ព័ត៌មានជាតិ

សម្រាស់ពេញទន្លេ បង្ក្រាបមិនចេះអស់!

កណ្ដាលៈ បទល្មើសនេសាទ ដាក់សម្រាស់ធំៗ ដោយជនជាតិវៀតណាម និងខ្មែរ ឥស្លាម កើតមានច្រើនណាស់ រាប់សិបកន្លែង នៅក្នុងទន្លេបាសាក់ ចាប់ពីតាខ្មៅ ដល់ស្រុកកោះធំ តាំងពីរដូវទឹកស្រកមក មកដល់ពេលនេះ មិនមានជំនាញជលផល ទប់ស្កាត់បង្ក្រាប ហាមឃាត់ឡើយ។

បទល្មើសនេសាទដាក់សម្រាស់នេះ ជាការចាប់មេត្រីផ្ដាច់ពូជ នៅក្នុងទន្លេនាំឲ្យ វិនាសហិនហោច ធនធានមច្ឆាជាតិ។ ទន្ទឹមនេះដែរ មន្ត្រីជំនាញជលផលដេកលក់ឈឹង សង្ស័យត្រូវថ្នាំសណ្ដំ របស់ អ្នកប្រព្រឹត្ត អស់ហើយ។

តាមការមើលឃើញ ជាក់ស្ដែង នៅក្នុងទន្លេបាសាក់ ពេលនេះ ចាប់ពីក្រុងតាខ្មៅ ទៅដល់ ព្រំដែន ជ្រៃធំ ស្រុកកោះធំ មានសម្រាស់ធំៗ ស្កេកស្កះ ច្រើន រាប់រយកន្លែង ស្ទើរពេញផ្ទៃទន្លេ ដែលគេដឹងថាសម្រាស់ទាំងនោះ ប្រើមែកឈើ ដាក់ពន្លិចទឹក និងដោតបង្គោលឫស្សីជុំវញ ដើម ត្រកៀត រឺកំផ្លោកនៅពីលើ ដែលភាគច្រើន មាន វៀតណាម និងចាម ជាអ្នកដាក់។

ការប្រព្រឹត្តបទល្មើសនេសាទ ដាក់សម្រាស់ទាំងនេះ ទៅបាននោះ ត្រូវបានគេដឹងថា មុននឹងដាក់គេរត់ការទាក់ទង ជាមួយមន្ត្រី ជំនាញជលផល នៅតាមស្រុក រួចរាល់អស់ហើយ ទើបអាចដាក់សម្រាស់បាន ច្រើនកន្លែងស្កេកស្កះធំៗ បែបនេះ ទៅបាន ។

ចំណុចដែលមានសម្រាស់ច្រើន ជាប់គ្នារដឹក គឺ មាននៅ កន្លែងទឹកជ្រៅដូចជា ខាងលិចកោះគ ចុងកោះគ រហូត ដល់ក្បាលកោះ ខ្សាច់ទន្លា ចុងកោះ និងនៅចុងកោះថ្មី ក្នុងទឹកដីស្រុកស្អាង មានសម្រាស់ មិនក្រោម១០០កន្លែងទេ ។
ចំណែក ក្នុងទឹកដីស្រុកកោះធំ វិញ ក៏មានសម្រាស់ ច្រើនមិនតិចជាងស្រុកស្អាង ដែរ គឺ នៅកន្លែងមានទឹកជ្រៅ មានសម្រាស់ជាប់គ្នាមិនដាច់ បន្តរហូតដល់ព្រំដែន ជ្រៃធំ ។

តាមប្រភពឲ្យដឹងថា គេដាក់សម្រាស់ ដោយប្រើនុយ រឺចំណី ដែលទាក់ទាញត្រីមកស៊ីទើគេកៀរយកត្រី ទាំងតូចធំគ្រប់ប្រភេទ ។ ហើយមកដល់ពេលនេះ សកម្មភាព កៀសំរាស់ចាប់ត្រី បានចាប់ផ្ដើមហើយ ។ បន្ទាប់ពី កៀរយកត្រី ក៏ដាក់ទៅវិញ អត់មានជំនាញ និងអាជ្ញាធរ ហាមឃាត់ទេ ពូជត្រី ក្នុងទន្លេ អាចនឹងវិនាសហិនហោច មិនខាន ស្របពេលដែល នៅតាមក្នុងបឹង អតីតៈ ឡូនេសាទ កើតមានបទល្មើសនេសាទខុសច្បាប់ ជាច្រើន គ្មានអ្នកបង្ក្រាប ដែរនោះ ។

ទាក់ទងនិងបទល្មើសនេសាទ នេះ អ្នកយកព័ត៌មានបានទំនាក់ទំនង តាមរយៈទូរសព្ទ និងសារអេឡិចត្រូនិច ទៅកាន់លោក វិត ធារិទ្ធ នាយខណ្ឌរដ្ឋបាល ជលផលកណ្ដាល ដើម្បីសុំការ បំភ្លឺ និងពន្យល់ ប៉ុន្តែលោកមិនឆ្លើយតបទេ។

បើទោះជាបែបណាក្ដីប្រជាពលរដ្ឋបានសំណូមពរ ដល់មន្ត្រីជំនាញជលផល និង អាជ្ញាធរ មានវិធានការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនេសាទ គ្រប់ប្រភេទ បន្ទាន់ផង មុននឹងធនធានមច្ឆជាតិផុតពូជ ដោយសារការប្រើឧបករណ៍ នេសាទ ខុសច្បាប់៕

មតិយោបល់