មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីលោកវីជេអាឡាស្កូ បានបង្ហោះទិដ្ឋភាពមង្គលការរបស់ប្អូនស្រីខ្លួននៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៣ មិនា ដោយក្នុងពិធីកាត់នំ ដែលភាគច្រើនកូនកំលោះត្រូវគេអោយកាន់ដៃគ្នាមកកាន់តុកាត់នំ អមដោយបទមនោសញ្ចេតនា និងក្រោយមកក៏តម្រូងអោយចាប់ដៃគ្នារាំស្លូនោះ វីជេអាឡាស្កូ បែរជារៀបពិធីអោយកូនកំលោះ កូនក្រមុំរាំបទ«រាំអ៊ីចេះ!» ដោយនាំបងប្អូនមិត្តភ័ក្ត្រស្លៀកក្បិនរាំបទនោះយ៉ាងកក្រើកមង្គលការខុសគេ។ មកទល់ពេលនេះ គេកត់សម្គាល់ថាវីដេអូមង្គលនោះ ត្រូវគេចែកចាយយ៉ាងពេញទំហឹង ដោយគេស្មានថាជាមង្គលនៅក្រៅស្រុកនោះផង។
វីជេអាឡាស្កូ និយាយថាដោយសារតែលោកចង់អោយប្លែក និងចង់អោយភ្ញៀវកិត្តិយសបានសប្បាយរីករាយ ទើបលោកតម្រូវអោយប្អូនស្រីរបស់លោកជាកូនក្រមុំ និងអ្នកកំដរ ព្រមទាំងបងប្អូនមិត្តភ័ក្ត្រ រាំបទ«រាំអ៊ីចេះ» ក្នុងពេលកាត់នំ ឬកាត់ផ្លែឈើនៅក្នុងថ្ងៃនោះ។ លោកថាហេតុផលស្លៀកក្បិន ហើយរាំបទនោះ គឺដោយសារតែលោក និងក្រុមគ្រួសារសុទ្ធតែតម្រូវអោយស្លៀកក្បិនដើម្បីទទួលភ្ញៀវ ហើយដល់ពេលពិធីកាត់នំមកដល់ ក៏រាំជុំគ្នាតែម្ដង ដោយអោយកូនកំលោះកូនក្រមុំជាអ្នករាំនាំមុខ។ ម្យ៉ាងមកពីបទនោះជាបទOriginal Song និង ជាបទស្នាដៃខ្មែរនោះផង ទើបលោកសម្រេចនាំគ្នាស្លៀកបែបប្រពៃណី ដើម្បីអោយពេលមានការបង្ហោះវីដេអូរាំបទនោះទៅ គឺគេថាអត្តសញ្ញាណខ្មែរ។ លោកចាត់ទុកថាពិធីនោះមានភាពកក្រើក ដោយសារតែមិនមែនសប្បាយតែក្រុមគ្រួសារលោកនោះទេ ដោយភ្ញៀវកិត្តិយសដែលបានចូលរួមក៏សប្បាយរីករាយណាស់ដែរ។ លោកសម្ដែងការភ្ញាក់ផ្អើល ដោយវីដេអូនោះត្រូវគេចែកចាយគគ្រឹកគគ្រេងក្នុងប៉ុន្មានថ្ងៃនេះ ដោយមានទាំងអ្នកសរសើរថាប្លែក និងគួរអោយចាប់អារម្មណ៍ផង។ អ្វីដែលលោកសប្បាយចិត្ត គឺវីដេអូបទនោះ ត្រូវបានលោកព្រាប សុវត្ថិ សរសើរថារៀបចំបានល្អ និងត្រូវបានអ្នកគាំទ្រជាច្រើនចែកចាយ អមដោយការសរសើរថាជាទិដ្ឋភាពប្លែកភ្នែក និងក្លាយជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមួយសម្រាប់ម្ចាស់មង្គលការ និងភ្ញៀវដែលបានចូលរួម។
តោះទស្សនាវីដេអូដ៏រីករាយនោះទាំងអស់គ្នា៖
https://www.youtube.com/watch?v=7pgzgCTpsRI&t=2s
https://youtu.be/y__YU9kn1f0
មតិយោបល់