ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញាក់ផ្អើល! អតីតពលករ លោក ឡេង ណាវ៉ាត់ត្រា មានទុនក្នុងដៃ១លានដុល្លារ

បន្ទាប់ពីបានទម្លាយអោយដឹងពីជីវិតយ៉ាងកម្សត់កាលពីប៉ុន្មានឆ្នាំមុន បានធ្វើអោយម្នាក់ៗ មានការចាប់អារម្មណ៍ចំពោះតារាចម្រៀង និងជាម្ចាស់ផលិតកម្ម Galaxy លោកឡេង ណាវ៉ាត់ត្រា យ៉ាងខ្លាំង ដោយសារតែលោកគ្រាន់តែជាអតីតពលករទៅបម្រើការនៅក្នុងប្រទេសកូរ៉េមុននេះសោះ តែអាចក្លាយខ្លួនជាម្ចាស់ជំនួញដីធ្លី និងជាម្ចាស់ផលិតកម្មធំមួយយ៉ាងជោគជ័យមិនគួរអោយជឿ។ អ្វីដែលគួរអោយកោតសរសើរ មានការអះអាងថាមុខជំនួញដែលលោកដំណើរការ បានកើនទុនដល់១លានដុល្លារហើយ ដោយមិនរាប់ទ្រព្យរបស់រួមមានផ្ទះ និងឡាននៅឡើយ។

ប្រភពដែលស្និទ្ធិនឹងលោកឡេង ណាវ៉ាត់ត្រា បានអះអាងថាមិនរាប់បញ្ចូលអាជីវកម្មបើកផលិតកម្មGalaxy ផលិតកររូបនេះ មានជំនួញដីធ្លីគិតដើមទុនប្រមាណ១លានដុល្លារហើយក្នុងដៃ។ នេះជាជោគជ័យយ៉ាងកម្រ បើងាកទៅកាន់អតីតកាលរបស់លោកដែលគ្រាន់តែជាអ្នកក្រីក្រ និងជាអតីតអ្នកទៅបម្រើការតាមរោងចក្រនៅក្នុងប្រទសកូរ៉េ។ ប្រភពដដែលបន្ថែមថា ក្នុងពេលបម្រើការនៅក្នុងប្រទេសកូរ៉េ លោកបានសន្សំលុយមួយផ្នែកក្រៅពីជួយគ្រួសារទៅទិញដីស្រែស្ដុកទុក ទើបក្រោយពេលបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ ក៏បែកគំនិតលក់ដីទាំងនោះយកដើមទិញ ដីស្រែធំៗហើយពុះឡូតិ៍ ហើយក្លាយជាអ្នកជំនួញជោគជ័យដល់បច្ចុប្បន្ន។ លោកត្រូវគេឃើញទើបនឹងទិញរថយន្តតម្លៃជិត១០ម៉ឺនដុល្លារជិះមុននេះនោះផង បន្ទាប់ពីជំនួញទិញដីរីកចំរើនធំៗទៅនាពេលចុងក្រោយ។

លោកឡេង ណាវ៉ា់ត់ត្រា បានសារភាពថាជំនួញដីធ្លីរបស់លោកពិតជាកើនដើមទុនមិនក្រោម១លានដុល្លារប្រាកដមែន ដោយសារតែលោកប្រថុយបណ្ដាក់ទុន ហើយបន្តបន្ទាប់មកក៏រៀបផែនការមុខជំនួញច្បាស់លាស់។ លោកថាកាលខ្លួនបម្រើការនៅក្នុងប្រទេសកូរ៉េ គ្រួសារលោកគ្រាន់តែជាអ្នកក្រីក្រប៉ុណ្ណោះ ហើយលោកក៏មិនដែលនឹកស្មានថាអាចទទួលផ្លែផ្ការហូតមានផ្ទះមានដី និងមានរថយន្តទំនើបជិះ ដោយមានទាំងមុខជំនួញដីធ្លីជាទ្រង់ទ្រាយធំក្នុងដៃបែបនេះដែរ។ លោកចាត់ទុកថានេះជាផ្លែផ្កាដែលបានពីការតស៊ូ និងហ៊ានប្រថុយក្នុងការបើកជំនួញដែលខ្លួនបានធ្វើ។ លោកទទូចអោយក្រុមពលករដែលមានឱកាសចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េ បែកគំនិត និងហ៊ានប្រថុយធ្វើមុខជំនួញណាមួយដែលពួកគេចូលចិត្ត ដើម្បីផ្លាស់ប្ដូរអនាគត តែត្រូវមានភាពច្បាស់លាស់។

លោកឡេង ណាវ៉ាត់ត្រា នៅតែបានរំលឹកថា កាលពីប៉ុន្មានឆ្នាំមុនលោកគ្រាន់តែជាសមាជិកម្នាក់ក្នុងគ្រួសារក្រីក្រមានតែផ្ទះជញ្ជាំងស្បូវលាយល្បាប់ និងប្រក់ស្លឹក ដោយសូម្បីតែ ញាតិមិត្ត និងបងប្អូន ក៏មាក់ងាយ និងមិនអោយតម្លៃដល់គ្រួសារលោកប៉ុណ្ណោះ។ លោកថាឪពុកខ្លួនជាអ្នករែកដី ហើយម្ដាយជាមេផ្ទះ លោក និងប្អូនៗបានបាយញាំឆ្អែតគ្រប់គ្នាតិចថ្ងៃណាស់។ ប៉ុន្តែលោកបានតស៊ូរកលុយទៅរៀនកូរ៉េ រហូតបានធ្វើទៅធ្វើការនៅក្នុងប្រទេសកូរ៉េ ហើយដោយមានគំនិតវែងឆ្ងាយផង ក៏បើកជំនួញទិញដីពុះលក់រហូតជោគជ័យ៕

មតិយោបល់