ព័ត៌មានសិល្បៈ និងកម្សាន្ត

Rain តារាល្បីកូរ៉េ មកដល់កម្ពុជាថ្ងៃ៣០ មីនានេះ

នៅថ្ងៃទី៣០ មីនា ខាងមុខនេះ មានការប្រកាសថាតារាចម្រៀងល្បីល្បាញរបស់ប្រទេសកូរ៉លោក Jung Ji-hoon ហៅលោក Rain នឹងចុះមកដល់ប្រទេសកម្ពុជា ដើម្បីបើកការប្រគំតន្ត្រីជាទ្រង់ទ្រាយលើកដំបូង ដោយព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅបរិវេណកោះពេជ្រ នៅខាងមុខសាលមហោស្រព។ អ្នកគាំទ្ររហូត៣៧០០០នាក់ ត្រូវបានអ្នករៀបចំកម្មវិធីប្រកាសថានឹងទៅទស្សនាព្រឹត្តិការណ៍នោះ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុនស្មាតបានអះអាងថា ដើម្បីសងគុណដល់អតិថិជិនដែលបានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនក៏សម្រេចចំណាយដើមទុនអញ្ជើញតារាចម្រៀង Rain អោយមកច្រៀងនៅភ្នំពេញនាដំណាច់ខែមីនានេះ ក្រុមហ៊ុននឹងផ្ដល់សំបុត្រឥតគិតថ្លៃរហូតដល់៣៧០០០នាក់ ដោយគ្រាន់តែអតិថិជនទាំងនោះបង្ហាញពីសេវាកម្មណាមួយដែលខ្លួនបានប្រើ ដូរយកសំបុត្រនៅគ្រប់សាខាធំៗរបស់ក្រុមហ៊ុនរហូតដល់សំបុត្រអស់ពីស្ដុក។

លោកថានេះជាការប្រគំតន្ត្រីយក្ស តែមិនមែនជាលើកទី១នោះទេ ដោយសារ២ឆ្នាំកន្លងមក ក្រុមហ៊ុនបានអញ្ជើញតារាចម្រៀងលំដាប់ពិភពលោក Demi Lovato និង Jessie J អោយមកច្រៀងនៅកោះពេជ្ររួចមក។ ការប្រគំតន្ត្រីនៅថ្ងៃ៣០ មីនា នេះនឹងមានវត្តមានក្រុមតារាចម្រៀងក្មេងខ្មែរ កញ្ញាឡូរ៉ាមម និងកញ្ញាអេដា ជាដើម ដែលជាតារាល្បីផ្នែក Original Song របស់កម្ពុជាផងដែរ។

លោករំពឹងយ៉ាងខ្លាំងថាតារាចម្រៀងRain និងតារាខ្មែរល្បីៗ នឹងធ្វើអោយឆាកតន្ត្រីអន្តរជាតិដ៏ធំមួយនាថ្ងៃនោះកក្រើក ដោយសារតែទីលានដែលត្រូវបានរៀបចំនោះនឹងផ្ដល់ឱកាសអោយអ្នកមានសំបុត្រទស្សនារហូតដល់៣៧០០០នាក់បានទស្សនាដែលជាចំនួនច្រើន។ ព្រឹត្តិការណ៍នេះក៏មានបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ SEATV ផងដែរ ដើម្បីអោយគាំទ្ររបស់លោក Rain និងតារាចម្រៀង Original Song របស់ខ្មែរផ្សេងទៀតដែលដូរសំបុត្រមិនបានអាចទស្សនា។

នេះជាដំណឹងដែលធ្វើអោយអ្នកគាំទ្ររបស់តារាចម្រៀងល្បីល្បាញលោក Rain មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលថ្ងៃប្រគំតន្ត្រីកាន់តែខិតមកដល់។ លោក Rain ត្រូវបានប្រកាសថានឹងមកដល់ប្រទេសកម្ពុជាព្រឹកថ្ងៃប្រគំតន្ត្រី ដោយលោកនឹងធ្វើសន្និសីទកាសែត ហើយយប់ឡើងក៏បង្ហាញខ្លួនច្រៀងរាំតែម្ដង។ វត្តមានរបស់លោកត្រូវបានរំពឹងថានឹងមានអ្នកគាំទ្រចោមរោមកុះករនៅបរិវេណព្រលានយន្តហោះ និងនៅកន្លែងប្រគំតន្ត្រី ដោយសារតែលោកគឺជាតារាល្បីរបស់កូរ៉េ និងពិភពលោក៕

មតិយោបល់