ភ្នំពេញៈ បុរសម្នាក់ផឹកស្រាស្រវឹង ហើយត្រូវជនសង្ស័យមានគ្នា២នាក់ ជាភេទទី៣មកបន្លំយកលុយអស់៣០០ដុល្លារ។ ពីថ្ងៃក្រោយមក បុរសម្នាក់ទៀតជាមិត្តរបស់ជនរងគ្រោះ បានមកធ្វើជាស្រវឹងម្តងទៀត នៅទីតាំងដដែលដើម្បីបញ្ឆោតជនសង្ស័យ ភ្លាមនោះក៏មានជនសង្ស័យ២នាក់ជាភេទទី៣មកធ្វើជាជួយរឺតចាប់ខ្យល់ហើយបន្លំដោះខ្សែក ភ្លាមនោះជនរងគ្រោះក៏បានចាប់ តែជនសង្ស័យបានរត់ជិះម៉ូតូគេចខ្លួនតាំងពីចំណុចមុខហាង យីហោ៥៤ល្ងាចស្រស់ តាមបណ្តោយផ្លូវលេខ១៧៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រហូតទៅដល់ផ្លូវព្រះស៊ីសុវត្ថិទើបចាប់បាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅយប់បីថ្ងៃមុន មានមិត្តភក្តិម្នាក់បានមកអង្គុយផឹកស៊ី នៅហាង ៥៤ព្រឹកថ្មីល្ងាចស្រស់ ខណៈដែលស្រវឹងក៏ចេញមកក្រៅ ភ្លាមនោះស្រាប់តែមានជនសង្ស័យជាភេទទី៣ បានមកជួយរឺតនិងច្របាច់ចាប់ខ្យល់ជនរងគ្រោះហើយក៏បានបន្លំយកលុយអស់ចំនួន៣០០ដុល្លារ រួចគេចខ្លួនបាត់។
សាក្សីដដែលបានបន្តថា បន្ទាប់ពីដឹងថាជនសង្ស័យបន្លំលួចលុយ អស់រយៈពេល៣ថ្ងៃ ក្រោយមករូបគាត់បានប្រើល្បិចធ្វើជាស្រវឹងដើម្បីចាប់ជនសង្ស័យ។ ភ្លាមនោះស្រាប់តែជនសង្ស័យទាំង២នាក់មកម្តងទៀត និងធ្វើជាចិត្តល្អជួយ និងបន្លំដោះខ្សែក ដោយឃើញដូច្នេះ រូបគាត់បានចាប់ជនសង្ស័យម្នាក់គ្រៀកកជាប់ តែជនសង្ស័យរើបម្រាស់រួច ហើយក៏ឡើងជិះម៉ូតូគេចខ្លួនតាំងពីចំណុចកើតហេតុខាងលើ រហូតទៅដល់ផ្លូវព្រះស៊ីសុវត្ថិជនសង្ស័យក៏បានទុកម៉ូតូចោលហើយរត់បំបែកគ្នាដោយម្នាក់ដើចូលក្នុងចំណោមមនុស្សច្រើននិងម្នាក់ទៀតលោតចូលក្នុងទឹកទន្លេ។
សាក្សីបានបន្តទៀតថា ដោយសារតែចាំមុខជនសង្ស័យ ទើបចាប់បានម្នាក់ដែលដើរចូលក្នុងចំណោមមនុស្សច្រើន ក្រោយមកជនង្ស័យដែលលោតទឹកដោយសារមិនចេះហែលទឹកក៏រត់ឡើងសារភាពទើបចាប់បានជនសង្ស័យទាំង២នាក់ តែដោយសារតែពលរដ្ឋទប់កំហឹងមិនបាន បានវាយស្វាគមន៍យ៉ាងចាស់ដៃរហូតទ្រមខ្លួន ទើបប្រគល់ជនសង្ស័យខាងលើ ទៅឲ្យសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ផ្សារថ្មីទី៣ ដើម្បីសាកសួរនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់