ព័ត៌មានជាតិ

ចុម! ឆេះទាំងព្រលឹមហ្មង

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការទុស្សេចរន្តអគ្គិសនី បានឆេះជាអណ្តាតភ្លើងលើប្រអប់ភ្លើងមួយកន្លែង ឆ្លងរាលដាលដល់សំយ៉ាបផ្ទះលក់ទូរសព្ទយីហោ ឡាយហ៊ាង ផ្អើលទាំងព្រលឹម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៣៦ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យឆេះខ្សែភ្លើង ប្រអប់ភ្លើង ឆ្លងទៅសំយាបផ្ទះប្រជាពលរដ្ឋរួមទាំងឆេះស្លាកយីហោ ហាងលក់ទូរស័ព្ទដៃ ឡាយហ៊ាង។ តែទោះជាយ៉ាងណា គ្រោះអគ្គិភ័យនេះ មិនបង្កឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ ដោយគ្រាន់តែឆេះខ្សែភ្លើង ប្រអប់ភ្លើង និងសំយាបផ្ទះប្រជាពលរដ្ឋ នៅជិតនោះតែប៉ុណ្ណោះ។

ក្នុងនោះដែរគេឃើញ រថយន្តពន្លត់អគ្គិភ័យ បានចេញមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់អស់១គ្រឿង និងប្រើបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពុងផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានទាក់ទងទៅខាងមន្រ្តីអគ្គិសនី (EDC)ឲ្យចុះមកត្រួតពិនិត្យ និងបិទចរន្តអគ្គិសនីនៅទីតាំងនោះភ្លាមៗផងដែរ៕

មតិយោបល់