ស្ទឹងត្រែងៈ គ្រោះធម្មជាតិមួយបានកើតឡើង ទៅលើភូមិមួយក្នុងស្រុកថាឡាបរិវ៉ាត់បង្កឱ្យមានខ្យល់កន្ត្រាក់ ភ្លៀងផ្គររន្ទះបាញ់ បណ្ដាលមនុស្ស២នាក់បានស្លាប់ និង២នាក់របួសធ្ងន់ដោយរន្ទះបាញ់ និងរលំផ្ទះសង្កត់ កាលពីវេលាម៉ោង៧និង៥នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ចំណុចផ្សេងគ្នា ក្នុងភូមិតែមួយ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។
នគរបាលប៉ុស្តិ៍សំអាងបានឱ្យដឹងថា ជនរងគ្រោះដោយរន្ទះបាញ់ និងរលំផ្ទះ ទី១.ឈ្មោះហ៊ីង ក្រឹម ភេទប្រុសអាយុ២៥ឆ្នាំ(ស្លាប់) ២.ឈ្មោះថា សុខឿន ភេទប្រុសអាយុ៣៦ឆ្នាំ(ស្លាប់) ៣.ឈ្មោះសុំហៀង ភេទប្រុស អាយុ៣២ឆ្នាំ (របួសធ្ងន់) មានទីលំនៅក្នុងភូមិឆ្វាំង ឃុំសំអាងស្រុកថាឡាបរិវ៉ាត់។
ចំណែកម្នាក់រងរបួសធ្ងន់ដោយខ្យល់កន្ត្រាក់រលំផ្ទះសង្កត់ មានឈ្មោះយីន ភន្ត័ ភេទស្រី អាយុ៣៩ឆ្នាំ មានស្រុកកំណើតព្រៃព្រំ ឃុំបាទី ស្រុកសន្ធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
នគរបាលបានបន្ដថា នៅយប់កើតហេតុខាងលើ មានគ្រោះធម្មជាតិមួយបានកើតឡើង ដោយខ្យល់កន្ត្រាក់ភ្លៀងផ្គរ រន្ទះបាញ់កើតឡើងចំនួន៣ករណី រលំផ្ទះមួយករណី ក្នុងភូមិតែមួយកន្លែងផ្សេងគ្នា បានបង្កឱ្យមានមនុស្ស២នាក់បានស្លាប់ និង២នាក់របួសធ្ងន់។
នគរបាលប៉ុស្ដិ៍បានបន្តថា នៅយប់កើតហេតុជនរងគ្រោះដោយរន្ទះបាញ់ម្នាក់នៅលើផ្ទះពេលដែលមាន ផ្គរភ្លៀងក៏មានរន្ទះបាញ់ចំ បណ្ដាលឱ្យស្លាប់ភ្លាមៗ និងម្នាក់ទៀតពេលកំពុងជិះម៉ូតូទៅទិញថ្នាំបានពាក់កណ្ដាលផ្លូវក៏ ត្រូវរន្ទះបាញ់ស្លាប់ដែរ។ ចំណែក២នាក់របួសធ្ងន់ ម្នាក់របួសដោយរន្ទះបាញ់ និងម្នាក់ទៀតគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់រលំផ្ទះសង្កត់លើ។
លោកបានបន្ដទៀតថា ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យ និងបានបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកសពជនរងគ្រោះដោយរន្ទះបាញ់ស្លាប់ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់