ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ថាបទ«រាំអ៊ីចេះ»ឡូយ

ខណៈដែលតារាចម្រៀងមួយចំនួនមិនដែលទទួលស្គាល់ស្នាដៃរបស់តារាចម្រៀងដទៃល្អជាងខ្លួននោះ តារាចម្រៀងល្បីឈ្មោះនាងពេជ្រ សោភា បានអះអាងថា បទ«រាំអ៊ីចេះ!»របស់ឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ គឺបទឡូយទាំងចង្វាក់ភ្លេង និងក្បាច់រាំ។

នាងក៏បានទទួលស្គាល់ពីសន្ទុះឈានឡើងរបស់បទនេះ ក្រោយការចេញផ្សាយ ហើយទទួលបានការពេញនិយមលោតស្មើនឹងបទ«រាំញីកែងជើង»កាលពីឆ្នាំមុនផងដែរ ខណៈដែលការទទួលស្គាល់របស់នាងគឺស្របនឹងបទរបស់ឱក សុគន្ធកញ្ញា ត្រូវបាននាយករដ្ឋមន្ត្រី ជំរុញអោយគាំទ្រដូចគ្នានឹងបទ«រាំញីកែងជើង»ឆ្នាំមុននោះផង។

ពេជ្រ សោភា និយាយថាបទ«រាំអ៊ីចេះ»ដែលបានចេញលក់មានចំណុចល្អច្រើនដែលធ្វើអោយនាងទទួលស្គាល់ថាឡូយ ហើយខ្លាំង ប៉ុន្តែនាងថាខ្លួនក៏នៅមានបទល្អមិនទាន់ចេញផ្សាយនោះដែរ ទើបនាងយល់ថាស្នាដៃដែលនាងត្រៀមបញ្ចេញនៅមិនទាន់ស្ទាបស្ទង់។ នាងនិយាយថា«មានអីបងបទហ្នឹង(រំាអ៊ីចេះ)ឡូយតើ»។
ការលើកឡើងរបស់នាងត្រូវបានអ្នកគាំទ្រសរសើរថាជាការទទួលស្គាល់មួយស្របតាមបរិបទដែលបទ«រាំអ៊ីចេះ»បានក្លាយជាបទពេញនិយម ដែលផ្ទុយពីតារាស្រីមួយចំនួន ដែលទោះជាឃើញបទ Original Song របស់ពេជ្រ សោភា លោតខ្លាំង ក៏នៅតែបានប្រកែកថាបទរបស់ខ្លួនមិនចាញ់នាង ផ្ទុយពីបរិបទដែលគេមើលឃើញ កាលពីអំឡុងចូលឆ្នាំឆ្នាំមុន។ ពេជ្រ សោភា បន្តថានាងសរសើរចំពោះទឹកដៃក្នុងការនិពន្ធបទ«រាំអ៊ីចេះ»ហើយនាងក៏មានជំហរគាំទ្រនោះដែរ នៅពេលបានឃើញកូនខ្មែរកាន់តែធ្វើបទបានល្អ និងបំបែកក្បាច់រាំធ្វើអោយមានការគាំទ្រខ្ពស់។

នាងថាខ្លួននឹងប្រឹងអោយតែកាន់តែខ្លាំងថែមទៀត តែមិនមែនប្រឹងច្រណែន ឬក្ដៅចិត្តនោះទេ គឺកែច្នៃបទចម្រៀង និងក្បាច់រាំអោយបានល្អដើម្បីប្រទាញយកការគាំទ្រ។ នាងថាក្នុងអំឡុងចុងខែមីនាខាងមុន បទល្អៗរបស់នាងនឹងផ្ដើមចេញលក់ ហើយបើទោះជាអាចថាមិនខ្លាំងដូចបទកាលពីឆ្នាំមុន ក៏ប្រហែលជាមានរំពឹងនឹងអ៊ុតនោះដែរ។
ពេជ្រ សោភា បានអះអាងថា ខ្លួននៅតែផលិតបទសម្រាប់ចូលឆ្នាំសម្រាប់ខ្លួនឯង និងសម្រាប់តារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសច្រើនបទមិនខុសពីឆ្នាំមុន ខណៈដែលបទមួយចំនួនក៏មានប្រជាប្រិយភាពមិនធម្មតា បើទោះជាមិនបានលោតខ្លាំងដូចបទ«រាំអ៊ីចេះ» ដែលកន្ត្រាក់បានការចាប់អារម្មណ៍ច្រើននាពេលនេះ៕

មតិយោបល់