ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនម្ចាស់ផលិតកម្ម៣រូប ឡើងកូដ តែទីផ្សារសិល្បៈចង្អៀត

ក្នុងពិភពសិល្ប:គេត់សម្គាល់ឃើញកូនប្រុសស្រីរបស់ម្ចាស់ផលិតកម្ម៣រូប បានក្លាយជាតារាល្បីឈ្មោះ និងឡើងកូដនាពេលចុងក្រោយ។ យ៉ាងណាមិញ តារាទាំង៣ត្រូវគេឃើញបានតំណែងជាតួឯកតែក្នុងផលិតកម្មរបស់ខ្លួនប៉ុណ្ណោះ បើទោះជាអ្នកទាំង៣មិនដែលប្រកាសថាក្រៅពី ផលិតកម្មខ្លួនឯងគឺមិនសម្ដែង។

អ្នកនាង ភិន សុដាលីស គឺជាកូនស្រីបង្កើតរបស់លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្ស។ អ្នកនាងបានក្លាយជាតារាល្បីដោយសារតែឪពុកលើកស្ទួយ បើទោះជាការសម្ដែងរបស់នាងនាពេលដំបូងៗ ហាក់មានកម្រិត។ មកទល់ពេលនេះនាងសម្ដែងមិនតិចជាង១០រឿងឡើយ ប៉ុន្តែមិនមានរឿងណាមួយ ដែលជាស្នាដៃភាពយន្តនៅក្រៅផលិតកម្មមហាហង្សនោះឡើយ។ ក្រោយស្ងប់រឿងអាស្រូវនាងត្រូវឪពុកតែងតាំងជាអ្នកទទួលខុសត្រូវរបស់ផលិតកម្មតែម្ដង ទើបកាន់តែបាត់ឱកាសសម្ដែងរឿងនៅក្រៅផលិតកម្មតែម្ដង ក្រោយពេលទីផ្សារសិល្ប:ក៏បានឈានឡើង។

លោក ថៃ ប៊ុននាង គឺជាកូនប្រុសរបស់ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រភាពយន្ត។ លោកបានបើកឆាកសម្ដែងជាតួឯកក្នុងរឿង«ស្ទឹងស្នេហា»កាលពីច្រើនឆ្នាំមុនជាមួយកញ្ញានី មុន្នីនាថ ក្រោមការលើកស្ទួយរបស់ម្ដាយ ហើយក៏ទទួលបានឱកាសសម្ដែងតួឯកក្នុងពេលបន្តបន្ទាប់រហូតក្លាយជាតារាល្បី។ ប៉ុន្តែគេមិនឃើញតារារូបនេះ ទទួលបានឱកាសថតស្ប៉ត ឬបានតំណែងតួឯកនៅក្រៅផលិតកម្មណាឡើយ ដោយសារតែផលិតករមិនចាប់អារម្មណ៍ ឬគិតថាលោកជាតារារបស់ចក្រវាទ្ប។ មកទល់ពេលនេះ ថៃ ប៊ុននាង បានក្លាយជាតារាល្បីមួយរូប ដោយលោកធ្លាប់បានប្រកាសថាមិនមានប្រកាន់ផលិតកម្មខាងក្រៅនោះទេ ប៉ុន្តែមកពីខាងផលិតករផ្សេងៗទំនងមិនហ៊ានផ្ដល់ឱកាស ទើបលោកឃើញសម្ដែងតែនៅផលិតកម្មខ្លួនឯង។

ឈុន សុវណ្ណភក្តី គឺជាកូនប្រុសម្ចាស់ផលិតកម្ម BKS ដែលក្រោយបើកផលិតកម្មចម្រៀងខ្លួនឯង ក៏ឈានដល់ថតភាពយន្តខ្នាតធំទៀត ដោយលោកគឺជាតួឯកក្នុងរឿងដែលបានផលិតឡើងទាំងនោះ។ ទោះជាមានរូបរាងតូចល្អិត មិនសូវអំណោយផលក្នុងអាជីពជាតារាសម្ដែង ប៉ុន្តែយោងតាមឱកាសបានសម្ដែងជាតួឯកក្នុងរឿង«ដៃគូកម្ចាត់ខ្មោច»រឿង«អាស៊ុយទ្រីស្មោះស្នេហ៍» និងរឿង«អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ»ដែលត្រៀមដាក់បញ្ចាំង អ្នកណាក៏មើលឃើញថាលោកទទួលបានការចាប់អារម្មណ៍លើសមត្ថភាព ហើយក្លាយជាតារាល្បីម្នាក់។ យ៉ាងណាមិញ ធៀបនឹងតារាសម្ដែងទូទៅដែលឆក់បានតំណែងតួឯកដល់៣រឿងដូចលោក ទីផ្សារសិល្ប:របស់គេរីកជាង។ ក្រៅពីអ្នកទាំង៣ តារាល្បីឈ្មោះមួយចំនួនក៏ត្រូវគេកត់សម្គាល់ថាបានតំណែងតួឯក ព្រោះតែមានបងបើកផលិតកម្មឲ្យថត ឬមានភាគហ៊ុនជាមួយដៃគូផលិតរឿងហើយបានសម្ដែងខ្លួនឯងផងដែរ ដោយគ្រាន់តែកេរ្តិ៍ឈ្មោះរបស់ពួកគេ មិនដល់អ្នកនាង ភិន សុដាលីស លោកថៃ ប៊ុននាង និងលោកឈុន សុវណ្ណភក្ដី ដែលមានម្ដាយឪពុកបោះទុនផលិតរឿងឲ្យសម្ដែងតួឯក រហូតក្លាយជាតារាល្បី។ យ៉ាងណាមិញ តារាទាំង៣ក៏មានសមត្ថភាពសមជាតួឯកផងដែរ ដោយមិនមែនសម្អាងតែលើឱកាសមួយមុខនោះទេ៕

មតិយោបល់