទុះក្រោយមកម្ដាយខ្ញុំចេញទៅក្រៅជាមួយបងប្រុសខ្ញុំហើយគាត់អោយខ្ញុំចាំផ្ទះ ខ្ញុំពរប្អូនស្រីដែលមានអាយុប្រហែលពីរឆ្នាំជាង ប្អូនប្រុសខ្ញុំយំទាបាយ ខ្ញុំបើកឆ្នាំងបាយគឺឃើញមានតែបាយកកមួយដុំប៉ុណ្ណោះ ប្អូនខ្ញុំស្រវាយកទាំងអស់ ខ្ញុំវៃប្អូនឡើងយំ ព្រោះខ្លាចអស់បាយខានម៉ែ។ ម៉ោងប្រហែលបីល្ងាចហើយមិនឃើញម៉ែមកវិញសោះប្អូនយំកាន់តែខ្លាំង ខ្ញុំក៍យំដែរ មេឃភ្លៀងយប់ងងឹតស្រាងៗបងប្រុសខ្ញុំមកដល់ជាមួយម្ដាយគឺខ្ញីស្រូវគេបានមួយតៅនឹងសុំបាយគេខ្លះមកជាមួយ គាត់ស្រវាពរប្អូនស្រីដែលកំពុងយំ ប្អូនប្រុសខ្ញុំយំផងទូពិតម្ដាយផង ហើយគាត់បន្ទោសខ្ញុំទាំងទឹកភ្នែកថាកូនហ្ហើយកូនម៉េចមិនអោយប្អូនស៊ីបាយ ពេលនោះខ្ញុំអាណិតម៉ែណាស់ហើយអាណិតប្អូនណាស់!»។ លោកថានេះគ្រាន់តែជារឿងកម្សត់មួយជ្រុងប៉ុណ្ណោះ ខណៈដែលភាពជូរចត់គឺមានច្រើនជាងនេះរាប់មិនអស់ ដែលលោកមិនដែលភ្លេច៕
មតិយោបល់