ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វាមី ថន តារា ចុះមកកម្ពុជា ចាត់ចែងមង្គលការ

ភ្នំពេញ: យោងតាមការអះអាងរបស់ថន តារា នាងបានប្រាប់ថា លោកណាវរ៉ាត់ យូប៉ាំងរ៉ុង ជាអនាគតស្វាមីរបស់ខ្លួនបានចុះមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ឧសភា មកម្ល៉េះ ដើម្បីរួមមានគ្នាចាត់ចែងមង្គលការ រួមមានដើរជួលទីតាំងធ្វើពិធី ជួលផ្នួង និងចូលរួមគំនិតចាត់ចែងជាច្រើនទៀត ដើម្បីឲ្យមង្គលការនៅថ្ងៃទី២៦ ខែមិថុនាខាងមុខមានភាពរលូន។ ដំណើរចុះមកលើកនេះ ក៏ដើម្បីមកថត Pre-wedding បែបខ្មែរ ទុកសម្រាប់បង្អួតភ្ញៀវនៅថ្ងៃចូលរោងផងដែរ។

ថន តារា បានប្រាប់ Post News ពាក់ព័ន្ធនឹងបញ្ហានេះថា លោក ណាវរ៉ាត់ យូប៉ាំងរ៉ុង គ្រោងត្រលប់ទៅវិញនៅថ្ងៃទី១៤ ខែឧសភានេះ បន្ទាប់ពីការចាត់ចែងលើកិច្ចការ ដែលត្រូវការការសម្រេចចិត្តរបស់នាងជាកូនក្រមុំ និងលោកជាកំលោះបានចប់សព្វគ្រប់។

នាងថា ដោយសាររយៈពេលក្នុងការចាត់ចែងមានកំណត់មួយខ្លី ទើបការចាត់ចែងគឺត្រូវខ្វែងដៃខ្វែងជើងមិនថានាង និងក្រុមគ្រួសារ ចំណែកលោក ណាវរ៉ាត់ យូប៉ាំងរ៉ុង គឺចាំតែជួយសម្រេចកិច្ចការសំខាន់ៗដើម្បីឲ្យលោកពេញចិត្តនៅពេលចាត់ចែងប៉ុណ្ណោះ ជាពិសេសគឺការវាស់វែងសំលៀកបំពាក់ឲ្យត្រូវនឹងដងខ្លួន ការជ្រើសរើសម៉ូដខោអាវឲ្យសមក្នុងពិធី និងការកុម្ម៉ង់ពាក់ព័ន្ធនឹងដេគ័រក្នុងដែលត្រូវតែមានលោកសម្រេចចិត្តនោះ។

ថន តារា បានបង្ហោះនូវរូបថត Pre-Wedding ជាច្រើនសន្លឹក ជាមួយនឹងបុរសពោះម៉ាយជនជាតិថៃ បន្ទាប់ពីលោកបានចុះមកដល់ស្រុកខ្មែរ ក្នុងប៉ុន្មានថ្ងៃនេះ។ នាងនិយាយថា «ដោយសារយើងចាត់ចែងលឿនៗ ចឹងប៉ុន្មានថ្ងៃហ្នឹងគឺស៊ុតម្មងតាំងពីជួលអាគារ ភ្នួង ដេគ័រ និងថត Pre-Wedding ជាដើម ប៉ុន្តែគាត់ថ្ងៃ១៤ (ឧសភា) ទៅវិញហើយ ប្រហែលកៀកការបានមក!»។ នាងថាមង្គលការរបស់ខ្លួន ធ្វើឡើងនៅអគារA កោះពេជ្រ ចំណែកចំនួនភ្ញៀវអាចនឹង៦០តុ៕

photo_2016-05-12_09-49-13 (2) photo_2016-05-12_09-49-13 photo_2016-05-12_09-49-12 (2) photo_2016-05-12_09-49-12 photo_2016-05-12_09-49-16 photo_2016-05-12_09-49-15 (2) photo_2016-05-12_09-49-15 photo_2016-05-12_09-49-14 (2) photo_2016-05-12_09-49-14

មតិយោបល់