បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយហង្សមាស អ្នកនាង ខាត់ សុឃីម បានអះអាងថាផលិតកម្មមួយនេះ សម្រេចយកបទរបស់អ្នកនាងត្រឹមតែ៥បទប៉ុណ្ណោះ ក្នុងចំណោម១០បទដែលអ្នកនាង និងក្រុមការងារបានផលិតផ្ទាល់ខ្លួនសម្រាប់អបអរចូលឆ្នាំ។ អ៊ីចឹងហើយទើបអ្នកនាងត្រូវតែចំណាយការផលិតបទចំនួន៥ទៀតដែលសល់ ហើយប្រកាសបង្ហោះជាសាធារណៈលើហ្វេសប៊ុក ដើម្បីកុំអោយបទទាំងនោះផ្អូម។
អ្នកនាងខាត់ សុឃីម និយាយថាមុនពេលផលិតកម្មហង្សមាសទទួលអោយអ្នកនាងកុងត្រាផ្ដាច់មុខ អ្នកនាងបានសម្ងំផលិតបទចម្រៀងសម្រាប់ចូលឆ្នាំខ្លួនឯង ដែលសុទ្ធតែជាប្រភេទOriginal Song បានចំនួន១០បទ។ បទទាំងនោះត្រូវអ្នកនាងប្រកាសចេញផលិតជាមួយគ្រួសារតារាកម្ពុជា តែក្រោយត្រូវហង្សមាសកុងត្រា ក៏មានសំណាងបានចេញបទរបស់ខ្លួននៅក្នុងផលិតកម្មហង្សមាសតែម្ដង។ អ្នកនាងថាហង្សមាសបានទទួលបទរបស់អ្នកនាងចំនួន៥ ដល់ឌីសរបស់ខ្លួនសម្រាប់អបអរចូលឆ្នាំ ដោយបទនៅសល់៥ទៀត អ្នកនាងនឹងសហការផលិតជាមួយសមាជិករបស់គ្រួសារតារាកម្ពុជានៅថ្ងៃ២៩ មីនាខាងមុខ។ អ្នកនាងបទទាំងនោះ និពន្ធឡើងក្នុងបំណងរាំលេងសម្រាប់ចូលឆ្នាំទាំងអស់ ដូច្នេះបើហង្សមាសទទួលយកទៅផលិតតែ៥ គឺសល់៥ទៀតអ្នកនាងត្រូវតែចំណាយផលិតខ្លួនឯង។ អ្នកនាងរំពឹងថានឹងមានបទចំនួនលេចធ្លោក្រោយពេលចេញលក់ និងបង្ហោះលើហ្វេសប៊ុក ដោយសារតែបទទាំងនោះសុទ្ធតែមានចង្វាក់ភ្លេង និងខ្លឹមសារល្អ កន្ទ្រាក់ទីផ្សារ។ យ៉ាងណាមិញ អ្នកនាងសន្ទុះគាំទ្រ ឬមិនគាំទ្រ មិនមែនអាស្រ័យលើការរំពឹងទុកនោះទេ តែអាស្រ័យលើកម្រិតគាំទ្ររបស់មហាជនប៉ុណ្ណោះ។ អ្នកនាងនឹងត្រៀមតារាច្រើននាក់សម្រាប់ថតMV ដែលនៅសល់ក្រោយពីហង្សមាសសម្រាំងយក ដោយទីតាំងថតនៅថ្ងៃទី២៩ មីនា នោះគឺស្ថិតនៅផ្ទះឪពុកម្ដាយរបស់អ្នកនាងនៅភ្នំបាសិតតែម្ដង។ អ្នកនាងថា ខ្លួនជ្រើសទីតាំងផ្ទះកំណើតធ្វើជាកន្លែងថតបទចម្រៀង គឺដើម្បីអោយរំលឹកអនុស្សាវរីយ៍ផង និងដើម្បីអោយបងប្អូនតារាសិល្បៈ បានស្គាល់ផ្ទះអ្នកនាងនោះផង។ អ្នកនាងថាបទទាំង១០ដែលអ្នកនាងបានផលិតខាងហង្សមាសពេញចិត្តទាំងអស់ តែបណ្ដាលមកពីការចចារទើបតែកើតមានក្រោយ ទើបដាក់មិនទាន់ ហើយអាចប្រជ្រៀតចូលតែ៥បទជាមួយតារាចម្រៀងផ្សេងទៀត៕
មតិយោបល់