ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាជើងចាស់ឯក អមរា មានដំណឹងថាធ្លាក់ខ្លួន

ក្រោយការបង្ហាញខ្លួនយ៉ាងក្រឡឹមរបស់តារាសម្ដែងជើងចាស់ អ្នកនាងឯក អមរា មានប្រភពមួយបានអះអាងថាតារាស្រីរូបនេះ វិលមករស់នៅស្រុកខ្មែរ គឺ ដោយសារតែនាងអ្នកបានលែងលះប្ដី។

អ្វីដែលគេបានព្រលយទៀតនោះ គឺអ្នកនាងពីមុនជានារីសំបូរទ្រព្យណាស់ ប៉ុន្តែដោយសារតែបានចាញ់បោកគេ និងខ្លះបានចាញ់ល្បែង ទើបត្រូវធ្លាក់ខ្លួនជួលផ្ទះគេនៅ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនិតរបស់អ្នកនាងបានច្រានចោល។

លោក គាំ ចន្ធី អ្នករៀបចំកម្មវិធីប្រចាំទូរទស្សន៍អប្សរា និងជាមិត្តជំនិតរបស់អ្នកនាងឯក អមរា បានអះអាងថា អ្នកនាងដ្បិតថាធ្លាក់ខ្លួនមេម៉ាយគ្មានស្វាមីទំនុកបម្រុងក៏ពិតមែន ប៉ុន្តែមិនបានធ្លាក់ខ្លួនជួលផ្ទះគេនៅដូចអ្វីដែលបានលើកឡើងនោះទេ។ លោកថាអ្នកនាងគឺជាម្ចាស់ហាងអ៊ុតសក់ និងសាឡនធំមួយ ហើយមើលទៅជីវភាពមិនខ្វះនោះទេ គឺមិនមែនធ្លាក់ខ្លួនដល់ថ្នាក់ជំពាក់លុយកាក់អ្នកណានោះទេ។ លោកនិយាយថា«អត់ទេអមរា មានធ្លាក់ខ្លួនក្រឯណា គាត់មានរបស់គាត់តើ ផ្ទះក៏មាននៅ ហាងក៏មានរកស៊ី មុខរបរគាត់ធំដុំសឹងអីហ្នឹង!»។

យ៉ាងណាមិញ លោកថាមិនបានដឹងថាហាងដែលអ្នកនាងបើកហាងជាផ្ទះផ្ទាល់ខ្លួន ឬជាផ្ទះជួលគេនោះទេ ដោយលោកនិយាយថារឿងរកស៊ី ទោះអ្នកបើកជំនួញធំប៉ុណ្ណាក៏ជួលកន្លែងគេរកស៊ីដែរ គឺមិនមែនសុទ្ធតែមានផ្ទះផ្ទាល់ខ្លួនទេ។ លោកនិយាយថា«បើរឿងជួលផ្ទះគេបើកហាងប្រហែលជួលមែន តែបើអោយធ្លាក់ខ្លួនជួលផ្ទះគេនៅ អត់មានទេ គាត់មានផ្ទះមានអីត្រឹមត្រូវតើ!»។ លោកថាអ្នកនាងឯក អមរា មិនទំាងខ្វល់ត្រលប់មកការសម្ដែងវិញផង ទើបលោកប្រកាសថារឿងគេថាអ្នកនាងធ្លាក់ខ្លួន ដោយសារល្បែង និងដោយសារចាញ់បោកគេ គឺជារឿងមុសា។

យ៉ាងណាមិញ លោកថាមិនដឹងរឿងស៊ីជម្រៅរបស់អ្នកនានោះទេ ដោយសារតែពេលជួបគ្នាឃើញអ្នកនាងមានឡានជិះ មានហាងរកស៊ី និងមានផ្ទះនៅជាធម្មតា ហើយមិនដែលឃើញមានការប្រែប្រួលជីវភាពធ្លាក់ខ្លួនណាមួយ៕

មតិយោបល់