ព័ត៌មានសិល្បៈ និងកម្សាន្ត

ខាត់ សុឃីម ប្រាប់ពីតំណែងក្នុងរឿង «ឃុនហ្លួងព្រះស្ដេចកន»

ភ្នំពេញ: ក្នុងបទសម្ភាសន៍ជាមួយ Post News តារាចម្រៀងខាត់ សុឃីម ដែលជាម្ចាស់សំអាងការ និងជាម្ចាស់អាជីវកម្មថតរូបតាមសំអាងការល្បីឈ្មោះ បានអះអាងថាខ្សែរឿង «ឃុនហ្លួងព្រះស្ដេចកន» បានផ្ដល់តំណែងឲ្យអ្នកនាង ដើរតួជាភរិយារបស់លោកហោរ៉ាក្នុងវាំង។ បើទោះជាមិនបានសម្ដែងជាតួលេចធ្លោ ក្នុងរឿងតាំងពីដើមដល់ចប់ ប៉ុន្តែនាងប្រាប់ថា គឺជាមោទនភាពមួយដែលបាន ទទួលឱកាសម្ដែងនៅក្នុងរឿងនេះ។

ខាត់ សុឃីម និយាយថាខ្លួនខានថតរឿងតាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយក៏មិននឹកស្មានថាផលិតគឺលោកម៉ៅ អាយុទ្ធ នឹងមានតំណែងឲ្យអ្នកនាងបានសម្ដែងក្នុងរឿង «ឃុនហ្លួងព្រះស្ដេចកន» នោះដែរ ដោយសារតែក្នុងពេលជ្រើសតួ គឺមិនមានវត្តមានរបស់នាង ចូលសម្ភាសន៍។ នាងថាតាមរយៈការបញ្ជាក់គឺនាងនឹងថតរយៈពេល៣-៤ថ្ងៃ នៅក្នុងរឿងនេះ ដោយប្លង់ដែលបានថតហើយមួយចំនួន គឺថតនៅខេត្តសៀមរាប និងមួយចំនួនទៀតគ្រោងថត នៅក្នុងស្ទីូឌីយោនៅភ្នំពេញ។

អ្នកនាងនិយាយថា «ខ្ញុំគិតថាបានថតម៉ារឿងម្ដងទៀត ដូចគាស់ឲ្យគេ នឹកឃើញខ្ញុំក្នុងការសម្ដែងចឹង ព្រោះតាំងពីខ្ញុំរវល់មក ខ្ញុំខានថតរឿងយូរមែនទែន តាំងពីឆ្នាំ២០១១!»។ យ៉ាងណាមិញ នាងថា មិនមានគម្រោងទទួលថតកុន សស្រាក់សស្រាំនោះទេ ដោយសារតែអ្នកនាងក៏មមាញឹក និងកិច្ចការសំអាងការ និងការងារក្នុងសាឡនដែលត្រៀមដំណើរ។

អ្នកនាងទទួលតែរឿងដែលមានរយៈពេលថតតិចថ្ងៃ និងជារឿងដែលនាងយល់ថា សមនិងវ័យរបស់ខ្លួនប៉ុណ្ណោះ ដើម្បីកុំឲ្យចេះ តែទទួលហើយក៏មានការរិះគន់ នៅពេលខ្សែរឿងទាំងនោះចេញផ្សាយ។ អ្នកនាងនិយាយថា «ការពិតមួយរយៈហ្នឹងខ្ញុំរវល់មែនទែន ប៉ុន្តែសម្រាប់រឿងរបស់លោកពូម៉ៅ អាយុទ្ធ ទោះខ្ញុំរវល់ប៉ុណ្ណាក៏ទទួលដែរ ម្យ៉ាងរឿងហ្នឹងជារឿងថ្នាក់ជាតិ និងជារឿងប្រវត្តិសាស្រ្តអីផង!»។

អ្នកនាងថាសកម្មភាពថតរឿង កំពុងបន្ដឡើងយ៉ាងសស្រាក់សស្រាំ ប៉ុន្តែអ្នកនាងមិនបានដឹងថានឹងបញ្ចប់សកម្មភាពថតពេលណានោះទេ។ យ៉ាងណាក៏ដោយ យោងតាមការបញ្ជាក់របស់ផលិតករ កន្លងមក ខ្សែរឿងនេះគ្រោងចំណាយ១លានដុល្លារ និងមានតួសម្ដែងរហូតដល់រាបរយនាក់ ដោយសារតែឈុតឆាកភាគច្រើន បង្ហាញពីសង្គ្រាមរវាងព្រះស្ដេចកន និងព្រះស្រីសុគន្ធបទ។ រឿងនេះជាការផលិតដោយក្រុមហ៊ុន LYP របស់លោកលី យ៉ុងផាត់ និងគ្រោងដាក់បញ្ចាំងតាមរោង៕

photo_2016-05-13_14-05-57 photo_2016-05-13_14-05-58 photo_2016-05-13_14-05-59 photo_2016-05-13_14-06-00 photo_2016-05-13_14-06-00 (2) photo_2016-05-13_14-06-01 photo_2016-05-13_14-06-01 (2)

មតិយោបល់