ព័ត៌មានជាតិ

គយរឹតតែតម្លើងថ្លៃ ខណៈតម្លៃផ្លែស្វាយកំពុងធ្លាក់ចុះ

កំពត: ក្រុមឈ្មួញរត់ទំនិញផ្លែស្វាយតាមច្រកព្រំដែនអន្តរជាតិព្រែកចាក នៃស្រុកកំពង់ត្រាច ខេត្តកំពត បាននិងកំពុងតែត្អូញត្អែរមិនដាច់ពីមាត់ ខណ:ដែលគយកម្ពុជា យកតម្លៃលើទំនិញនាំចេញខ្ពស់ហួសប្រមាណ ស្របពេលដែលឈ្មួញវៀតណាមកំពុងតែទម្លាក់ថ្លៃផ្លែឈើរបស់កម្ពុជា។

ឈ្មួញដឹកផ្លែឈើម្នាក់បានឲ្យដឹងថា រាល់ទិន្នផលកសិផលរបស់កម្ពុជា ដែលចង់នាំទៅលក់នៅវៀតណាមនោះ គឺត្រូវឆ្លងកាត់ការបង់ប្រាក់២ជម្រើស ដោយជម្រើសទី១ ត្រូវបង់ឲ្យគយកាំកុងត្រូល និងប៉ូលិសច្រក២កន្លែង ក្នុងមួយកេះស្វាយ យកតម្លៃ៧០០០រៀល សរុបទៅយកច្រើនជាងភាគីវៀតណាមទៅទៀត។ ជម្រើសមួយទៀតម៉ូតូ១គ្រឿង គឺមន្ត្រីគយយក ៥ម៉ឺនរៀល ហើយមិនបាច់បង់ឲ្យភាគីវៀតណាមក៏បានដែរ តែត្រូវកំណត់ផ្លែស្វាយមិនឲ្យលើសពី៨កេះ។

ជាមួយនិងការយកលុយ៥ម៉ឺនរៀលផ្តាច់មុខរបស់គយ ច្រកព្រែកចាក លើទំនិញផ្លែស្វាយនាំចេញនេះ បានធ្វើឲ្យប្រជាកសិករ និងក្រុមឈ្មួញកំពុងត្អូញត្អែរយ៉ាងខ្លាំង ខណ:ដែលតម្លៃស្វាយនាពេលបច្ចុប្បន្ន ត្រូវបានវៀតណាមទម្លាក់សល់ត្រឹម៥ទៅ៦រយរៀល តែប៉ុណ្ណោះ។

ដូច្នេះ ឈ្មួញដឹកផ្លែឈើ បានធ្វើការសំណូមពរឲ្យគយ ធ្វើការបន្ធូរការយកថ្លៃលើទំនិញផ្លែស្វាយនេះ ព្រោះថាចំពោះការខិតខំបង្កបង្កើនផល និងថ្លៃចំណាយលើមធ្យោបាយដឹកជញ្ជូន សឹងតែគ្មានសល់អ្វីទៅហើយ។

ពាក់ពន្ធ័នឹងការសំណូមពររបស់ក្រុមឈ្មួញខាងលើនេះដែរ លោក យ៉ែម សេង ប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រែកចាក ពុំអាចផ្តល់ការបំភ្លឺបាន ទេនៅព្រឹកថ្ងៃទី៩ ខែមីនានេះ ដោយលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ។

ចំណែកលោក សៅ រស្មី ប្រធានការិយាល័យកាំកុងត្រូល នៃច្រកនេះ បានមានប្រសាសន៍ថា ការយកលុយរបស់មន្ត្រីគយចំនួន៥ម៉ឺនរៀលលើ កសិផលស្វាយ ដូចការលើកឡើងរបស់ក្រុមឈ្មួញនេះ ពុំមានការពាក់ព័ន្ធនឹងជំនាញកាំកុងត្រូលឡើយ ព្រោះការបង់ប្រាក់មិនអាចយកតគ្នាបាននោះទេ ហើយចំពោះការដឹកតាមម៉ូតូមិនតម្រូវឲ្យបង់លុយទេ គឺយកតែលើរថយន្តចំនួន២ម៉ឺន៥ពាន់រៀល លើការត្រួតពិនិត្យតែប៉ុណ្ណោះ៕

//youtu.be/WKUrdzNJAJM

មតិយោបល់