ព័ត៌មានអន្តរជាតិ

ហ្វីលីពីន នឹងបើកប្រតិបត្ដិការបង្រ្កាបគ្រឿងញៀនទ្បើងវិញ តែមិនបង្ហូរឈាមដូចលើកមុនទេ

ហ្វីលីពីនៈ ប្រធានប៉ូលិសលោក Ronald dela Rosa បានប្រកាសចាប់ផ្តើមបើកប្រតិបត្ដិការ ប្រឆាំងគ្រឿងញៀនទ្បើងវិញ កាលពីថ្ងៃចន្ទ ដោយលោកសង្ឃឹមថា នឹងមានការបង្ហូរឈាមតិច ឬក៏គ្មានតែម្ដង សម្រាប់ដំណើរថ្មីនេះ បន្ទាប់ពីពេលកន្លងទៅ ប្រតិបត្តិការនេះ ធ្លាប់ត្រូវបានរិះគន់ពីអន្តរជាតិ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ៦ ខែមិនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់មន្ត្រីប៉ូលិរាប់រយនាក់ ប្រធាននគរបាលជាតិហ្វីលីពីន (PNP) លោក Ronald dela Rosa បាននិយាយថា PNP ត្រូវតែមានទឹកចិត្តមុះមុត ក្នុងការបំពេញការងារ និងបានអំពាវនាវដល់កងកម្លាំងស្ម័គ្រចិត្ត ចូលរួមជាមួយការងារថ្មីនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេស។

កន្លងមកកម្លាំង PNP ត្រូវបានវាយប្រហារពីក្រុមអង្គការសិទ្ធិមនុស្ស ដែលចោទប្រកាន់ថា សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ នៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតី លោក Rodrigo Duterte ដោយលើកទ្បើងថា មនុស្សជាង ៨.០០០ នាក់ហើយ ត្រូវបានសម្លាប់ចាប់តាំងពីលោក បានចូលកាន់តំណែង កាលពីខែមិថុនា។

គួរបញ្ជាក់ដែរថា ក្រុមសកម្មជនជឿជាក់ថា ប៉ូលិសស្ថិតនៅពីក្រោយ ការសម្លាប់អ្នកប្រើប្រាស់ថ្នាំញៀនរាប់ពាន់នាក់ ខណៈដែលកម្លាំង PNP បានបដិសេធរឿងនេះ និងបាននិយាយថា មនុស្សដែលត្រូវបានសម្លាប់នោះ គឺមានចំនួន ២.៥៥៥ នាក់តែប៉ុណ្ណោះ ក្នុងអំទ្បុងពេលប្រតិបត្ដិការវាយឆ្មក់ និងបង្ក្រាបគ្រឿងញៀន ហើយរាល់សកម្មភាពទាំងនោះ គឺបានធ្វើទ្បើងស្ថិតក្នុងគោលបំណង ដើម្បីការពារខ្លួនប៉ុណ្ណោះ៕

មតិយោបល់