ព័ត៌មានជាតិ

គណបក្ស ខ្មែររួបរួមជាតិ កំពុងឆ្លៀតឱកាសចុះពង្រីង និងពង្រីកកម្លាំងមូលដ្ឋាន

ភ្នំពេញ:ស្របពេលដែលមានបក្សនយោបាយមួយចំនួន កំពុងលង់លក់ក្នុងសុបិន្តយ៉ាងស្កប់ស្កល់ (យប់យន់សុបិន្តយូរ) ក្នុងការស្វែងរកផលប្រយោជន៍ ពីការបង្កើតបក្ស ក៏មានគណបក្សនយោបាយមួយចំនួនទៀត បាននឹងកំពុងលាបពណ៌ដាក់គ្នា ដើម្បីប្រយោជន៍ស្រូបយកប្រជាប្រិយភាព និងការគាំទ្រផ្នែកនយោបាយ ក៏មានបក្សនយោបាយខ្លះ បាននិងកំពុងចុះធ្វើសកម្មភាពពង្រីកខ្លួនយ៉ាងស្ងៀមស្ងាត់ដែរ។

តួរយ៉ាងក្រុមការងារគណបក្ស ខ្មែររួបរួមជាតិ ដែលមានគោលនយោបាយមិនប្រឆាំង និងមានទំនោរទៅរកបក្សកាន់អំណាច (រាជរដ្ឋាភិបាល) បាននិងកំពុងឆ្លៀតឱកាសចុះពង្រីង និងពង្រីកកម្លាំងមូលដ្ឋាន តាមរយៈការប្រកាសសុពលភាព ដល់សមាជិកសកម្មរបស់ខ្លួនថា្នក់ឃុំ និងស្រុកយ៉ាងស្ងៀមស្ងាត់និងដោយរលូន។ តែយ៉ាងណាមិនទាន់អាចរំពឹងថា ទទួលបានសម្លេងគាំទ្រថ្នាក់ក្រុមប្រឹក្សា ឬក៏អាសនៈក្នុងរដ្ឋសភា នាពេលបោះឆ្នោតឆ្នាំ២០១៧-២០១៨នោះទេ បើទោះជាបេក្ខភាពថ្នាក់ដឹកនាំបក្សនេះធ្លាប់ជាផ្នែកមួយដ៏ធំ នៃការដឹកនាំប្រទេសក្នុងអាណត្តិ មុនៗនិងមានកម្លាំងនៅគ្រប់មូលដ្ឋានក៏ដោយ។

លោក សឹម សុន ប្រធានក្រុមការងារពង្រឹងមូលដ្ឋាន ខេត្តសៀមរាប សមាជិកគណៈកម្មាធិការគ្រប់គ្រងអចិន្ត្រៃយ៍ នៃអគ្គលេខាធិការបក្ស ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បានចុះទៅប្រកាសសុពលភាពរចនាសម្ព័ន្ធឃុំ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។

ថ្លែងទៅកាន់សមាជិករបស់ខ្លួន ក្នុងនាមប្រធានក្រុមការងារពង្រឹងមូលដ្ឋានខេត្តសៀមរាប និងក្នុងនាមថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ បានសម្ដែងនូវការដឹង ព្រះមហាករុណាទិគុណ ឧទ្ទិសថ្វាយព្រះវិញ្ញាណខន្ធសម្ដេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ ព្រះកាយពលដើម្បីបុព្វហេតុទាមទារឯករាជ្យ អធិបតេយ្យភាព ចាប់តាំងពីដើមទស្សវត្សឆ្នាំ១៩៨០រៀងរហូត និងបានប្រោសព្រះរាជទានព្រះរាជបុត្រដ៏ឆ្នើម គ្រងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់បន្តពីព្រះអង្គ។

លោក សឹម សុន បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា នៅមូលដ្ឋានក្នុងស្រុកជីក្រែង ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយស្មារតីស្មោះស្ម័គ្រ គាំទ្រគណបក្សខ្មែររួបរួមជាតិ “បើពុំមានឆន្ទៈមោះមុតទេ ការងាររៀបចំ និងពង្រឹងរចនាសម្ព័ន្ធ មិនសម្រេចបានក្នុងពេលវេលាដ៏ខ្លីបានទេ សកម្មភាពទាំងនេះ ជាការឆ្លុះបញ្ចាំងពីការរីកចម្រើន និងរឹងមាំរបស់គណបក្សខ្មែររួបរួមជាតិ”។

ជាមួយគ្នានេះលោកបានធ្វើការណែនាំ និងផ្ដាំផ្ញើដល់សកម្មជនទាំងអស់ ឱ្យយកចិត្តទុកដាក់ជម្រុញ និងគៀងគរសមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឱ្យបានគ្រប់ៗគ្នា និងត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោត នៅពេលដ៏ខ្លីខាងមុខនេះ៕

photo_2016-05-13_14-41-02 photo_2016-05-13_14-41-01

 

មតិយោបល់