ព័ត៌មានសិល្បៈ និងកម្សាន្ត

ខួបកូន អ្នកនាងសំប៉ូលីដា មិនស្ងប់ស្ងាត់ដូចលើកមុន

បន្ទាប់ពីជួបបញ្ហាបាក់ជើង អ្នកនាង សំប៉ូលីដា បានអះអាងថា ” ពិធីខួបកំណើតកូនស្រី ដែលធ្វើឡើងកាលពីថ្ងៃទី ២៤ ខែ កុម្ភ: ឆ្នាំ ២០១៧ នៅភោជនីយដ្ឋានខ្លួនក្នុងក្រុងតាខ្មៅ មានតារាចូលរួមច្រើនកុះករខុសពីកម្មវិធីធ្វើលើកមុន ” ។

អ្នកនាង សំប៉ូលីដា បានប្រាប់ Postkomsan កាលពីរសៀលថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៧ ឲ្យដឹងថា អ្នកនាងពិតជាសប្បាយចិត្ត ដែលកម្មវិធីរបស់ខ្លួនធ្វើលើកនេះ​ គឺមានតារាប្រុសស្រីជាច្រើនរូបចូលរួមអបអរសារទរ ដែលធ្វើឲ្យកម្មវិធីទាំងមូលអ៊ឹកធឹក មិនស្ងប់ស្ងាត់ខុសពីកម្មវិធីធ្វើកាលពីឆ្នាំទៅ ។

អ្នកនាង សំប៉ូលីដា បន្ដទៀតថា កម្មវីធីលើកនេះមានតារាចូលរួមដូចជា លោកសាន ផានិត អ្នកនាងស្វែង សុជាតា លោកសុរ៉ាម៉ាភូមិ អ្នកនាង ប៉ែនសុផានី និងតារាកំប្លែងល្បីៗជាច្រើនទៀត ។

អ្នកនាង សំប៉ូលីដា បានលើកឡើងបន្តទៀតថា សម្រាប់ស្ថានភាពបញ្ហាបាក់ជើង បើទោះបីជាសះស្បើយមែនពិត តែអ្នកនាងមិនអាចដើរបានដូចមនុស្សធម្មតាឡើយ ក៏ប៉ុន្ដែអ្នកនាងថានៅថតកុនដូចធម្មតា ដោយបញ្ចប់រឿងភាគសម្រាប់ស្ថានីយ៍ទូរទស្សន៍ PNN ក្រោមចំណងជើងថា “ផ្កាដុះលើថ្ម” ដែលដឹកនាំដោយលោក គាំចន្ធី ។

« អាចថតបញ្ចប់រឿងភាគបាន ក៏ព្រោះតែមានការលើកទឹកចិត្ត ពីសំណាក់មិត្តភក្ដិក្នុងអាជីពសិល្ប:ជាច្រើន ហើយក៏សូមអរគុណបំផុតនោះគឺ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយឧបត្ថម្ភយ៉ាងក្រាស់ក្រែលក្នុងការព្យាបាលជំងឺ នឹងជាទុនដើម្បីបន្តរបររកស៊ី »។ នេះជាសម្ដីរបស់អ្នកនាង សំប៉ូ លីដា ។

ទន្ទឹមជាមួយគ្នានេះដែរ អ្នកនាងនៅតែប្រកាសជំហរវិលចូលសិល្ប:វិញ នឹងទទួលថតរាល់តម្រូវការរបស់ផលិតករ ៕

មតិយោបល់