យោងតាមបទសម្ភាសន៍ចុងក្រោយ តារាសម្ដែង នាង ពេជ្រ អាវីហ្សា បានអះអាងថា លោក គៀង ហេង ជាប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព និង ជាអតីតគូសេ្នហ៍បានយល់ព្រមបែកគ្នាជាមួយនាងដោយសន្តិវិធី។ នៅលើគណនីផ្ទាល់ខ្លួនរបស់លោក គៀង ហេង ក៍បានប្រកាសថាលោក យល់ព្រមផ្ដល់សេរីភាពឲ្យនាង ដោយឈប់តាមរំខានបន្តទៀតផងដែរ។
ពេជ្រ អាវីហ្សា និយាយថា ជម្រើសចុងក្រោយរបស់នាង និងក្រុមគ្រួសារ គឺសម្រេចមិនប្ដឹងនោះទេ បន្ទាប់ពីគ្រួសាររបស់លោកគៀង ហេង និងគ្រួសារ យល់ព្រមដោះលែងនាងឲ្យមានសេរីភាព ហើយឈប់បន្តអុកឡុក។
នាងថាគ្មានអ្វីសប្បាយចិត្តជាង ទទួលបានសេរីភាពពីលោក គៀង ហេង នោះទេ ដោយសារតែនាងយល់ថា រវាងលោក និង នាង មិនអាចនឹងត្រូវរូវគ្នា និងបានបញ្ជាក់ថាចាប់តាំងពីនាងសុំបែក គឺបុរសម្នាក់នេះតាមគំរាមកំហែង និងប្រើអំពើហិង្សារលើនាងចំនួន៨លើកមកហើយ។
នាងត្រូវបុរសជាគូស្នេហ៍ វាយបែកចង្ការ និងកាច់ជើងនាងឲ្យរបួសធ្ងន់នោះ ក្រោយពេលដែលនាងនៅតែប្រកាន់ជំហរមិនជុំ។ អ៊ីចឹងហើយទើបនាងមិនចង់បានអ្វីក្រៅពីសុំឲ្យលោកដោះលែងនាង។ នាងថា ទាំងយាយ ទាំងគ្រួសាររបស់លោកគៀង ហេង បានសម្រេចមិនឲ្យអតីតគូស្នេហ៍រូបនេះបន្តពាក់ព័ន្ធជាមួយនាងទៀតទេ ដោយក្នុងនោះ លោកគៀង ហេង ក៍សន្យាថានឹងឈប់តាមរំខានជីវិតរបស់នាងជាថ្មីទៀតដែរ។
ពេជ្រ អាវីហ្សា និយាយថានាងមិនត្រូវការសំណងអ្វីទាំងអស់ ដោយសារតែនាងចង់បានលទ្ធផលមួយគត់ គឺមានសេរីភាពពីលោកគៀង ហេង។
ងាកទៅកាន់ហេតុការណ៍ ដែលនាំអោយផ្ទុះហិង្សានោះវិញ នាងនិយាយលម្អិតថា នៅថ្ងៃទី១៣ វិច្ឆិកា លោកគៀង ហេង បានគំរាមយកនាងមកដើរលេងនៅខេត្តព្រះសីហនុជាមួយខ្លួន ហើយដោយនាងពិបាកប្រកែក កុំបានយកឪពុកអោយមកជាមួយដែរ។ នៅយប់ថ្ងៃដដែល លោកគៀង ហេង បានយកនាងទៅលេងក្លិប LV មិនមែនក្លិបស្កាយដូចបាននិយាយច្រលំកន្លងមកនោះទេ ហើយក៍មានរឿងឈ្លោះប្រកែកគ្នាកើតឡើង។
នាងថា ក្រោយពីនាងច្រលោតខឹង ហើយបោកកែវចោលព្រោះតែពាក្យសម្ដី និងទង្វើដែលនាងមិនចូលចិត្ត លោកគៀង ហេង ក៍ដឹកដៃនាងឡើងឡាន ហើយហេតុការណ៍ឈ្លោះគ្នាលើឡាន ក៍បង្កឲ្យមានអំពើហិង្សាររហូតបែកមុខបែកមាត់តែម្ដង។
ពេជ្រ អាវីហ្សា បន្តថា នៅពេលចេញពីឡានទៅដល់ផ្ទះលោកយាយរបស់លោកគៀង ហេង នៅកំពង់សោម ជម្លោះក៍បានកើតឡើងបន្តទៀត ដោយលោកគៀង ហេង បានឲ្យអង្គរក្សចាប់នាង នៅពេលនាងស្ទុះបោកនេះបោកនោះដើម្បីតតាំង ហើយលោកក៍ស្ទុះប្រតាយប្រតប់បង្កហិង្សារដាក់នាងបន្ថែមទៀត នៅពេលនាងរើ ដើម្បីរំដោះខ្លួន។
នាងថាហេតុការណ៍គ្រានោះ ទាំងយាយលោកគៀង ហេង និងឪពុកនាង បានត្រឹមតែឈរស្រែកប៉ុណ្ណោះ ដោយសារតែលោកគៀង ហេង មានអង្គរក្ស។ នាងបញ្ជាក់ថា ហេតុការឈ្លោះគ្នា មិនមានបង្កឲ្យមានការភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានខាងក្រៅនោះទេ ដោយសារការឈ្លោះគ្នាក្នុងក្លិបបានតែបន្តិច ក៍នាំគ្នាឡើងឡាន ហើយអំពើហិង្សារដែលបានកើតឡើង ក៍ស្ថិតនៅក្នុងរថយន្ត និង នៅក្នុងផ្ទះលោកយាយរបស់លោកគៀង ហេង នៅខេត្តព្រះសីហនុ។
យ៉ាងណាមិញ នាងថាអ្វីៗត្រូវបានបញ្ចប់ហើយ បន្ទាប់ពីលោកគៀង ហេង និងគ្រួសារយល់ព្រមសុំទោស និង សម្រេចដោះលែងនាងឲ្យមានសេរីភាព ដោយមានចាស់ទុំខាងប្រុសទទួលដឹងឮ៕
មតិយោបល់