ព័ត៌មានសិល្បៈ និងកម្សាន្ត

បទបែកស្លុយ ម៉ារ៉ា ប៊ុណ្ណា គេជេរម៉ាទំហឹង!

ខណៈដែលបទIT បែកស្លុយ បានក្លាយជាប្រធានបទក្ដៅ ដែលត្រូវគេឃើញតារា និងមហាជននាំគ្នារាំតាម ហើយក៏ត្រូវគេជេរចង់ផ្អើលហ្វេសប៊ុកច្រើនលើកច្រើនសារហើយនោះ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ក៏ត្រូវគេជេរពេញទំហឹងណាស់ដែរ បន្ទាប់ពីលោកយកចម្រៀងថៃមួយបទនេះទៅបកប្រែច្រៀង ហើយសម្ដែងស្ទីលបែកស្លុយដែលត្រូវគេចាត់ទុកថាជាការពង្វក់កូនខ្មែរដោយវប្បធម៌បរទេស។

ចម្រៀងមួយបទថ្មីរបស់លោកមានចំណងជើងថា«តារាបែកស្លុយ២០១៧» ដោយអត្ថន័យក្នុងចម្រៀងត្រូវបានលោកបកប្រែទាំងស្រុងពីថៃ តែស្ទីលសម្ដែងគឺតាមរបៀបជាតារាIT បែកស្លុយ ដែលតារាខ្មែរ និងមនុស្សមួយចំនួនវ៉ក់រាំតាម ហើយត្រូវគេជេរដោយមិនសំចៃមាត់។ មួយបទរបស់លោកម៉ារ៉ា ប៊ុណ្ណា ត្រូវបានអ្នកលេងហ្វេសប៊ុកចែកគ្នា Share អមដោយការរិះគន់ស្រដៀងគ្នា ជាពិសេសគឺការសង្កត់លើស្ទីលដែលលោកយកមកសម្ដែង និងការចម្លងបទពីបរទេស ដែលខ្មែរភាគច្រើនយល់ថាជារឿងអាប់ឱន។

មួយបទរបស់លោកត្រូវគេរិះគន់ថា ជាការពង្វក់កាន់តែខ្លាំងឲ្យស្ទីលបែកស្លុយរបស់ប្រទេសជិតខាងចូលជ្រៅលើសពីមុនក្នុងសិល្បៈខ្មែរ។ ក្នុងនោះសំឡេងរបស់លោកដែលឡើងមិនដល់តុងនៅចំណុចខ្លះក្នុងបទចម្រៀង ក៏ធ្វើឲ្យទឹកដមសំឡេងដែលធ្លាប់តែទទួលការសរសើររបស់តារារូបនេះត្រូវគេរិះគន់ផងដែរ។ យ៉ាងណាមិញ ក្នុងចំណោមការរិះគន់ក៏មានការសរសើរខ្លះផងដែរថាលោកច្រៀងបានពីរោះ បទចម្រៀងមានអត្ថន័យល្អ បើទោះជាភាគរយនៃការគាំទ្រមានភាគរយតិចជាងការស្ដីបន្ទោស។

លោកម៉ារ៉ា ប៊ុណ្ណា បានចាត់ទុកថាការរិះគន់ជាចលករជួយឲ្យបទរបស់លោកត្រូវបានគេស្គាល់ច្រើន។ មិនខុសពីអត្ថន័យក្នុងបទចម្រៀងនេះ លោកថាមិនខឹង និងគ្មានការតបតណាមួយទៅកាន់អ្នកជេរប្រទិចនោះ ដោយលោកយល់ថាមនុស្ស១០ចិត្ត១០មិនអាចផ្គាប់បាន។ លោកថាលោកមិនមែនជាតារាចម្រៀងកូពីទាំងស្រុងនោះទេ ដ្បិតពេលកន្លងមកលោកក៏ចេញបទនិពន្ធថ្មីផងដែរ។ លោកមិនយល់ថាស្ទីលក្នុងបទចម្រៀងនេះ ជាការពង្វក់មហាជនឲ្យកាន់តែបែកស្លុយនោះទេ ដោយសារតែភាពជាក់ស្ដែងគឺស្ទីលរាំរបស់បទនេះត្រូវគេពេញនិយមរួចទៅហើយ។

គួរបញ្ជាក់ថាចម្រៀងថៃមួយបទនេះត្រូវបានចេញលក់នៅក្នុងប្រទេសថៃច្រើនឆ្នាំមកហើយ តែមិនសូវមានការគាំទ្រនោះទេ គឺទើបតែនិស្សិតបែកស្លុយមួយរូបរបស់កម្ពុជារាំកណ្ដាលកម្មវិធីធ្វើឲ្យគេហួសចិត្ត ហើយត្រូវគេយកមកបង្ហោះដើម្បីរិះគន់ប៉ុណ្ណោះ ក៏ត្រូវគេរាំតាមគ្នាហើយក្លាយជាស្ទីលរាំពេញនិយមផង និងត្រូវគេជេរផង ឡើងផ្អើលហ្វេសប៊ុក។

កាលពីល្ងាចថ្ងៃទី១១ កក្កដា ក្នុងពិធីខួប២ឆ្នាំរបស់ទូរទស្សន៍PNN ក៏ត្រូវគេរិះយ៉ាងចាស់ដៃផងដែរ បន្ទាប់ពីអ្នករៀបចំកម្មវិធីតម្រូវឲ្យតារាថៃ និងអ្នកគាំទ្រខ្មែររាំរែកតាមលំនាំបែកស្លុយនេះដើម្បីទទួលរង្វាន់។ តារាភាគច្រើនដែលបានបង្ហោះឃ្លីបរាំរែកតាមលំនាំនេះកន្លងមក ក៏ត្រូវគេជេរយ៉ាងពេញទំហឹងដូចគ្នា ដោយចាត់ទុកថានេះជាការសាបព្រួសវប្បធម៌ពាលាមួយដ៏អាក្រក់ពង្វក់កូនខ្មែរ។ ដូច្នេះហើយទើបចម្រៀង«តារាបែកស្លុយ2017»របស់លោកម៉ារ៉ា ប៊ុណ្ណា គ្រាន់តែចេញបង្ហោះភ្លាម គឺត្រូវគេជេរតែម្ដងឡើងផ្អើលហ្វេសប៊ុក៕

មតិយោបល់