ក្នុងវ៉ុលសម្រាប់អបអរឱកាសបុណ្យចូលឆ្នាំខាងមុខនេះ តារាកំប្លែងអ្នកនាងអ៊ីត បានអះអាងថាខ្លួនមានតែ២បទប៉ុណ្ណោះសម្រាប់ចេញលក់ តែអ្វីដែលនាងសប្បាយចិត្តគឺបទដែលនាងបានថតចប់ សុទ្ធតែជាបទOriginal Song ។
អ្នកនាងរំពឹងយ៉ាងខ្លាំងថាបទនិពន្ធថ្មីទាំង២ទទួលជោគជ័យ បន្ទាប់ពីបទរបស់នាងទាំង២ ក៏ត្រូវអ្នកស្ដាប់កត់សម្គាល់ថាមានចង្វាក់ភ្លេងពិរោះ និងមានកំប្លុកកំប្លែងត្រូវនឹងទឹកដមសំឡេងរបស់នាង។
អ្នកនាងអ៊ីត និយាយថានាងសប្បាយចិត្តណាស់ ដែលផលិតកម្មសាន់ដេបានបញ្ចេញបទនិពន្ធថ្មីអោយនាងចំនួន២បទ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ ក្នុងពេលដែលបទរបស់នាងកាលពីចូលឆ្នាំឆ្នាំមុន មិនមែនជាបទនិពន្ធថ្មីផង ក៏មានអ្នកស្ដាប់ច្រើនមិនធម្មតារួចទៅហើយ។ បទទាំងពីរបានថតចប់ទាំងសំឡេង និងMV ដោយរង់ចាំតែថ្ងៃចេញលក់ប៉ុណ្ណោះនៅលើទីផ្សារក្នុងប៉ុន្មានថ្ងៃខាងមុខ។
បទទាំង២នោះរួមមានបទ«អូននៅOriginal » និងបទ«ចោរលួចប្ដី» ដោយអ្នកនាងប្រាប់ថាក្រៅពីមានអត្ថន័យគួរអោយចង់ស្ដាប់ហើយ ក៏មានបង្កប់ពាក្យចុងចួនប្រកបដោយភាពកំប្លុកកំប្លែងធ្វើអោយនាងមើលឃើញពីក្ដីរំពឹងផងដែរ។
នាងថា គ្មានអ្វីមានមោទនភាពជាងមានបទ និពន្ធថ្មីរបស់ខ្លួនដើម្បីចេញលក់នោះទេ ជាពិសេសនៅពេលចេញហើយ មិនមានតារាចម្រៀងណាម្នាក់ចម្លងសាច់ភ្លេចយកទៅច្រៀងបន្ត ធ្វើអោយខូលអត្តសញ្ញាណបទរបស់ខ្លួន។ នាងថានៅក្នុងផលិតកម្មសាន់ដេមានតារាចម្រៀងច្រើននាក់បានចូលកុងត្រា ប៉ុន្តែចាងហ្វាងផលិតកម្មនៅតែផ្ដល់អោយនាងបានដល់២បទ ដោយជាប្រភេទបទ Original Song ដែលនាងពេញចិត្ត។ នាងថាបទចម្រៀងទាំង២នឹងចេញលក់ក្នុងពេលឆាប់ៗនោះ សូម្បីតែ MV ក៏មានសកម្មភាពកំប្លុកកំប្លែង និងទាក់ភ្នែកណាស់ដែរ ទើបនាងរំពឹងខ្ពស់។ នាងថាផលិតកម្មនឹងមានគម្រោងទម្លាក់បទ Original Song អោយច្រៀងច្រើនទៀត ប្រសិនបើបទ «អូននៅOriginal » និងបទ«ចោរលួចប្ដី!»មានការគាំទ្រ។
តារាកំប្លែងកូនមួយ នាងអ៊ីត បន្តថា ទោះជាខ្លួនជោគជ័យក្នុងអាជីពចម្រៀង តែនាងមិនចោលអាជីពកំប្លែង និងអាជីពច្រៀងកាត់សក់នោះទេ ទើបនាងទទួលការងារទាំង២យ៉ាងសកម្មដោយអ្នកនាងប្រកាសថានោះជាការងារឆ្នាំងបាយតាំងពីនាងមិនទាន់ល្បីខ្លាំង។
អ្នកនាងក៏ត្រូវគេឃើញបណ្ដុះកូនស្រីអោយក្លាយជាតារាកំប្លែងអាជីព អមជាមួយគម្រោងជំរុញកូនស្រីអោយក្លាយជាអ្ន្កកច្រៀងកាត់សក់ ជាតារាចម្រៀង និងជាតារាសម្ដែងផងដែរ បន្តតំណែងពីអ្នកនាង។ នាងអ៊ីត គឺជាតារាស្រីមួយរូប ដែលត្រូវបានគេសរសើរថាមានជំនាញកំប្លែងល្អ និងចេះប្រើពាក្យកំប្លុកកំប្លែងថ្លៃថ្នូរមិនគ្រោតគ្រាត ទើបធ្វើអោយកេរ្តិ៍របស់នាងលេចធ្លោក្នុងក្រុមលោកពែកមី៕
មតិយោបល់