ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រី«កំណត់ហេតុនាងនាថ»បានរឿងទី២ នៅមហាហង្ស

ទើបតែទទួលបានតួឯកក្នុងរឿង«ក្រមុំឆ្នាសប៉ះក្មេងស្ទាវ»របស់ផលិតកម្មមហាហង្សសោះ កាលពីព្រឹកថ្ងៃទី៧ មិនា តារាសម្ដែងក្រមុំចាមនាងណាតាហ្សា ត្រូវគេឃើញបានតំណែងតួឯកមួយទៀតយ៉ាងថ្មីស្រឡាងក្នុងរឿង«កញ្ចក់»។ នេះជាខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្មមហាហង្ស ដែលផ្ដល់ឱកាសឲ្យតារាស្រីរូបនេះបានតំណែងតួឯក។

ណាតាហ្សា និយាយថាសប្បាយចិត្តណាស់ ដែលក្រោយសាកល្បងការងារជាមួយផលិតកម្មមហាហង្ស ក៏ទទួលបានឱកាសសម្ដែងមួយរឿងថ្មីទៀត ដោយនាងមិននឹកស្មានដល់។ នាងថាខ្លួនទទួលសម្ដែងក្នុងរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»គ្រាន់តែនឹករំពឹងថានឹងបានទទួលឱកាសសម្ដែងតួឯកក្រោយពេលខ្សែរឿងមួយនោះត្រូវបានដាក់បញ្ចាំង ហើយជោគជ័យប៉ុណ្ណោះ។ អ៊ីចឹងហើយទើបសប្បាយចិត្ត នៅពេលរឿងមួយនោះមិនទាន់បញ្ចប់ថតផង ស្រាប់តែផលិតកម្មមហាហង្សហៅឲ្យនាងមកសម្ដែងក្នុងរឿង«កញ្ចក់»នាពេលនេះ។ នាងថានេះជារឿងប្រភេទខ្មោច ភ័យរន្ធត់ និងកំប្លែង ដោយនាងបញ្ជាក់ថាចំពោះសាច់រឿងគឺទាក់ចិត្តធ្វើឲ្យនាងចង់សម្ដែងតាំងពីដឹងខ្លឹមសារថ្មីនោះផង។
លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្ស បានអះអាងថាដោយសារតែណាតាហ្សាសម្ដែងបានល្អ ពូកែសម្ដែងឥតខ្ចោះក្នុងពេលធ្វើការជាមួយគ្នា ទើបលោកសម្រេចឲ្យនាងមកសម្ដែងក្នុងរឿងនេះទៀតដោយរំពឹងយ៉ាងខ្លាំងថាទីផ្សាររបស់ក្រមុំចាមរូបនេះនឹងខ្លាំង។ លោកថាផលិតកម្មមហាហង្សមានក្រុមការងារផលិតរឿងច្រើនក្រុម ហើយដោយសារតែមានតម្រូវការភាពយន្តប្រកួតប្រជែងនោះផង ទើបលោកសម្រេចចិត្តចេញថតរឿង«កញ្ចក់»មួយទៀត ដើម្បីបន្តកន្ទុយនឹងរឿងភាពយន្តខ្នាតធំ«ក្រមុំចាស់ប៉ះក្មេងស្ទាវ»។ ក្នុងរឿងនេះក្រៅពីប្រកាសថាចំណាយទុនខ្ពស់ ក៏នឹងរំលេចភាពភ័យខ្លាច និងកំប្លែងពីដើមដល់ចប់ ដែលលោករំពឹងថានឹងជោគជ័យជាមួយនឹងការសម្ដែងរបស់តួឯកស្រីនាងណាតាហ្សា ដែលល្បីក្នុងរឿង«កំណត់ហេតុនាងនាថ»នោះផងដែរ។

មតិយោបល់