ទើបតែវិលមកកាន់ការសម្ដែងជាថ្មីក្នុងរឿង “ទឹកភ្នែកមួយលានដំណក់” អ្នកនាង កូកូ ដែលជាអតីតតារាចម្រៀង ក្នុងក្រុមហាយក្លាស់របស់ក្លាស៊ិក បានរៀបការហើយ កាលពីថ្ងៃទី១៨ កុម្ភៈ នៅរាជធានីភ្នំពេញ។ មង្គលការរបស់នាង គេឃើញមានវត្តមានតារាបង្ហាញខ្លួនកុះករ ដោយម្នាក់ៗសុទ្ធតែរាំរែកយ៉ាងសប្បាយ រហូតដល់ចប់កម្មវិធី ខណៈដែលលោក រុន ណាកូ តួប្រុសដែលបានសម្ដែងជាមួយអ្នកនាង ក៏ទទូចកុំអោយអ្នកនាងបោះបង់សិល្បៈ។
ជាមួយនឹងពិធីមង្គលការនោះ លោក រុន ណាកូ ដែលជាតួឯកប្រុសដៃគូ អ្នកនាងកូកូ ក្នុងរឿង “ទឹកភ្នែកមួយលានដំណក់” បានបង្ហាញពីអារម្មណ៍ថា លោកពិតជាសប្បាយចិត្តមែនទែន ដែលតួឯកស្រីក្នុងរឿង ដែលលោកសម្ដែងជាមួយ បានចូលរោងការ ហើយបានរកឃើញសុភមង្គលនៅក្នុងជីវិត។ លោកថា អ្នកនាងគឺជាតារាដែលរួសរាយ និងមានទេពកោសល្យ ហើយលោកពិតជាមានអារម្មណ៍សោកស្ដាយ ប្រសិនបើអ្នកនាងកូកូ បោះបង់សិល្បៈ ក្រោយពេលរៀបការ។ លោកថា មង្គលការរបស់នាង ក៏មិនខុសពីចំណងដៃមួយ បន្ទាប់ពីភាពយន្តដែលលោក និងអ្នកនាងសម្ដែងរួមគ្នា ត្រៀមនឹងដាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ជាតិ ដែលជាដំណឹងដ៏ល្អនោះផងដែរ។ លោកថា កូកូ គួរតែបន្តអាជីពសិល្បៈ កុំអោយបាត់មុខដូចមុន ស្របពេលដែលការបង្ហាញខ្លួន របស់នាងក្នុងរឿង “ទឹកភ្នែកមួយលានដំណក់” ទទួលបានការចាប់អារម្មណ៍តាំងពីមិនទាន់ចាក់ផ្សាយបែបនេះ។
លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាសស៊ិក និងជាបងជីដូនមួយរបស់អ្នកនាង កូកូ និយាយថា កូកូគឺមិនខុសពីប្អូនស្រីបង្កើតរបស់លោកនោះទេ ទើបលោកដើរតួជាមេបា និងអញ្ជើញអ្នកសិល្បៈអោយចូលរួមកុះករ។ លោកថា ក្រោយរៀបមង្គលការកូកូ នឹងអាចបន្តការសម្ដែង ឬ ចម្រៀងតាមភាពជាក់ស្ដែង ប៉ុន្តែបើអោយប្រាកដមួយរយភាគរយ គឺនៅមិនទាន់ទេ។ ដោយឡែកសម្រាប់សិល្បករ ដែលលោកអញ្ជើញអោយចូលរួម នៅក្នុងថ្ងៃនោះ លោកអញ្ជើញចោះៗប៉ុណ្ណោះ ដោយសារតែខ្លាច រំខានតារាច្រើន ហើយលោកក៏មានអារម្មណ៍សប្បាយរីករាយផងដែរ ដែលតារាភាគច្រើនដែលលោកអញ្ជើញ ជាពិសេស គឺតារាដែលផលិតកម្មក្លាស៊ីកធ្លាប់ជ្រោមជ្រែង បានបង្ហាញខ្លួនស្ទើរមិនបាត់ម្នាក់៕
មតិយោបល់