ព័ត៌មានជាតិ

អេក្រង់កុំព្យូទ័រប្រណិតបំផុតថ្មីមួយរបស់ LG នឹងចេញលក់ចុងខែនេះ ជាមួយតម្លៃ ៩៩៩ ដុល្លារ

អេក្រង់កុំព្យូទ័រ ឬហៅថា Monitor ដ៏ប្រណិតបំផុតថ្មីមួយរបស់ក្រុមហ៊ុន LG ដែលទើបបានបើកបង្ហាញនៅឯព្រឹត្តិការណ៍ CES ខែមករា កន្លងទៅនេះ ឥឡូវត្រូវបានប្រកាសនូវតម្លៃ និងកាលបរិច្ឆេទចេញលក់ហើយ។

យោងតាមគេហទំព័រ The Verge អេក្រង់កុំព្យូទ័រ LG ម៉ូឌែល 32UD99 ដែលមានខ្នាតបញ្ចាំងរូបភាព 4K កម្រិត HDR នេះ ត្រូវបានហាងលក់ទំនិញអនឡាញ B&H ចាប់បើកឱ្យបញ្ជាទិញនៅថ្ងៃទី ២៨ ខែមីនា ក្នុងតម្លៃ ៩៩៩ ដុល្លារ ទន្ទឹមនឹងហាង Adorama ផងដែរ។

Monitor ទំហំ ៣២ អីុញនេះ ត្រូវបានរចនាឡើងជាមួយស៊ុមអេក្រង់ស្តើងបំផុត និងអាចបញ្ចាំងរូបភាពពណ៌ធម្មជាតិ ភ្លឺច្បាស់ត្រជាក់ភ្នែក ហើយវាទំនងជាផលិតឡើងសម្រាប់គោលដៅអតិថិជន ដែលនិយមលេងហ្គេមដែលទាមទារក្រាហ្វិកកម្រិតខ្ពស់ និងសម្រាប់ការងាររចនា និងកាត់តវីដេអូតែម្តង។

ដោយឡែក វាមានភ្ជាប់មកជាមួយរន្ធដោតខ្សែ USB-C, DisplayPort, រន្ធ HDMI 2.0 ពីរ និងរន្ធ USB 3.0 បី ព្រមទាំងភ្ជាប់មកជាមួយបច្ចេកវិទ្យា AMD FreeSync និងរន្ធបំពងសំឡេង Stereo រួចជាស្រេចផងដែរ៕

មតិយោបល់