ភ្នំពេញៈ បន្ថែមពីលើចម្លើយអស់សំណើចតបទៅអ្នកដែលលើកឡើងថា លោកកំពុងខូចចិត្ត បន្ទាប់ពីឃើញដៃគូរបស់ខ្លួន គឺកញ្ញា នីឡា ភ្ជាប់ពាក្យ តារាកំប្លែងនាយ ចឺម បានប្រាប់ថា តាំងពីដើមមកដល់ពេលនេះ លោកមិនធ្លាប់ស្រឡាញ់កញ្ញា នីឡា លើសពីប្អូនស្រី និងលើសពីដៃគូសម្ដែងឡើយ។ លោកថា អ្នកប៉ាន់ស្មានថា លោកស្រឡាញ់នាង និងខូចចិត្តចំពោះនាង គឺដោយសារតែលោក និងនាង គឺជាដៃគូសម្ដែងដែលមើលទៅស្និតស្នាលគ្នាពេកប៉ុណ្ណោះ។
នាយ ចឺម បានថ្លែងប្រាប់ថា កុំថាដល់រឿងស្រឡាញ់គ្នា គឺសូម្បីតែធ្លាប់មានអារម្មណ៍ដាក់គ្នាក្នុងន័យស្នេហាក៏មិនធ្លាប់មានដែរ។ លោកចាត់ទុកថា នីឡា គឺជាកូនស្រីរបស់មេ និងមិនចង់គិតបង្កើតអារម្មណ៍ស្នេហានាំឲ្យប៉ះពាល់ដល់ការងារឡើយ បើទោះជាលោក និងនាង មានឱកាសនៅកៀតកិតគ្នាច្រើនជាងតារាកំប្លែងផ្សេងទៀតរបស់ក្រុមកំប្លែង CTN ក៏ដោយ។ លោកនិយាយថា «សម្រាប់នីឡា តាំងពីដើមមក ខ្ញុំគិតថា ជាកូនមេ ហើយអត់ដែលមានអារម្មណ៍ស្នេហាស្នេហ៍ហឺតអីទេ ហើយខ្ញុំនៅតែអស់សំណើចនៅពេលអ្នកណាថា ខ្ញុំធ្លាប់ស្រឡាញ់គាត់ ឬខូចចិត្តអី!»។
នាយ ចឺ បន្ថែមថា បញ្ហាស្នេហាមិនមែនគ្រាន់តែធ្វើការរួមគ្នា ឬសម្ដែងជាមួយគ្នា ក៏កើតទៅបាននោះទេ ដរាបណាមិនមាននិស្ស័យ និងទឹកចិត្តគំនិតត្រូវគ្នានោះផង។ យ៉ាងណាមិញ នាយបានបង្ហើបថា នីឡា គឺជាស្រីស្អាតម្នាក់ ដែលលោកក៏ធ្លាប់សរសើរថាល្អផងដែរ។ លោកនិយាយថា «ការពិតមិនថាខ្ញុំ មិនថាអ្នកណាទេ សុទ្ធតែគិតថា គាត់ស្អាត ប៉ុន្តែម្យ៉ាងគាត់ជាកូនមេ និងម្យ៉ាងយើងលេងសើចជាមួយគ្នាពេកទៅ គឺអត់មានអារម្មណ៍អីចឹង(ស្នេហា)ហ្មង ទើបអត់ដឹងថា ស្រឡាញ់គ្នាក្នុងន័យស្នេហាអីកើត!»។
នាយ ចឺម ទទូចកុំឲ្យមានការយល់ច្រលំថា លោកធ្លាប់ស្រឡាញ់នីឡា និងកុំឲ្យមានការយល់ថា លោកខូចចិត្ត បន្ទាប់ពីតារាស្រីរូបនេះភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែផលិតកម្ម និងម្ចាស់វង់ល្ខោន ភី សុគន្ធី ដែលមានជីវភាពមិនខុសពីសេដ្ឋីនោះ។ ផ្ទុយទៅវិញ លោកមានតែសប្បាយចិត្ត និងត្រេកអរ ដែលឃើញនីឡា រកឃើញស្នេហា ដែលអាចបញ្ចប់ព័ត៌មានថា លោក និងនីឡា មានអារម្មណ៍ជាមួយគ្នាក្រៅឆាកនោះ។ នាយ ចឺម បង្ហើបថា ខ្លួនមានស្នេហាជាគោលដៅរបស់ខ្លួនហើយ ប៉ុន្តែមកពីលោកមិនទាន់ចង់បង្ហើប ទើបលោកសុំសិទ្ធិលាក់សិន។
មិនខុសគ្នាដែរ លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ធ្លាប់បានប្រកាសថា លោកមិនដែលរើសអើងអ្នកសិល្បៈដូចគ្នានោះទេ ប៉ុន្តែមកពីលោកមើលឃើញថា នាយ ចឺម និងកូនស្រីរបស់ខ្លួន មិនមានអ្វីដូចគេសន្និដ្ឋាន ទើបលោកក៏ចង់អស់សំណើចចំពោះរឿងនោះដូចគ្នា។ ផ្ទុយទៅវិញ លោកថា កូនស្រីរបស់លោកចាប់អារម្មណ៍នឹងលោក ផន រង្សី ជាគូដណ្ដឹងទៅវិញទេ ទើបពិធីភ្ជាប់ពាក្យរវាងនីឡា និងបុរសរូបនោះ ត្រូវបានកើតឡើង កាលពីថ្ងៃទី១៩ ខែឧសភា ដែលលោកបញ្ជាក់ថា គឺនីឡា ពេញចិត្តទទួលយកដោយមិនមានបង្ខិតបង្ខំ៕
មតិយោបល់