ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ផលិតកម្មឌីភី ត្រូវគេចាត់អោយទៅហុងកុង យ៉ាងតក់ក្រហល់

កាលពីល្ងាចថ្ងៃទី១២ មីនា តារាចម្រៀង និងជាម្ចាស់ផលិតកម្មឌីភី លោកកុយ ស៊ីឌឿន ត្រូវបានក្រសួងព័ត៌មានបញ្ជូនចេញទៅកាន់ទីក្រុងហុងកុងយ៉ាងតក់ក្រហល់ ដើម្បីអោយចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ ដែលព្រឹត្តិការណ៍មានភាពយន្តខ្មែរជាង១០រឿងបញ្ជូនទៅអោយចូលរួមដែរ។

ដំណើររបស់លោកត្រូវបានគេដឹងថា ឥតមានព្រាងទុកនោះទេ ដើម្បីធ្វើជាគណប្រតិភូក្នុងនាមជាទីប្រឹក្សារបស់ក្រសួងព័ត៌មាន ជួយជំរុញអោយពិពណ៌ភាពយន្តរបស់ខ្មែរនៅក្នុងទីក្រុងនោះ កាន់តែទទួលការចាប់អារម្មណ៍ទ្វេរឡើងលើឆាកអន្តរជាតិ។

លោកកុយ ស៊ីឌឿនបានថ្លែងប្រាប់តាមឆាតមុនឡើងយន្តហោះជាមួយភរិយាថា លោកត្រូវបានក្រសួងព័ត៌មានចាត់តាំងអោយចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយកំណត់អោយទៅអោយទៅអោយទាន់នៅថ្ងៃបើកសម្ពោធនាល្ងាចថ្ងៃទី១៣ មីនានេះ។ ដំណើររបស់លោកមិនបានដឹងពីចម្ងាយនោះទេ ដោយសារតែលោករវល់នឹងការងារសិល្បៈផង និងមុខជំនួញផង ហើយមិនបានឆែកមើលលិខិតអញ្ជើញ ដោយទើបតែមានអ្នកបញ្ជាក់អោយដឹងនៅប៉ុន្មានម៉ោងមុនចេញដំណើរកាលពីល្ងាចម៉ោង៥ ថ្ងៃទី ១២មីនា។

លោកថាក្រោយពីលោកបានបម្រើការជាអ្នកនិយាយវិទ្យុ និងបង្កើតល្ខោនប្រចាំវិទ្យុជាតិនេះជាលើកទី១ដែលក្រសួងព័ត៌មានបានកំហិតអោយលោកទៅចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តពិភពលោករបស់ហុងកុង តែសម្រាប់ការចាត់តាំងអោយទៅតំណាងក្រសួងសម្រាប់កម្មវិធីផ្សេងទៀតគឺរាប់មិនអស់ លោកថាមិនទាន់ដឹងក្រសួងអោយលោកទៅបំពេញកិច្ចការអ្វីខ្លះនៅក្នុង ព្រឹត្តិការណ៍ពិព័ណ៌មហោស្រពភាពយន្តនោះទេ ដោយគ្រាន់តែបានដឹងថាទៅចូលរួមចាត់ចែងក្នុងនាមជាអ្នកជំនាញសិល្បៈមួយរូបជាមួយនឹងប្រតិភូរបស់ក្រសួងផ្សេងទៀត។ លោកនឹងស្នាក់នៅទីក្រុងហុងកុងដល់ចប់ពិធីនៅថ្ងៃទី១៧ មីនា ដោយលោកថាវត្តមានចូលរួមនៅក្នុងឱកាសនេះនឹងជួយអោយលោកអាចយកបទពិសោធន៍ មកជំរុញដល់សិល្បៈភាពយន្តខ្មែរបាន។

លោកកុយ ស៊ីឌឿន បានអះអាងថាលោកជាតារាដែលមានប្រភពពីអ្នកសិល្បៈល្ខោនយីកេ ហើយក្រោយមកត្រូវបានវិទ្យុជាតិក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មានជ្រើសអោយនិយាយវិទ្យុ អោយបង្កើតសាច់រឿងជាល្ខោនចាក់នៅវិទ្យុ និងតែងតាំងអោយក្លាយជាទីប្រឹក្សាក្រសួងមកដល់បច្ចុប្បន្ន។ លោកគឺជាតារាចម្រៀង ជាពិធីករ និងជាម្ចាស់ផលិតកម្មឌីភី យ៉ាងជោគជ័យនាពេលចុងក្រោយ ដែលបានរួមចំណែកផលិតបទនិពន្ធ និងតាមរយៈបង្កើតក្លិបសិល្បៈបណ្ដុះអ្នកសិល្បៈជំនាន់ក្រោយរាប់មិនអស់។ លោកថាលោកទៅហុងកុងលើកនេះ គឺតក់កក្រហល់បំផុត ប៉ុន្តែក៏សប្បាយចិត្ត ដែលបានតំណាងអោយកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពប្រចាំដ៏ធំរបស់ហុងកុងក្នុងឆ្នាំ២០១៧នេះ ដែលបានប្រកាសធ្វើចាប់ពីថ្ងៃទី១៣ ដល់ទី១៧ មីនា៕

មតិយោបល់