ព័ត៌មានសិល្បៈ និងកម្សាន្ត

ផេត ណាប៉ាកា អះអាងលុយ ៣០ លានបាត បានមកពីញើសឈាមមិនមែនលក់គ្រឿងញៀនទេ

បន្ទាប់ពីមានការចាប់ខ្លួនតារាសម្ដែងស្រីអ្នកនាង ផេត ណាប៉ាកា ជាភរិយា បេន រ៉េតស៊ីង ពាក់ព័ន្ធជុំវិញករណីបានឃុបឃិតផ្ញើរប្រាក់ ៣០ លានបាត ទៅបុរសជាស្ដេចគ្រឿងញៀននៅប្រទេស ឡាវ នោះតារាស្រីខាងលើបានចេញមុខសារភាព នឹងអះអាងចំពោះមុខប៉ូលិស អ្នកកាសែត និងមហាជនថា លុយដែលនាងរកបាន គឺបានមកពីញើសឈាមទាំងស្រុងរបស់នាងពីសិល្បៈ មិនមែនឃុបឃិតលក់គ្រឿងញៀនឡើយ ។ នេះដោយយោងតាមគេហទំព័រ MThai នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៧ ។

តារាសម្ដែង ផេត ណាប៉ាកា បានសារភាពអះអាងថា ” ចំពោះរឿងលុយឬអ្វីក៏ដោយ ផេត សូមប្រាប់ថា វាមិនមែនដូចអ្វីដែលគេចោទប្រកាន់ឡើយ ច្បាស់ណាស់ ផេត មកថ្ងៃនេះគឺដើម្បីបំភ្លឺរឿងលុយនោះ ថាលុយដែលមានគឺបានមកពីណា ដោយរៀបណា គឺត្រូវបំភ្លឺឲ្យអស់ទៅតែម្ដងចា៎ស ហើយអាចសរុបបានថា ព័ត៌មានដែលចេញជា តួរលេខលុយ ៣០ លាន ឬ ប៉ុន្មាននោះ ទាំងអស់ជាលុយរបស់ផេត បានមកដោយញើសឈាម ” ។

យ៉ាងណាក្ដី តារាស្រីខាងលើបានបន្ដប្រាប់នៅចំពោះមុខអ្នកសារព័ត៌មានទៀតថា ” លុយដែលបានចោទប្រកាន់នោះ ទោះមាន ៣០ លាន ឬ ៣០ អ្វីក៏ដោយ វាមិនមានអីពាក់ព័ន្ធជាមួយករណីអ្វីទាំងអស់ ជាលុយដែលរកបានរយៈពេល ២ ឆ្នាំ ទោះបីជាមិនដល់៣០ លានក៏ដោយ តែវាជាលុយរបស់ផេត គ្មានពាក់ព័ន្ធរឿងក្ដីនេះឡើយ ” ។

ក្នុងនោះដែរ អ្នកនាង ផេត ណាប៉ាកា សំណូមពរដល់បងៗ សារព័ត៌មានថៃគ្រប់រូបឲ្យចេញផ្សាយនៅអ្វីដែលចេញពីមាត់របស់នាង ហើយសូមរងចាំនាងនិយាយសិន ចាំចេញផ្សាយព្រោះបច្ចុប្បន្ននេះ អ្នកនាង នៅមិនទាន់មានលិខិតចាប់ខ្លួន ឬដិកាកោះហៅនៅឡើយទេ មេធាវីអ្នកនាង កំពុងដោះស្រាយបញ្ហានេះហើយ៕

មតិយោបល់