ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃីម រតនៈ ឈឺធ្ងន់ ចំពេលដាច់លុយ

ក្នុងប៉ុន្មានថ្ងៃនេះ តារាសម្ដែងលោកឃីម រតនៈ បានសារភាពថាលោកមានបញ្ហាសុខភាព មិនអាចទទួលសម្ដែងក្នុងរឿងណាមួយបានទេ ដោយខាងផលិតករទំនងជាអន់ចិត្តរឿង លោកលុបការសម្ដែងក្រោយការព្រមព្រៀងនោះផង នៅពេលសុខភាពស្រាប់តែរងការរំខាន។ លោកថាខ្លួនត្រូវការសម្ងំព្យាបាលសុខភាពអោយរឹងមាំបន្តិចទៀតសិនទើបសម្រេចចិត្តទទួលការសម្ដែងជាថ្មី បើទោះជាការបោះចោលការសម្ដែងក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ គឺមិនខុសពីផ្កាប់ឆ្នាំងខ្លួនចោល។

លោកឃីម រតនៈ បានសារភាពថា លោកធ្លាក់ខ្លួនឈឺសម្រាកនៅផ្ទះច្រើនថ្ងៃមកហើយ ដោយមានអាការៈហេវហត់ អស់កម្លាំង ហើយបើអង្គុយយូរគឺមានអាការៈចង់ដួល។ លោកត្រូវបង្ខំចិត្តសម្ងំនៅផ្ទះ ហើយលុបចោលការងារដែលទទួលទាំងអស់ ដោយលោកបានសារភាពថាសឹងនឹងធ្វើអោយលោកដាច់បាយម្ដងៗនោះផង ក្នុងពេលធ្លាក់ខ្លួនឈឺ ហើយអត់ទទួលការងារ។ លោកថាជារឿងពិបាកដែលលោកប្រឹងប្រែងធ្វើការហួសកម្លាំង ហើយនៅពេលធ្វើទុក្ខក៏គ្មានសល់លុយសម្រាប់មើលខ្លួន។ យ៉ាងណាមិញ លោកថាសុខភាពដែលបានធ្វើទុក្ខមានភាពល្អប្រសើរបន្តិចវិញហើយ បន្ទាប់ពីលោកប្រើថ្នាំទៀងទាត់ ហើយបានសម្រាកជាងមុន ខុសពីពេលទទួលសម្ដែងយ៉ាងងប់ងល់។ លោកថាហេតុផលអង្គុយយូរ បាយមិនបាន សម្រាកមិនបាន និងត្រូវថតហាលក្ដៅហាលភ្លៀង សុទ្ធតែជាកត្តាធ្វើអោយលោកធ្វើទុក្ខក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ ដោយធ្វើអោយលោកខាតបង់មិនតិចនោះទេ ដោយសារតែការងារសម្ដែងដែលបានទទួលសម្រេចចិត្តលុបអស់។ គាប់ជួនជាថ្លៃចូលពេទ្យក្នុងអំឡុងពេលឈឺត្រូវចំណាយអស់ដល់ជិត១០០០ដុល្លារនោះផង ទើបធ្វើអោយលោកចង់ដាច់បាយ ក្នុងពេលដែលខាងផលិតករដែលលោកថតអោយមួយចំនួនក៏មិនបើកលុយអោយ ហើយការងារថ្មីដែលត្រូវបានចំណូលក៏ថតអត់កើត។

លោក ឃីម រតនៈ បានអះអាងថាពេលធ្លាក់ខ្លួនឈឺទើបបានដឹងថា ការទទួលការងារដោយមិនគិតពីសុខភាពគឺជារឿងគួរសង្វេគ ជាពិសេសការធ្វើការលើសកម្លាំង។ លោកថាការងារសម្ដែងដែលខ្លួនបានចោល មិនតិចជាងខ្ទង់ពាន់ដុល្លារនោះទេ តែក៏ចាត់ទុកថាសំណាងផងដែរ ដែលខាងផលិតករមិនកំណត់អោយលោកទទួលខុសត្រូវដោយសុខចិត្តកែប្លង់ ពេលលោក
ឈឺធ្ងន់ទទួលសម្ដែងអត់បាន។ លោកសុំអោយខាងផលិតករយោគយល់ ដោយអះអាងថាហេតុផលដែលលោកអវត្តមានមិនមែនដោយសារតែចង់គេចនោះទេ ប៉ុន្តែគឺមកពីលោកឈឺធ្ងន់ដែលលោកខ្លួនឯងក៏ពិបាកទ្រាំ។ លោកថាខ្លួនមានពេលដាច់បាយម្ដងៗ ក្នុងពេលឈឺក៏ឈឺមិនមានលុយតម្កល់ ហើយខាងផលិតករក៏មិនបើកលុយអោយ ចំពេលដែលថ្លៃព្យាបាលមានចំនួនច្រើន៕

មតិយោបល់